ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារគ្រោងបង្កើតក្រុមការងារចំពោះកិច្ចចុះធ្វើកិច្ចសហការជាមួយរដ្ឋបាលខេត្តរតនគិរី ដើម្បីរកដំណោះស្រាយបញ្ហាជម្លោះដីធ្លីនៅពន្ធនាគារខេត្តរតនគិរីក្នុងពេលដ៏ខ្លីខាងមុខ។
ការគ្រោងបង្កើតក្រុមការងារចំពោះកិច្ចនេះធ្វើឡើង ក្រោយពីមានការចេញផ្សាយបែបអត្ថាធិប្បាយមួយតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ របស់សារព័ត៌មាន “ជីវិតនិងកីឡាស្ដីពីករណីវិវាទ ដីធ្លី១កន្លែងនៅពន្ធនាគារខេត្តរតនគិរី ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី និងបានស្រាយបំភ្លឺពីអគ្គនាយកដ្ឋានពន្ធនាគារ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងនៅថ្ងៃទី៤ ខែមករាថា ការសម្រេចបង្កើតក្រុមការងារថ្មីនេះ មិនចំណាយពេលយូរទេ តែសំខាន់គឺការអនុវត្តការងារថាតើត្រូវមានយន្តការរបៀបណា មានយុទ្ធសាស្ត្រយ៉ាងណាគឺត្រូវពិនិត្យទៅតាមបទដ្ឋានច្បាប់ និងនីតិវិធី។លោកបញ្ជាក់ថា ចំពោះសមាសភាពចូលរួមក្នុងក្រុមការងារថ្មីនេះលោកក៏នៅមិនទាន់ដឹងច្បាស់ដែរ ពោលគឺត្រូវមើលទៅតាមតម្រូវការស្ថានភាពជាក់ស្តែង។
លោកថ្លែងថា៖«ការងារលម្អិតខ្ញុំមិនទាន់អាចជម្រាបបានទេ ជាក់ស្តែង ទី១ សមាសភាពក្រុមការងារ ទី២ យន្តការការងារ ហើយទី៣គឺកិច្ចសហប្រតិបត្តិការជាមួយខាងរដ្ឋបាលខេត្ត និងអាជ្ញាធរ តុលាការ តើយើងត្រូវធ្វើរបៀបម៉េច អាហ្នឹងគេមានយុទ្ធសាស្ត្ររបស់គេ» ។
លិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារចុះថ្ងៃទី៣ ខែមករា បានបញ្ជាក់ថា ការការពារទ្រព្យសម្បត្តិសាធារណៈដែលគ្រប់គ្រងដោយពន្ធនាគារខេត្តឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់មន្ត្រីមានសមត្ថកិច្ច។ ដូច្នេះទង្វើរបស់លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុក គឹមជន ប្រធានពន្ធនាគារ និងលោកស្រី ឆោម ស្រីពេជ្រ អនុប្រធានពន្ធនាគារ ខេត្តរតនគិរី ដែលបាននិងកំពុងតស៊ូយ៉ាងស្វិតស្វាញតាមផ្លូវតុលាការជាមួយមនុស្សមួយក្រុមដែលកំពុងធ្វើសកម្មភាពគ្រប់រូបភាពរួមទាំងសកម្មភាពផ្សព្វផ្សាយព័ត៌មានដែលមានចរិតលម្អៀងចោទប្រកាន់លាបពណ៌ មកលើមន្ត្រីស្អាតស្អំផង។
ប្រភពដដែលបន្តថា តើការផ្សាយព័ត៌មានបែបអត្ថាធិប្បាយដៀមដាមរបស់សារព័ត៌មាន“ជីវិតនិងកីឡា”ដោយប្រើពាក្យហៅមន្ត្រីសាធារណៈស្អាតស្អំដែលខិតខំបំពេញតួនាទីរបស់ខ្លួនថាជា“អ្នកស្នេហាជាតិគ្មានអ្នកណាធ្វើដូចនោះមានន័យដូចម្តេច ឬសារព័ត៌មាន“ជីវិតនិងកីឡា” យល់ថា នៅកម្ពុជាយើងបច្ចុប្បន្នគ្មានទេមន្ត្រីដែលស្នេហាជាតិពិតប្រាកដ?ក្នុងនាមអង្គភាពសាធារណៈ អគ្គនាយកដ្ឋានពន្ធនាគារតែងជំរុញលើកទឹកចិត្តការផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយដោយផ្អែកលើមូលដ្ឋាន និងប្រភពច្បាស់លាស់។
ក្នុងលិខិតបញ្ជាក់ថា«យើងក៏សូមបញ្ជាក់ទៅសារព័ត៌មាន"ជីវិតនិងកីឡាថាការពឹងផ្អែកលើព័ត៌មានដែលមានមូលដ្ឋានតែមួយជ្រុង ដោយធ្វើការអត្ថាធិប្បាយបកស្រាយបែបលម្អៀង ក្លែមសម្ដី និងសម្ភាសតែភាគីម្ខាងមិនមែនជាទង្វើប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានឡើយ ផ្ទុយទៅវិញជាសារព័ត៌មានបែបញុះញង់ដែលអាចបង្កឱ្យមានការយល់ច្រឡំធ្ងន់ធ្ងរពីសំណាក់សាធារណជន»។
អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានធ្វើការបំភ្លឺជាសាធារណៈថា ទីតាំងពន្ធនាគារខេត្តរតនគិរីដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅភូមិ៧ មករា សង្កាត់ឡាបានសៀក និងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានផ្ទៃដីសរុបចំនួន ៦៣ ៤២៥ម៉ែត្រការ៉េ។ ដើមឡើយត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត ក្រុង សម្រេចប្រគល់ជូនអង្គភាពពន្ធនាគារ(សម័យរដ្ឋកម្ពុជា)ខេត្តរតនគិរី ដោយចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ស្របច្បាប់លេខ AA109 តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយបញ្ជាក់ថា មានទីតាំងស្ថិតនៅភូមិ៣ ឃុំឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី។
ការសម្រេចនោះទៀតសោតគឺផ្អែកលើសេចក្តីសម្រេចលេខ ៩៣សសរ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ១៩៨៧ របស់ក្រសួងមហាផ្ទៃ។ លុះដល់ឆ្នាំ២០០៤ រដ្ឋបាលខេត្តរតនគិរីបានយកប្លង់ដីពន្ធនាគារខេត្តដែលមានទំហំ៦៣ ៤២៥ ម៉ែត្រការ៉េនោះទៅចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋស្របច្បាប់ និងមានការទទួលស្គាល់ពីមន្ទីរ ដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត។
លុះក្រោយមក តាមរយៈអនុក្រឹត្យលេខ១០៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលទីតាំងពន្ធនាគារខេត្តត្រូវបានប្តូរពីភូមិ៣ មកជាភូមិ៧ មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ទីតាំងខាងលើជាប្រភេទដីសាធារណៈដែលជាសម្បត្តិរដ្ឋ ស្ថិតក្រោមការគ្រប់គ្រងតស៊ូការពារយ៉ាងក្រាញននៀលពីសំណាក់យុទ្ធជនជាមន្ត្រីពន្ធនាគារតាំងពីឆ្នាំ១៩៨៦ ព្រោះជាមុខសញ្ញាទីតាំងវាយលុកជាញឹកញាប់របស់ទាហានខ្មែរក្រហមដើម្បីមករំដោះអ្នកទោសក្នុងសម័យសង្គ្រាម និងពុំមានប្រជាជនស៊ីវិលណាមកតាំងលំនៅ និងអាស្រ័យផលក្រៅពីមន្ត្រីដែលត្រូវប្រចាំការនៅទីនោះឡើយ។
ក្នុងសាលក្រមលេខ ០២ ខែកក្កដា ឆ្នាំ២០១៣ ចុះថ្ងៃទី២២ (ក) របស់សាលាដំបូងខេត្តរតនគិរីពាក់ព័ន្ធសំណុំរឿង លេខ០១ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ក៏បានទទួលស្គាល់ភ័ស្តុតាងជាបណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី លេខ AA109 ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ក៏ដូចជាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់សាលាខេត្តរតនគិរីប្រចាំឆ្នាំ២០០៤និងឆ្នាំ២០០៩ បញ្ជាក់ថា ដីពន្ធនាគារខេត្តរតនគិរី ទំហំ៦៣៤២៥ម៉ែត្រការ៉េ ជាទ្រព្យសម្បត្តិរបស់រដ្ឋ។
បន្ថែមលើនេះក្នុងប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ៥២០២ ប្រក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចែងថា៖ អគ្គនាយកដ្ឋានពន្ធនាគារ ពន្ធនាគារខេត្ត រតនគិរី ត្រូវទទួលបន្ទុកក្នុងការធ្វើប័ណ្ណកម្មសិទ្ធិលើដីទំហំ ៦៣ ៤២៥ម៉ែត្រការ៉េ និងអគារ៣ខ្នងស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី៕