ភ្នំពេញៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ចេញផ្សាយរបាយការណ៍ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ជំងឺគ្រុនចាញ់ មានចំនួន ៤ ០៤២ ករណី ដែលចំនួននេះមានការថយចុះចំនួន ៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ដែលមានករណីគ្រុនចាញ់ ចំនួន ៤ ៣១៨ ករណី។
បើតាមមជ្ឈមណ្ឌលជាតិនេះកម្ពុជាមិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ ២០១៨ មកដល់បច្ចុប្បន្ន ដែលមានន័យថា កម្ពុជាសម្រេចបានជោគជ័យមុនគោលដៅគ្រោងទុកឆ្នាំ ២០២៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងនាទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាពេលកន្លងមកថា ទោះបីការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់កំពុងទទួលបានសមិទ្ធផលយ៉ាងមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក្តី ក៏ត្រូវតែខិតខំបង្កើនល្បឿនទៀតនៃការលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការដូចមានក្នុងអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី ២ ឆ្នាំ ២០២១-២០២៥ ដែលជាផ្នែក ១ នៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១១-២០២៥។
សូមបញ្ជាក់ថា អភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ ២០២១-២០២៥ ត្រូវបានក្រសួងសុខាភិបាល បានអនុម័តឱ្យប្រើប្រាស់ចាប់ពីឆ្នាំ ២០២១ ត្រូវបានយកមកអនុវត្តអស់រយៈពេល ២ ឆ្នាំហើយ ដែលអំឡុងពេលនៃការអនុវត្តនេះ មជ្ឈមណ្ឌលជាតិ ក្រសួង-មន្ទីរពាក់ព័ន្ធ ដៃគូវិនិយោគ ដៃគូអនុវត្តន៍ ជាតិនិងអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើន។
ទាក់ទងនឹងជំងឺគ្រុនចាញ់នេះ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូននៃក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងក្រុមការងារស្ត្រី ចែកមុងជ្រលក់ថ្នាំដល់ប្រជាសហគមន៍ក្នុងឃុំចំនួន ៣ ក្នុងឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកស្រីបានថ្លែងនាឱកាសនោះថា ក្រសួងបរិស្ថាននិងក្រសួងសុខាភិបាលបានសហការគ្នាយ៉ាងស្អិតល្មួត ដើម្បីលុបបំបាត់ជំងឺគ្រុន-ចាញ់ នៅតាមសហគមន៍មូលដ្ឋាន និងតំបន់ការពារធម្មជាតិ ឱ្យបានសម្រេចនៅឆ្នាំ ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ ២០២១-២០២៥។
ខេត្តគោលដៅចំនួន ៦ ដែលនៅមានអត្រាឆ្លងជំងឺគ្រុនចាញ់នៅឡើយ រួមមានខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ។ ដោយឡែក ទោះបីខេត្តព្រះសីហនុអាចគ្រប់គ្រងការឆ្លងជំងឺគ្រុនចាញ់បាន។យ៉ាងណាក៏ដោយប៉ុន្តែថ្មីៗនេះអត្រាឆ្លងជំងឺគ្រុនឈាមបានកើនឡើងគួរឱ្យព្រួយបារម្ភ ទើបក្រុមការងារក្រសួងបរិស្ថាន នៅតែបន្តផ្សព្វផ្សាយ អំពីវិធានការស្ដីពីការការពារ បង្ការទប់ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមឱ្យបានគ្រប់ខេត្ត។
លោកស្រី ម៉ុម ថានី មានប្រសាសន៍ថា៖ «ប្រជាសហគមន៍ទាំងអស់ត្រូវតែសម្រាន្តក្នុងមុងជ្រលក់ថ្នាំ និងត្រូវមានអនាម័យ ថែរក្សាសុខភាព បរិស្ថានល្អ ក្នុងការស់នៅប្រចាំថ្ងៃ ដើម្បីចៀសផុតពីជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត»៕