ភ្នំពេញៈ វិស័យ​កសិកម្ម ត្រូវបាន​ចាត់ទុកថា ជា​វិស័យ​ចម្បង​មួយ​ក្នុងចំណោម​វិស័យ​ចម្បងៗ ជាច្រើន​ទៀត ដែល​អាចជួយ​ស្តារ​សេដ្ឋកិច្ចកម្ពុជា ស្រប​ពេលដែល​ក្រសួង​នេះ បានបង្ហាញ​ពី​ប្រព័ន្ធ​ផលិតកម្ម​ថ្មី ដោយ​ផ្តោតលើ​ការជំរុញ​ខ្សែចង្វាក់​ផលិត​កម្ម​ផលិតផល​កសិកម្ម​គន្លឹះ ដើម្បី​ពង្រីក​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់តែខ្លាំង​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​នៅក្នុង​ស​ន្និ​សីទ​សារព័ត៌មាន​ស្តីពី «​ទស្សន​ទាន​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​»​ នា​ព្រឹក​ថ្ងៃទី​ ៥ មករា ថា គោល​ដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម គឺ​ត្រូវ​បង្កើន​ការនាំចេញ​កសិផល​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព តាមរយៈ​ការលើកកម្ពស់​ផលិត​ភាព​ផលិតកម្ម បង្កើន​តម្លៃបន្ថែម និង​ពង្រីក​ការប្រកួតប្រជែង​ទីផ្សារ​។

​កាលពីមុន​ការកំណត់​លើ​ការពង្រឹង​សន្តិសុខ​ស្បៀង​កម្ពុជា​នៅតែ​ជា​បច្ចុប្បន្នភាព ប៉ុន្តែ​លោក​ ឌិ​ត ទីណា​ថា លើសពីនេះ​បច្ចុប្បន្ន​ក្រសួង​ក៏បាន​បែង​ចែកចេញជា​ ២​ គឺ​ខ្សែចង្វាក់​ទីផ្សារ​ក្នុងស្រុក និង​ទី​២ ខ្សែ​​ចង្វាក់​ទីផ្សារ​នាំ​ចេញទៅ​ក្រៅប្រទេស​។ ក្នុងន័យនេះ លោក​បញ្ជាក់ថា សម្រាប់​ខ្សែចង្វាក់​ទីផ្សារ​ក្នុងស្រុក ក្រសួង​នឹង​ផ្តោតលើ​ទស្សនទាន​ថ្មី លើ​ការ​រក្សា​ស្ថិរភាព​តម្លៃ មិនឱ្យ​កើនឡើង និង​មិនឱ្យ​ធ្លាក់ចុះ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង ទាំង​អ្នក​ទទួលទាន អ្នក​ផលិត និង​អ្នក​ចែកចាយ​។​

​ដោយឡែក​សម្រាប់​ខ្សែចង្វាក់​ទី​២ គឺ​ខ្សែចង្វាក់​ទីផ្សារ​នាំចេញ​ទៅ​ក្រៅប្រទេស​វិញ យុទ្ធសាស្ត្រ​របស់​ក្រសួង​គឺ​ជំរុញ​ការនាំចេញ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​និង​លក់បាន​តម្លៃ​ខ្ពស់​ដែល​ហៅថា ផលិតផល​គន្លឹះ​ឬ​ផលិត​ផល​ប្រណីត​។

ដោយ​ផ្អែកលើ​ទស្សនទាន​នេះ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា​៖ «​ក្រសួង​នឹង​ផ្តោតលើ​ផលិតកម្ម​មួយ​ដែលជា​ផលិតផល​គន្លឹះ​ដោយ​ក្រសួង​នឹង​យក​បទពិសោធន៍​ជោគជ័យ​នៃ​ផលិតផល​ម្រេច​កំពត យកមក​ពិនិត្យ វាយតម្លៃ និង​រៀបចំ​ទៅនឹង​ស្ថានភាព​នៃ​ផលិតផល​ផ្សេងៗ​ទៀត ដូចជា កៅស៊ូ អង្ករ ស្វាយចន្ទី​»​។​

