សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» របស់អ្នកជំនួញចាស់វស្សា ដែលជាប្រធានក្រុមហ៊ុនសូគីម៉ិចគ្រុប ត្រូវបានដាក់សម្ពោធជាផ្លូវការនៅភូមិគ្រឹះលើកំពូលភ្នំបូកគោ ដោយផ្ដោតលើជីវប្រវត្ដិជីវិត ការប្រកបមុខជំនួញ និងការចែករំលែកពាក្យពេចន៍ណែនាំពីការធ្វើអាជីវកម្ម។
ជាអ្នកជំនួញចាស់វស្សាដោយបានឆ្លងកាត់ ៤ សម័យកាលដែលមានបរិបទនយោបាយខុសៗគ្នា លោក សុខ គង់ បាននិយាយថា ការធ្វើជំនួញគ្រប់កាលៈទេសៈ និងទទួលជោគជ័យដូចសព្វថ្ងៃ កើតចេញពីភាពស្មោះត្រង់ដែលបង្កើតឱ្យមានការជឿទុកចិត្ដ។
លោក ងិន បាណាល់ អ្នកដឹកនាំចងក្រងសៀវភៅ បានថ្លែងក្នុងពេលសម្ពោធសៀវភៅកាលពីថ្ងៃទី ៣ ខែមករា ថា៖ «ដើមចមនៃការតាក់តែងចងក្រងសៀវភៅនេះឡើង គឺដោយសារអ្នកនិពន្ធទាំង ២ រូប រួមទាំងខ្ញុំ គិតថា អ្វីដែលជាការចូលរួមចំណែករបស់អ្នកឧកញ៉ា [សុខ គង់] នៅក្នុងសង្គមកម្ពុជាយើងគឺមានវិសាលភាពធំធេង តាំងពីមុន អំឡុងពេល និងក្រោយសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា»។
លោកបានបន្ដថា៖ «អ៊ីចឹង ស្នាដៃទាំងអស់នេះបើយើងមិនបានចងក្រងទុកជាប្រវត្ដិសាស្ដ្រសម្រាប់យុវជនជំនាន់ក្រោយទេ វាអាចនឹងបាត់បង់»។ នៅក្នុងសៀវភៅដែលត្រូវបានបោះពុម្ពលើកទី ១ ចំនួន ១ ០០០ ច្បាប់នេះ ផ្ដោតលើ ៣ ចំណុចសំខាន់ៗ ទាក់ទងគោលគំនិត។
លោក បាណាល់ ជាអ្នកដឹកនាំនិពន្ធសៀវភៅ និងជាកូនប្រសារបស់លោកសុខ គង់ បានឱ្យដឹងថា សៀវភៅរំឭកឡើងវិញពីជីវិតដ៏ជូរចត់របស់លោក សុខ គង់ និងភរិយា ដែលបានហែលឆ្លងឧបសគ្គទាំងឡាយមកដល់សព្វថ្ងៃនេះសម្រាប់កូនចៅ និងយុវជនជំនាន់ក្រោយបានស្វែងយល់។ វាជាការបង្ហាញស្នាដៃរបស់លោកសុខ គង់ និងភរិយា ជាសហការីផ្ទាល់ខ្លួនជាប់ជាមួយគ្នារហូតតាំងពីការកសាងវិថីអាជីវកម្មមួយដ៏ស្មុគស្មាញហើយក៏ជាការចង់រំលេចពីបទពិសោធន៍ និងទ្រឹស្ដីអាជីវកម្ម ដែលលោក សុខ គង់ បានផ្ដល់នូវយុទ្ធសាស្ដ្រមួយចំនួនដល់អ្នកសិក្សា និងស្រាវជ្រាវស្រង់យកនូវអ្វីដែលលោកបានឆ្លងកាត់ និងពាក្យពេចន៍ផ្ដាំផ្ញើសម្រាប់ការអភិវឌ្ឍក្នុងអាជីវកម្មក្ដី និងការរស់នៅប្រចាំថ្ងៃក្ដី។
លោក យិប ឆេងលាប សហអ្នកនិពន្ធ និងរៀបរៀងសៀវភៅ បានបន្ថែមថា សៀវភៅ ១៧៥ ទំព័រនេះ ផ្ដោតលើជីវប្រវត្ដិរបស់លោកសុខ គង់ តាំងពីកុមារភាព ប្រវត្ដិអាជីវកម្ម និងភាពបត់បែននៃអាជីវកម្ម និងការចុះអង្កេតផ្ទាល់ទៅដល់ស្រុកកំណើតរបស់លោក នៅស្ទឹងស្លូត ស្រុកពាមជរ ហើយបច្ចុប្បន្ននៅក្នុងស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ក៏ដូចជាអ្នកពាក់ព័ន្ធជាច្រើន។ នៅលើក្របមុខសៀវភៅលោកសុខ គង់ បានបង្ហាញនូវភាពសញ្ជឹងគិត ដែលហាក់ដូចជាឆ្លុះបញ្ចាំងនូវភាពស្មុគស្មាញជាច្រើន។
អ្នកដឹកនាំ និងសម្របសម្រួលការចងក្រងសៀវភៅលោក បាណាល់ បានឧ្យដឹងថា ការជ្រើសរើសរូបក្របមុខនេះ ប្រើពេលថតមិនតិចជាង ៥ ដង និងផ្ដិតយករូបភាពរាប់រយសន្លឹកដើម្បីសម្រិតសម្រាំងរូបវិសេស១ដែលបង្ហាញពីអត្ថន័យនៃសាច់រឿង។
