សហគមន៍នេសាទស្តីក្រោមរហាលសួង នៅខេត្តបាត់ដំបង បានសម្តែងការព្រួយបារម្ភចំពោះបទល្មើសនេសាទខុសច្បាប់នៅក្នុងបឹងដែលជាតំបន់អភិរក្ស ដែលធ្វើឱ្យប៉ះពាល់ធនធានជលផលធម្មជាតិ បើទោះបីជារបាយការណ៍របស់ក្រសួង កសិកម្ម បានបង្ហាញថា បទល្មើសនេសាទមានការថយចុះក៏ដោយ។
យោងរបាយការណ៍របស់សហគមន៍នេសាទស្ដីក្រោមរហាលសួង នៃខេត្តបាត់ដំបង ដែលចេញផ្សាយ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ បានឱ្យដឹងថា បទល្មើសនេសាទខុសច្បាប់នៅតែបន្តកើតមានដដែល ជាពិសេស អ្នកនេសាទបានប្រើឧបករណ៍ខុសច្បាប់ថែមទៀតផង។
ប្រធានសហគមន៍នេសាទស្ដីក្រោមរហាលសួង លោក ភី ហឿត បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារល្បាតសហគមន៍នេសាទស្ដីក្រោមរហាលសួង មានចំនួន ៦នាក់ ចែកចេញជា ២ ក្រុមធ្វើសកម្មភាពល្បាតក្នុងដែនអភិរក្ស (រាំងពេន ៣ ត) បានឃើញឧបករណ៍នេសាទខុសច្បាប់ដាក់ចាប់យកត្រីក្នុងដែនសហគមន៍អភិរក្ស។
លោកបន្តថា៖ «ពេលរសៀលក្រុមយើងខ្ញុំបានប្រទះឃើញរបាំង ស្បៃអ៊ុយ និងម៉ងក្រឡាញឹកមួយខ្សែ ប្រវែងជាង ២០ម៉ែត្រ ដាក់ក្នុងទំនាបដៃបឹងអភិរក្សនៅភាគឥសាននៃតំបន់ (អភិរក្សរាំងពេន ៣ត) និងប៊្លូធូចំនួន ៣ ព្រមទាំងលបលួងបង្កប់ចំនួន ៤ ដាក់ចាប់យកត្រីដែលចរាចរណ៍ចូលបឹងអភិរក្ស។
លោកបន្តថា ក្រោយបានឃើញសកម្មភាពនេះ ក្រុមការងារល្បាត បានរុះរើរបាំង និងបំផ្លាញឧបករណ៍នេសាទដែលបានដាក់ក្នុងដែនអភិរក្សសហគមន៍នោះចោល ហើយចាក់ត្រីចូលក្នុងទឹកវិញប្រមាណ ២០០គីឡូក្រាម ក្នុងនោះត្រីនិងកំពឹសងាប់ជាង ៩០ភាគរយ។
លោកឱ្យដឹងទៀតថា អំឡុងពេលចុះល្បាតនេះក៏ប្រទះឃើញឧបករណ៍បណរ៉ាវ ដែលជាឧបករណ៍ខ្នាតធំកំពុងធ្វើសកម្មភាពបន្តគ្រប់ទីកន្លែងបំផ្លាញធនធានជលផលធម្មជាតិផងដែរ។
លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្ដីក្រោម រហាលសួង ទទួលបន្ទុករៀបចំតំបន់អភិរក្ស បានសម្តែងការព្រួយបារម្ភ និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានទាន់ពេលវេលា និង បង្កើនការផ្សព្វផ្សាយអប់រំបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋកាន់តែយល់ដឹងពីសារៈប្រយោជន៍នៃធនធានជលផលធម្មជាតិ។
លោកថា៖ «ពិសេស អាជ្ញាធរដែនដីភូមិ ឃុំ មានតួនាទីសំខាន់ ព្រោះគាត់ងាយមើលឃើញ និងជាអ្នកអនុវត្តច្បាប់។ បទល្មើសនេសាទនេះ ប្រសិនបើចាំតែថ្នាក់ជាតិមកដោះស្រាយក៏លំបាកដែរ ព្រោះនៅឆ្ងាយ អ៊ីចឹង មានតែអាជ្ញាធរដែនដីនេះហើយដែលនៅជិតអាចដោះស្រាយបាន”។
សូមជម្រាបថា តំបន់អភិរក្សសហគមន៍នេសាទស្ដីក្រោមរហាលសួង បច្ចុប្បន្នមានគណៈកម្មការ ៩រូប (ស្រី៣) ក្នុងនោះមានប្រធាន ១រូប អនុប្រធាន ២រូប បេឡា ១រូប លេខា ១រូប ផ្នែកផ្សព្វផ្សាយ ២រូប ផ្នែកល្បាត ១រូប និងផ្នែកយុវជន ១រូប។ សហគមន៍នេះមានទីតាំងស្ថិតនៅឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានបង្កើតឡើង នៅឆ្នាំ ២០០៧ មានទំហំ ៣៣៧០២ ម៉ែត្រការ៉េ បណ្ដោយ ៤១១ម៉ែត្រទទឹង ៨២ម៉ែត្រ។ ដែនគ្រប់គ្រងរបស់សហគមន៍សរុប ១៣៩០ហិកតា ក្នុងនោះព្រៃលិចទឹក ៦៤,៧៧% (៩០០,៣០៣ ហិកតា) ក្រៅពីនោះជាដីកសិកម្មរបស់ប្រជាពលរដ្ឋ បឹង វាលទំនាប និងអូរ។ ក្នុងនោះមានបឹង ចំនួន ២៩ អូរចំនួន ៧ វាលទំនាបចំនួន ៣ ដែលបានកាត់ចេញពីអតីតឡូតិ៍នេសាទលេខ ៧ និងលេខ ៦៕