​លោក ឌិ​ត ទីណា បាន​បន្ថែមថា​៖ «​ហេតុនេះ​យើង​មិនចាំបាច់​ផលិត​ដោយ​យក​ចំនួន​បរិមាណ​ច្រើន ដើម្បី​យកទៅ​ប្រកួតប្រជែង​ជាមួយ​គេ​នោះទេ យើង​ស្រមៃ​ឃើញថា យើង​ត្រូវ​ផលិត​ក្នុង​បរិមាណ​ល្មម តែមាន​គុណភាព និង​លក់​ឱ្យបាន​ថ្លៃ​ជាងគេ​យក​ផលចំណេញ​ជា​គោល​។ អ៊ីចឹង​ទីផ្សារ​ក្នុងស្រុក​យើង​រក្សា​ថ្លៃ និង​ទីផ្សារ​ស្រុក​គេ​យើង​លើក​តម្លៃ​»​។

​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ ក្រសួងកសិកម្ម នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម ដើម្បី​ជំរុញ​លទ្ធភាព​ផ្សព្វផ្សាយ​ផលិតផល​គន្លឹះ ដើម្បី​បើក​ច្រក​ទីផ្សារ​នាំចេញ​ទៅកាន់​ទីផ្សារ​នានា ពិ​សេស​ទីផ្សារសេរី​ផងដែរ​។

​យ៉ាងណាមិញ លោក​ ឌិ​ត ទីណា ទាមទារ​ឱ្យមាន​ការចូលរួម និង​ប្រមូល​ផ្តុំគ្នា​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​រចនាសម្ព័ន្ធ​មួយ តាំងពី​អ្នក​ផ្គត់​​ផ្គង់​វត្ថុធាតុដើម អ្នក​ផលិត​អ្នក​ចែកចាយ អ្នក​កែច្នៃ និង​រហូត​អ្នកប្រើប្រាស់​ថែមទៀត​។​

​បើតាម​ក្រសួងកសិកម្ម ក្នុង​រយៈពេល​ ១០​ ខែ ពោលគឺ​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ចំណូល​ពី​ការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ជាង ៣ ​ពាន់​លាន​ដុល្លារ (៣ ០៦៩ ៩៧២ ៣៤៩​ ដុល្លារ​អាមេរិក​)​។

​ក្នុងនោះ​រួមមាន​ចំណិត​ដំឡូង​មី​ក្រៀម មាន​ចំនួន ១ ៦៧០ ០៩០ ​តោន​, ម្សៅដំឡូង​មី មាន​ចំនួន ៥២ ០៩៣​ តោន​, កាក​សំណល់​ដំឡូង​មី​មាន​ចំនួន ៩ ១៧៩​ តោន​, គ្រាប់ស្វាយចន្ទី​ឆៅ មាន​ចំនួន ៤៦៩ ៥១៥ តោន​, គ្រាប់ស្វាយចន្ទី​កែច្នៃ មាន​ចំនួន ៥៩៩ តោន​, គ្រាប់​ពោត មាន​ចំនួន ១៥៤ ៩៤៨ តោន​, គ្រាប់​សណ្ដែកបាយ មាន​ចំនួន ៣៥ ០២៥ តោន ,​គ្រាប់​សណ្តែកសៀង មាន​ចំនួន ១១៥ ៩៣៥​ តោន​, ផ្លែ​ចេក​ស្រស់ មាន​ចំនួន ៣២៥ ៨៥៩ តោន​, ផ្លែស្វាយ​ស្រស់ មាន​ចំនួន ១៣៨ ៣៧៧ តោន​, ដំណាប់​ស្វាយ មាន​ចំនួន ១៥ ៨១៦ តោន​, ដូងប្រេង មាន​ចំនួន ៥៤ ៨៧៨ តោន​, ម្រេច មាន​ចំនួន ៧ ៧០៤ តោន​, ថ្នាំជក់ មាន​ជាង ៥ ៦៩៧ តោន និង​បន្លែ​ចម្រុះ មាន​ជាង ៨០​ តោន​។​

លោក ឌិត ទីណា ក្នុងសន្និសីទកាសែតនៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៥ ខែមករា។ រូបថត ហុង មិនា

​កាលពីពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​ក្តី​រំពឹងថា នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ ផលិតផល​ក្នុងស្រុក​សរុប ឬ GDP សម្រាប់​មនុស្ស​ម្នាក់ នឹង​ឡើងដល់ ជិត​ ២​ ពាន់​ដុល្លារ ខណៈ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​កើន​ដល់ ៦,៦ ​ភាគរយ ផងដែរ​។​

​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក៏បាន​លើកឡើង​ផងដែរ​ថា នឹង​លុបបំបាត់​ឈ្មួញកណ្តាល​ដែល​មិនបាន​ការចេញ ព្រោះនេះ​ជា​ចំណុច​សំខាន់​ក្នុងការ​កាត់បន្ថយ​ការចំណាយ និង​រៀបចំ​ប្រព័ន្ធ​ខ្សែចង្វាក់​ផលិត​កម្ម​ឱ្យមាន​ប្រសិទ្ធភាព​។

​លោក​ថា ឈ្មួញកណ្តាល ​គឺ​សំដៅ​ដល់​អ្នក​ទិញដូរ ប៉ុន្តែ​ចុងក្រោយ​ការ​ប្រើប្រាស់​ពាក្យ​ឈ្មួញកណ្តាល​នេះ ធ្វើឱ្យមាន​ការទម្លាក់​ត​ម្លៃ​នៃ​មនុស្ស និង​ការងារ​ដែល​គាត់​ធ្វើ ហេតុនេះ​ក្នុងការ​ពិនិត្យ​រៀបចំ​ទស្សនទាន​ថ្មី មិន​ហៅថា ឈ្មួញកណ្តាល​ទេ តែ​ពួកគាត់​សុទ្ធតែជា​តួអង្គ​ផ្សេងៗ ដែល​នៅក្នុង​ខ្សែ​​ចង្វាក់​ផលិតកម្ម​ជួយ​ឱ្យ​ខ្សែចង្វាក់​នេះ​ដំណើរការ​ទៅបាន​ល្អ​មិន​ស្ទះ​។

​លោក​លើកឡើងថា ជំនួស​ការហៅ​ថា ឈ្មួញកណ្តាល​យើង​អាច​ថា អ្នកជំនួញ ឬក៏​អ្នក​ដឹក​ជញ្ជូន ដែលជា​ផ្នែក​មួយ​សំខាន់​ណាស់​សម្រាប់​កសិករ​ដើម្បី​បញ្ចេញ​ផលិតផល​ចេញទៅ ប៉ុន្តែ​អ្វីដែល​ហៅថា កាត់បន្ថយ ឬ​កាត់ចេញ​នូវ​របស់​ដែល​អត់​ប្រ​យោជន៍​នេះ គឺពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ ២ ​គឺ ទី​១ ​បញ្ហា​ព័ត៌មាន​មួយចំនួន និង​ទី​២ ​គឺពាក់ព័ន្ធ​នឹង បញ្ហា​នៃ​អាជ្ញាប័ណ្ណ ដែល​គ្មាន​សកម្មភាព​។

​លោក​ថ្លែងថា​៖ «​ទាំង​ ២ ​ហ្នឹង​វា​មាន​អ្នកខ្លះ​គាត់​រកស៊ី​ក្រដាស អាហ្នឹង​ទៅ​ថ្ងៃមុខ​លែងមាន​ហើយ បើ​គាត់​មាន​ក្រដាស​ជា​លិខិតអនុញ្ញាត​ជា​អាជ្ញាប័ណ្ណ​ជា​អី​ណាមួយ​គឺ​ពីក្រោយ​គាត់​ត្រូវធ្វើ​ការងារ​ជាក់​ស្តែង​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ពិតប្រាកដ​»​។

​លោក​បាន​គូស​​បញ្ជាក់ថា ការទទួលបាន​អាជ្ញា​ប័ណ្ណ​ហើយ​ទៅ​ជួល​បន្ត ឬ​ធ្វើ​អ្វី​ផ្សេង នោះ​មានន័យថា អាជ្ញា​បណ្ណ​នោះ​បង្កើត​នូវ​បន្ទុក​បន្ថែម​ក្នុងការ​ចំណាយ ដែល​ប្រភេទ​នេះ ក្រសួងកសិកម្ម មិនឱ្យ​កើតមាន​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​បន្តទៀត​នោះទេ​។