លោកនិយាយថា៖ «វាបានបង្ហាញពីភាពស្រគត់ស្រគំនៃពាណិជ្ជករជើងចាស់នៅក្នុងសង្គមកម្ពុជា ហើយសម្លឹងទៅឆ្ងាយដើម្បីបង្ហាញពីការគិតគូរវែងឆ្ងាយចំពោះទស្សនវិស័យទៅលើអាជីវកម្ម ក៏ដូចជាការតម្រង់ទិសដល់កូន-ចៅជំនាន់ក្រោយ»។
លោក រស់ គង់ ជាសហអ្នកនិពន្ធសៀវភៅ បានបន្ថែមថា សហអ្នកនិពន្ធបានសម្ភាសលោក សុខ គង់ តាំងពីប្រវត្ដិអាជីវកម្ម ក៏ដូចជារឿងរ៉ាវក្រុមគ្រួសារមួយចំនួន ដែលលោកបានកត់សម្គាល់ឃើញថា លោក សុខ គង់ ជាពាណិជ្ជករតស៊ូ និងលះបង់។
ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងពេលសម្ពោធសៀវភៅ លោក សុខ គង់ បានបន្ថែមនូវគោលគំនិតរបស់លោក មុនពេលក្លាយជាអ្នកជោគជ័យ ១រូ បនេះ ដោយបានផ្ដល់តម្លៃចម្បងទៅលើដើមទុនអាជីវកម្ម និងការត្បិតត្បៀតនៃការចំណាយឥតប្រយោជន៍។
លោក សុខ គង់បាននិយាយថា៖ «ពិបាកជាងគេក្នុងការធ្វើអាជីវកម្ម គឺអត់លុយ។ យើងដឹងស្រាប់ហើយថា តែអត់លុយ អ្នកដែលមើលមុខយើងពិតជាពិបាក»។
មហាសេដ្ឋីក្ដោបមុខជំនួញជាច្រើនក្រោមក្រុមហ៊ុនសូគីម៉ិចគ្រុប បានប្រែក្លាយការឈឺចាប់ពីការមើលងាយមើលថោកលើការធ្លាក់ខ្លួនជាជនក្រីក្រទៅជាការតស៊ូ ពុះពារ បង្កើតអាជីវកម្មផ្ទាល់ខ្លួនរហូតក្លាយជាពាណិជ្ជករជោគជ័យម្នាក់។
លោកបានរំឭកថា៖ «កន្លងមក យើងបានដើរលេងជាមួយមិត្ដភក្ដិ ផឹកស៊ីជាមួយគ្នា១យប់ ៤-៥ ជី ឬ១ តម្លឹងអ៊ីចឹងទៅ។ ថ្ងៃ ១ យើងធ្លាក់ខ្លួន តែកាហ្វេខ្មៅ ១ កែវ គេអត់ហៅយើងផឹកផង។ ពេលនោះ យើងឈឺចិត្ដ ឈឺចិត្ដនូវអ្វីដែលអត់លុយ។ គេមើលងាយ មើលថោកយើង បានជាខ្ញុំឧស្សាហ៍ប្រាប់កូនចៅថា តែអត់លុយហើយ មុខក៏គេមិនមើលដែរ។ អ៊ីចឹង ខំប្រឹងឡើង ខំប្រឹងសន្សំសំចៃ និងខំប្រឹងរកស៊ីឡើង»។
លោក សុខ គង់ បានបន្ដថា លោកថែមទាំងធ្វើការណែនាំដល់បុគ្គលិកបម្រើការនៅលើភ្នំបូកគោដែលចំណាយប្រាក់កាក់លើគ្រឿងស្រវឹង និងឈ្លោះទាស់ទែងគ្នា ដោយងាកមកសន្សំសំចៃវិញ។
លោកថ្លែងថា៖ «គួរតែគិតខ្លួនឯងដើម្បីអនាគតយើងយូរអង្វែង ដោយខំប្រឹងធ្វើការ ដោយកុំយកប្រាក់កាក់ពីកម្លាំងញើសឈាម ទៅឱ្យគេដដែលៗ។ គ្មានអ្វីពិបាកជាងក្រនោះទេ អត់លុយនោះហើយ ពិតជាលំបាក។ ទោះបីយ៉ាងណា ត្រូវខំប្រឹង បើមិនបានធ្វើជាសេដ្ឋី ក៏វាគ្រប់គ្រាន់សម្រាប់ជីវភាពរបស់យើងដែរ»។
លោក បាណាល់ បានបន្ដថា សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» នឹងត្រូវបោះ-ម្ពបន្ថែមទៀត ដោយមិនមែនក្នុងបំណងលក់យកប្រាក់ចំណេញទេ និងក៏ត្រូវបកប្រែជាភាសាអង់គ្លេស ជាគោល និងអាចបន្ដទៅភាសាចិនទៀតផង។
ក្រៅពីការរៀបរាប់ពីប្រវត្តិ និងអាថ៌កំបាំងនៃជីវិតអ្នកជំនួញចាស់វស្សារូបនេះលោកបាណាល់ បានលើកឡើងថា នៅក្នុងសៀវភៅដដែលនេះ អ្នកនិពន្ធក៏បានរៀបរាប់ពីគម្រោងវិនិយោគនានារបស់លោកសុខ គង់ ជាពិសេសគម្រោងអភិវឌ្ឍន៍នៅលើភ្នំបូកគោ៕