ភ្នំពេញៈ យ៉ាងហោចណាស់វត្តនៅរាជធានីភ្នំពេញចំនួន ៩០ ត្រូវបានចុះបញ្ជីជាទីតាំងវត្តបុរាណដែលមានសំណង់អគារបុរាណដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិសម្រាប់ការការពារ និងអភិរក្ស។ក្រោយកើតមានភាពមិនប្រក្រតីជុំវិញការវាយកម្ទេចកុដិបុរាណចំនួន ៣ នៅវត្តឧណ្ណាលោម និងការប៉ុនប៉ងវាយកម្ទេចចេតិយបុរាណដែលមានក្បូរក្បាច់រចនាលម្អស្អាត ប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញ លោក ជុំ វុឌ្ឍី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រហូតមកដល់ពេលនេះ មន្ទីរវប្បធម៌រាជធានីភ្នំពេញបានចុះបញ្ជីសំណង់នៅទីតាំងវត្តចំនួន ៩០ ក្នុងចំណោមវត្តទាំង ១៥០ កន្លែងនៅទីក្រុងភ្នំពេញ។
បើតាមការអះអាងរបស់ប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញ មុនឈានទៅដល់ការចុះបញ្ជីសំណង់ណាមួយជាសម្បតិ្តបេតិកភណ្ឌជាតិ មន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈតែង បានប្រជុំ ពិភាក្សាជាមួយគណៈកម្មការ និង ព្រះចៅអធិការវត្តយ៉ាងច្បាស់កំណត់អត្តសញ្ញាណសំណង់ មុនឈានទៅដល់ការចុះបញ្ជីជាផ្លូវការ។
លោក ជុំ វុឌ្ឍី បញ្ជាក់ថា៖ «៩០ វត្តនេះ សុទ្ធតែគណៈកម្មការវត្ត និងព្រះចៅអធិការវត្តបានដឹងរួចអស់ហើយថា កុដិណា ឬចេតិយណា គឺដឹងអស់ហើយ។ យើងនៅតែធ្វើ សាលាកបត្របន្ថែមពីលើ ១ ទៀត ព្រោះយើងដឹងគោលដៅ និងដឹងអត្តសញ្ញាណសំណង់នោះអស់ហើយ»។
លោក វុឌ្ឍី បានបន្តថា ករណីវត្តឧណ្ណាលោម គឺត្រូវបានចុះបញ្ជីវត្តទាំងមូលជាសម្បត្តិបេតិកភណ្ឌជាតិតាំងពីខែឧសភា ឆ្នាំ ២០១៧ ដោយសារទីតាំងវត្តនោះមានសំណង់បុរាណច្រើនរហូតដល់ ៦០ ទៅ ៧០ ភាគរយនៃសំណង់នានានៅក្នុងវត្ត។
លោក វុឌ្ឍី និយាយថា៖ «ដោយសារយើងដាក់វត្តទាំងមូលហើយ រាល់សំណង់ទាំងឡាយនៅក្នុងវត្តដែលចង់ធ្វើអ្វីត្រូវផ្តល់ព័ត៌មានមកកាន់មន្ទីរវប្បធម៌ និងក្រសួងវប្បធម៌ដើម្បីត្រួតពិនិត្យថា អាចកែសម្រួលបានកម្រិតណា»។
លោក បន្តថា៖ «ការដែលចូលទៅកំណត់អត្តសញ្ញាណ ទៅរៀបចំអ្វីនោះ គឺមានធ្វើសេចក្តីជូនដំណឹងរួចហើយ មិនមែនក្រុមបុរាណវិទ្យារបស់មន្ទីរវប្បធម៌ចុះទៅដោយឯកឯង ឬក៏ពុំមានការសហការពីគណៈកម្មការឬក៏ព្រះសង្ឃដែលគង់នៅនោះទេ គឺដឹងទាំងអស់»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតចំនួន ២ ដោយលិខិតទី ១ បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការវាយកម្ទេចកុដិបុរាណចំនួន ៣ ក្នុងវត្តឧណ្ណាលោម។ យោងលិខិតជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កុដិបុរាណចំនួន៣ គឺកុដិលេខ ៤៣ ៤៤ និង៤៥ ដែលបានកសាងនាអំឡុងឆ្នាំ ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម។
ក្រោយការចេញលិខិតទី ១ មិនទទួលបានផ្លែផ្កានាំទៅដល់ការបញ្ឈប់សកម្មភាពវាយកម្ទេច រហូតបានកម្ទេចទាំងស្រុង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានចេញលិខិតទី ២ បំណងបំភ្លឺមហាជនឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឱ្យមានការសាងសង់សំណង់អ្វីថ្មីរហូតដល់នីតិវិធីនានាដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។