​ក្រសួងកសិកម្ម​គ្រោង​រៀបចំ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មួយ ដែល​អាច​ភ្ជាប់​អ្នក​ផលិត និង​អ្នកទិញ​ជាមួយគ្នា ហើយ​អាច​បង្កើតជា App មួយ​ដោយ​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ App ថ្មី​នេះ នឹង​ប្រមូលបាន​នូវ​ព័ត៌មាន​មួយចំនួនធំ​សម្រាប់​បណ្តាញ​ទាំងមូល​។

​មានន័យថា នៅ​មុនពេល​ប្រជាពលរដ្ឋ​រៀបចំ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ណាមួយ​នោះ គាត់​អាចធ្វើ​ការផ្សាយ​ជាមុន ហើយ​នៅពេល​ដំណាំ​លូតលាស់​ជា​បន្តបន្ទាប់​ប្រជា​កសិករ​ក៏​អាច​ថត​បង្ហាញ​ពី​ទីតាំង ប្រាប់​ពី​ចំនួន​ទិន្នផល ដែល​ប៉ាន់​ប្រមាណ​ទុក និង​ពេលវេលា​ប្រមូល​ផល នោះ​អ្នកទិញ​ផលិត​ផល​កសិកម្ម នឹង​ទៅ​សួរនាំ​ជាមុន​មិន​ខាន​។

​លោក​ ហ៊ុន សែន​ បានបង្ហាញ​ការ​រំពឹងថា វិស័យ​សំខាន់ៗ​ចំនួន​ ៣ រួមមាន វិស័យ​ឧស្សាហកម្ម​,​វិស័យ​សេវាកម្ម និង​វិស័យ​កសិកម្ម នឹង​ជួយ​គាំទ្រ ហើយ​រុញច្រាន​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ឆ្នាំ​ ២០២៣​។ រដ្ឋាភិបាល​ក៏បាន​រំពឹង​ដែរ​ថា វិស័យ​កសិកម្ម​កម្ពុជា នឹង​នៅ​បន្ត​និន្នាការ​កើនឡើង ក្នុង​អត្រា​ ១,១​ ភាគរយ ក្នុង​ឆ្នាំ​ ២០២៣ ធៀប​នឹង​ ០,៧ ​ភាគ​រយ ក្នុង​ឆ្នាំ​ ២០២២ ដោយសារ​ការរំពឹងទុក​លើ​ការបន្ត​រក្សា​កំណើន​ល្អប្រសើរ​នៃ​អនុវិស័យ​ដំណាំ និង​ចិញ្ចឹមសត្វ ស្រប​ពេលដែល​អនុវិស័យ​នេសាទ​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​។​

​ជុំវិញ​ការជំរុញ​ផលិតកម្ម​លើ​ផលិតផល​គន្លឹះ ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​ផលិតផល​ក​សិ​កម្ម និង​ជំរុញ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​អ្នកជំនាញ​សេដ្ឋ​​កិច្ច​មួយចំនួន​បាន​ជំរុញ​ឱ្យ​រាជ​​រដ្ឋាភិបាល ពិសេស​ក្រសួងកសិកម្ម ត្រូវតែ​ផ្តោតលើ​ការបណ្តុះ​​បណ្តាល​ពី​បច្ចេកទេស​ដាំ​ដុះ​តាមបែប​ទំនើប​ថ្មី​ដល់​ប្រជាពលរដ្ឋ និង​ពង្រឹងគុណភាព​លើ​ផ្នែក​សេវាកម្ម​បន្ថែមទៀត ព្រោះ​ទំហំ​នៃ​ការផលិត​លើ​ផលិត​កសិកម្ម ឬ​សិប្បកម្ម​របស់​កម្ពុជា​នៅមាន​ទំហំ​តូច​នៅឡើយ​៕

វីដេអូ៖