ភ្នំពេញៈ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ជំរុញឱ្យកម្ពុជាផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស ខណៈកម្ពុជាបានសម្រេចនូវសមិទ្ធផលដ៏ធំមួយឆ្ពោះទៅចូលជាសមាជិកនៃសន្ធិសញ្ញាម៉ារ៉ាកេស ក្នុងឱកាសទិវាអក្សរប្រៃយ៍ពិភពលោក។
សន្ធិសញ្ញាម៉ារ៉ាកេសជាសិន្ធិសញ្ញាដែលចែងពីសិទ្ធិរបស់ជនមានពិការភាពដែលរដ្ឋភាគីត្រូវរកមធ្យោបាយដើម្បីជំរុញឱ្យជនពិការភ្នែកអាចអានឯកសារបោះពុម្ព និងឯកសារនានាដើម្បីប្រយោជន៍ររបស់ពួកគេ។ នៅក្នុងឱកាសអបអរទិវាអក្សរប្រៃយ៍ពិភពលោកដែលធ្វើឡើងថ្ងៃទី៤ ខែមករា UNDPបានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងសម្រេចបានវឌ្ឍនភាពផងដែរនៃសន្ធិសញ្ញាម៉ារ៉ាកេស ដែលត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល។
UNDPបានបញ្ជាក់«សេចក្តីព្រាងច្បាប់នេះ មានបញ្ញត្តិស្របតាមសន្ធិសញ្ញាម៉ារ៉ាកេស ហើយបច្ចុប្បន្នកំពុងពិនិត្យដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បន្ទាប់ពីការអនុម័តលើឯកសារវិសោធនកម្មនេះ នឹងនាំឱ្យកម្ពុជាទៅកាន់តែកៀកនឹងការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស។យូអិនឌីភី នឹងជំរុញឱ្យមានការដាក់បញ្ចូលសន្ធិសញ្ញាម៉ារ៉ាកេសទៅក្នុងសេចក្តីព្រាងច្បាប់នេះ ក៏ដូចជាទៅក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ របស់កម្ពុជា»។
UNDP បញ្ជាក់ថា ខ្លួននឹងបន្តផ្តល់ការគាំទ្រដល់ការផ្តល់សច្ចាប័ន និងការអនុវត្តសន្ធិសញ្ញានេះ ដូចជា តាមរយៈការបង្កើតក្រុមការងារបច្ចេកទេសទទួលបន្ទុកសន្ធិសញ្ញាម៉ារ៉ាកេស ដែលចូលរួមសម្របសម្រួលដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជាស្ថាប័នទទួលខុសត្រូវលើការអនុវត្តច្បាប់សិទ្ធិអ្នកនិពន្ធនិងក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាស្ថាប័នបង្គោលទទួលបន្ទុកកិច្ចការពិការភាពរបស់ប្រទេសកម្ពុជា។
ប្រធានក្រុមយុវជនពិការភ្នែកជំនាន់ថ្មី(Blind New Generation) គឺលោក វិន វិចិត្រ បានប្រាប់ថា ជារួមសន្ធិសញ្ញាម៉ារ៉ាកេសនេះ សម្រាប់រូបលោកគឺមិនទាន់ដឹងទេ ប៉ុន្តែបច្ចុប្បន្ននេះលោក មានការពិបាកដើម្បីស្វែងរកឯកសារដែលមានអក្សរស្ទាបក្នុងការអាន ពីព្រោះឯកសារនៅក្នុងបណ្ណាល័យភាគច្រើនស្ទើរតែមិនមានអក្សរស្ទាបសម្រាប់ជនមានពិការភាពឡើយ។
លោក វិន វិចិត្រ ថា៖ «យើងមានការពិបាកណាស់ក្នុងការស្វែងរឯកសារអានដែលមានអក្សរស្ទាប ពីព្រោះអក្សរស្ទាបនេះ វាមិនមានភាពទូលំទូលាយទេ ហើយក៏មិនអាចចេះតែរកបានតាមបណ្ណាគារ បណ្ណាល័យអីបានដែរ ដូច្នេះយើងមិនមានឯកសារអានដូចមនុស្សទូទៅឡើយ»។
លោកបន្តថា ការដែលជនមានពិការភាពមិនអាចទទួលបានព័ត៌មានដោយសារតែឯកសារនិងគោលនយោបាយជាច្រើនបានតាក់តែងឡើងដោយមិនបានគិតគូរពីតម្រូវការរបស់ក្រុមជនមានពិការភ្នែក។លោកបន្ថែមថា ទាំងនេះហើយ ដែលធ្វើឱ្យជនមានពិការភាពបាត់បង់ឱកាសក្នុងការចូលរួមក្នុងវិស័យអប់រំ មុខរបរ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញានេះកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ ក្នុងចំណោមប្រទេសតែ២គត់នៅអាស៊ានដែលបានចុះហត្ថលេខាលើសន្ធិសញ្ញា Marrakeshនេះ ដែលជាការបង្ហាញការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព ទាំងនៅថ្នាក់ជាតិ និងជាសកល។ កម្ពុជាពុំទាន់បានផ្ដល់សច្ចាប័នដល់សន្ធិសញ្ញានេះនៅឡើយទេដែលនេះគឺជាជំហានដ៏ចាំបាច់មុនពេលដែលប្រទេសនេះអាចចូលរួមជាផ្លូវការនៅក្នុងសន្ធិសញ្ញា។
សន្ធិសញ្ញាម៉ារ៉ាកេស (Marrakesh)បានផ្ដល់ប្រយោជន៍ដូចជាជនមានពិការភាពដែលមិនអាចអានឯកសារបោះពុម្ពជាច្រើននាក់ នឹងទទួលបានផលប្រយោជន៍ពីសន្ធិសញ្ញានេះក៏ដូចជាសិស្សនិស្សិតដែលចង់រៀនភាសាអង់គ្លេស ឬភាសាផ្សេងទៀត ដែលចាប់អារម្មណ៍ចង់រៀនអក្សរសាស្ត្របរទេស ឬឯកសារស្រាវជ្រាវវិទ្យសាស្ត្រថ្មីៗ ដែលអាចរកបានពីបណ្ណាល័យនៅក្នុងប្រទេសផ្សេងទៀត៕