ក្នុងលិខិតជូនដំណឹងចុងក្រោយនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំលេចប្រយោគឧទានមួយក្នុងន័យពញ្ញាក់ឱ្យមានការចាប់អារម្មណ៍ និងចងចាំថា៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប!»។
នៅពេលទាក់ទងកាលពីថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៣ ទាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីសង្ឃជាន់ខ្ពស់វត្តឧណ្ណាលោម បានអះអាងដូចគ្នាថា «មិនទាន់មានការដាក់កាលបរិច្ឆេទប្រជុំដោះស្រាយរឿងទីតាំងដីវាយកម្ទេចកុដិបុរាណនោះនៅឡើយទេ» ប៉ុន្តែ ព្រះតេជគុណ ជួន សាវឿន ព្រះគ្រូសូត្រស្ដាំវត្តឧណ្ណាលោម មានថេរដីកាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ខែធ្នូនេះថា ព្រះអង្គមិនបានដឹងថា កុដិទាំង ៣ នោះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិភណ្ឌជាតិនៅឆ្នាំ ២០១៧ ដូចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអះអាងនោះទេ ព្រោះគ្មានឯកសារតម្កល់នៅក្នុងវត្តឧណ្ណាលោមនោះទេ ហើយ ព្រះអង្គបានឡើងកាន់តួនាទីជាព្រះគ្រូសូត្រស្តាំវត្តនេះតាំងពីឆ្នាំ ២០១១ ឬ ២០១២ មក។
ព្រះអង្គបញ្ជាក់ថា៖ «ពេលអាត្មាសួរឱ្យក្រសួងវប្បធម៌បង្ហាញលិខិតចុះបញ្ជី អាត្មាមិនទាន់ឃើញគេបង្ហាញពីលិខិតចុះបញ្ជីនោះទេ រហូតដល់ពេលនេះ។ អាត្មាកាន់កិច្ចការនេះយូរហើយ អាត្មាមិនបានដឹងថា កុដិនោះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិឡើយ»។
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ដែលបានចុះហត្ថលេខា ដោយបានលើកឡើងថា រាជរដ្ឋាភិបាលបានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្មបណ្តាលឱ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ ការធ្វើឱ្យខូចខាតតាមគ្រប់រូបភាព ជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី ខេត្ត ដែលជាសម្បតិ្តបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ ដោយការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍគឺត្រូវតែមានតុល្យភាព។
ក្នុងសារាចរនោះ លោក ហ៊ុន សែន បានបង្គាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តនូវសារាចរនេះឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងលិខិតសារាចរនោះ បានដាក់ចេញវិធានការ ៤ចំណុចរួមមានៈ ទី១៖ ហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទី២៖ ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។
ចំណុចទី៣គឺ បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព និងចំណុចទី ៤ និយាយពីសំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។
ក្នុងលិខិតសារាចរនោះ បានបញ្ជាក់ថា៖ «ហេតុនេះដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុងដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់សាធារណៈ សំណង់ឯកជន ភូមិឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ ១៩៩៦៕
វីដេអូ៖