កំពង់ស្ពឺៈ កូនសត្វខ្ទីងមួយក្បាលត្រូវបានក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ជួយសង្គ្រោះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣ នេះ ក្រោយពេលក្រុមការងារបានទទួលព័ត៌មានពីការជាប់អន្ទាក់នៅក្នុងដែនជម្រកសត្វ ព្រៃឱរ៉ាល់ ខេត្ត កំពង់ស្ពឺ។
យោងតាមក្រសួងបរិស្ថាន បានឱ្យដឹង នៅថ្ងៃទី ៧ ខែមករានេះថា កូនសត្វខ្ទីងនេះបាន របួសជើងមុខខាងស្តាំ ហើយត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ដើម្បីសង្គ្រោះជីវិតនិងព្យាបាលជំងឺ
ក្រសួងបានបញ្ជាក់ថា៖ «ប្រសិនបើមិនមានការជួយសង្គ្រោះទាន់ពេលវេលាទេ កូនសត្វខ្ទីង ដែលបែកហ្វូងពីមេរបស់វានេះអាចនឹងស្លាប់បាត់បង់ជីវិត។ កូនសត្វខ្ទីងនេះជាប់អន្ទាក់នៅទីតាំងជាមួយគ្នា ដែលសត្វខ្ទីងមួយក្បាលដែលបានជាប់អន្ទាក់ និង ក្រុមការងារជួយសង្គ្រោះកាលពីខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែបានស្លាប់»។
ប្រជាសហគមន៍ កាលពីថ្ងៃទី ៦ ខែមករា បានទាក់ទងក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានសហការជាមួយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ធ្វើការការពារ និង អភិរក្សនៅតំបន់ការពារធម្មជាតិក្នុងខេត្ត កំពង់ស្ពឺ ក្រោយបានឃើញវាជាប់អន្ទាក់ព្រាន។ ភ្លាមៗ ក្រុមការងារសង្គ្រោះសត្វព្រៃបានចុះអន្តរាគមន៍ ដោយបានធ្វើដំណើររយៈចម្ងាយជាង ១៣០ គីឡូម៉ែត្រពីភ្នំពេញទៅកាន់ទីតាំងដែលបានរាយការណ៍ក្រុមសង្រ្គោះបានធ្វើដំណើរដោយតាមរថយន្តផង តាមគោយន្តកន្ត្រៃផង និងដោយថ្មើរជើងផង ទម្រាំបានទៅដល់ទីតាំងនោះ ដើម្បីសង្គ្រោះកូនសត្វខ្ទីងនេះ និងបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីព្យាបាល។
ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន បានសម្តែងអំណរគុណដល់ក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការ WA ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសង្គ្រោះកូនសត្វខ្ទីង ដែលជាប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក៏ដូចជា សត្វព្រៃផ្សេងទៀត។
លោកបានថ្លែងផងដែរថា អង្គការ WA រួមនឹងសហគមន៍តំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញ បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថានក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ជួរភ្នំក្រវ៉ាញ បានយ៉ាងល្អប្រសើរ។
លោកក៏បានកត់សម្គាល់ថា ប្រជាសហគមន៍ដែលបានឃើញសត្វជាប់អន្ទាក់ ស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីជួយសង្គ្រោះសត្វបានបង្ហាញពីការយល់ដឹង ពីសារៈសំខាន់នៃជីវៈចម្រុះ និងការចូលរួមអភិរក្សសត្វព្រៃឱ្យបានគង់វង្ស។
ក្រសួងបរិស្ថាន និង អង្គការដៃគូផ្នែកអភិរក្សនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដើម្បីបង្កើនការយល់ដឹងកាន់តែច្រើនថែមទៀតក្នុងចំណោមសាធារណជន និងការចូលរួមការពារនិងអភិរក្ស។
លោក នេត្រ ភក្ត្រា បានលើកឡើងថា អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ថ្ងៃដែលចាំបាច់ត្រូវទប់ស្កាត់ និង បង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាច្រើនម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួមនឹងកាំភ្លើងកែច្នៃជាច្រើនរយ ត្រូវបានដកហូត រឹបអូសរយៈពេលកន្លងទៅ។
លោកបានថ្លែងបន្តថា សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង។ សត្វខ្ទីង នៅលើពិភពលោកមានចំនួនប្រមាណ ២១ ០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត ១តោន ខណៈ ខ្ទីងឈ្មោល អាចមានទម្ងន់ដល់១តោនកន្លះ។
ចំនួនសត្វខ្ទីង មានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេស គឺការបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីង ស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា សាយតេស។ ដើម្បីចូលរួមការពារនិងអភិរក្សសត្វព្រៃ ជាពិសេស សត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅកម្ពុជា។
លោករដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថា បរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹងអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។
លើសពីនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងសូមនិយាយថា ទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ។ ក្រៅពីនោះសូមចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិងលុបបំបាត់របរ ចូលព្រៃកាប់ឈើនិងបរបាញ់សត្វ ឬ ដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