ព្រះសីហនុៈ ក្រុមហ៊ុនទឹកស្អាតនិងអាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវសុំឱ្យប្រជាពលរដ្ឋ មេត្តាអត់ធ្មត់ចំពោះការខ្វះខាតទឹកស្អាតប្រើប្រាស់ ខណៈទំនប់អាងស្តុកទឹកក្បាលឆាយទី២ បានបាក់កាលពីយប់ថ្ងៃសៅរ៍ បណ្ដាលឱ្យហូរបាត់បង់ទឹកអស់ជាង ៣ លានម៉ែត្រគុប។
លោក ណាំ គៀតេង អគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូ ខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ថា ទំនប់អាងទឹកក្រុមហ៊ុនអានកូ ក្បាលឆាយ ទី២បានបាក់កាលពីយប់ថ្ងៃទី៧ ខែមករា បណ្តាលឱ្យហូរទឹកអស់ជាង៣លានម៉ែត្រគុប និងបានខូចខាតម៉ាស៊ីនបូមបញ្ជូនទឹកពីអាងនេះទៅកាន់ស្ថានីយចម្រោះ សម្រាប់ផលិតនិងផ្គត់ផ្គង់ទឹកស្អាត រួមទាំងបង្គោលអគ្គិសនីមួយចំនួន ដែលនៅជាប់ទីតាំងអាងស្តុកទឹកដ៏ធំនេះផងដែរ។
លោកបានបន្តថា ការបាក់ទំនប់អាងស្តុកទឹកក្បាលឆាយទី២នេះ ត្រូវបានក្រុមការងារបច្ចេកទេស សន្និដ្ឋានថា អាចនឹងបណ្ដាលមកពីសម្ពាធទឹកនៅក្នុងអាងនោះវាមានបរមាណច្រើនពេក ធ្វើឱ្យកន្លែងខ្លះនៃខ្នងទំនប់ដែលមានភាពទន់ជ្រាយខ្លាំង ត្រូវជ្រាបទឹក និងហូរច្រោះ នាំឱ្យបាក់ស្រុត។
លោក គៀតេង បញ្ជាក់ថា៖«ករណីនេះ ធ្វើឱ្យការផ្គត់ផ្គង់ទឹករបស់យើង នៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅក្រុងព្រះសីហនុតែម្ដង មានភាពរអាក់រអួល ឬអាចនឹងខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងរយៈពេល១សប្ដាហ៍យ៉ាងយូរ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់ទីទួលខ្ពស់ៗ និងផ្នែកខាងចុងនៃខ្សែបណ្ដាញទឹកស្អាត»។
បើតាម លោក គៀតេង ក្រុមហ៊ុនមានអាងស្តុកទឹកចំនួន៤ នៅតំបន់ក្បាលឆាយ។ ប៉ុន្តែអាងទាំង៤នេះ គឺមានភ្ជាប់ម៉ាស៊ីននិងម៉ូទ័របូមទឹកខ្នាតយក្សចំនួន២គ្រឿងប៉ុណ្ណោះ នៅក្នុងទីតាំងអាងស្តុកទឹកទី២ និងទី៣ ដើម្បីបញ្ជូនទឹកទៅកាន់ស្ថានីយចម្រោះនិងផលិតទឹកស្អាត នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលក្នុង១ថ្ងៃផលិតទឹកស្អាតបានជាង១៥ម៉ឺនម៉ែត្រគុប ខណៈតម្រូវការប្រើប្រាស់មានត្រឹមតែ ៨ម៉ឺនម៉ែត្រគុបប៉ុណ្ណោះ។ ប៉ុន្តែ បន្ទាប់ពីមានការបាក់ទំនប់និងខូចខាតម៉ាស៊ីនបូមទឹកនៅអាងស្តុកទឹកទី២នេះ បរិមាណទឹកបានថយចុះ ដែលនាំឱ្យការផលិតនិងផ្គត់ផ្គង់ទឹកស្អាតមានការខ្វះខាតនៅផ្នែកខ្លះនៃក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។
ថ្វីបើយ៉ាងដូច្នេះក្ដីលោកបានអះអាងថា៖«យ៉ាងយូរ១សប្ដាហ៍ទៀតប៉ុណ្ណោះ បញ្ហានេះនឹងត្រូវបានដោះស្រាយ»។
លោកបានបន្តថា បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនលោក កំពុងសហការជាមួយក្រុមមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមហ៊ុនអគ្គិសនីខេត្ត និងអាជ្ញាធរមូលដ្ឋាន ជួសជុលទំនប់អាងទឹកទី២ដែលបាក់ប្រវែងជាង១០ម៉ែត្រ ជួសជុលដំឡើងម៉ាស៊ីននិងមូទ័របូមទឹកថ្មី១ទៀតនៅអាងទឹកទី៣ សម្រាប់បូមទឹកបញ្ជូនទៅកាន់ស្ថានីយអាងចម្រោះទឹកស្អាត ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាត ទៅតាមតម្រូវការរបស់អតិថិជនឡើងវិញ។
ជុំវិញការបាក់ទំនប់អាងស្តុកទឹកទី២នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីគ្រប់អង្គភាពទាំងអស់នៅទូទាំងខេត្តព្រះសីហនុ ប្រើប្រាស់ទឹកស្អាតដោយសន្សំសំចៃ ជាពិសេសការប្រើប្រាស់ទឹកស្អាតយកទៅបាញ់ស្មៅក្នុងសួន និងដំណាំផ្សេងទៀត ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចែករំលែកទឹកដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលស្ថិតនៅក្នុងតំបន់ទីទួលខ្ពស់ និងទីទំនាបមួយចំនួនទៀត ដែលត្រូវការទឹកប្រើប្រាស់ជាចាំបាច់នៅក្នុងជីវភាពរស់នៅ។
លោក មានថ្លែងថា៖« ក្នុងអំឡុងពេលមានការខូចខាតទំនប់អាងស្តុកទឹកទី២ និងការជួសជុល ម៉ាស៊ីនបូមទឹកជាបន្ទាន់ឡើងវិញនេះ សូមបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ទឹកស្អាតដោយសន្សំសំចៃ ព្រោះនៅពេលនេះ លទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាតរបស់យើងបានតែ៥០ភាគរយប៉ុណ្ណោះ។ ប្រសិនបើគ្មានការចាំបាច់ទេ សុំបន្ថយការប្រើប្រាស់ទឹក ដូចជា ស្រោចដំណាំ ស្រោចស្មៅអី សូមធ្វើការផ្អាកបណ្ដោះអាសន្នសិន ដើម្បីចែករំលែកទឹកស្អាតទៅបងប្អូនយើង ដែលគាត់មានសេចក្ដីត្រូវការចាំបាច់ក្នុងការប្រើប្រាស់ »។
ជាមួយគ្នានេះ លោកបានចាត់ក្រុមការងារជំនាញចំនួន៤ក្រុម ឱ្យជួយដល់ក្រុមហ៊ុនក្នុងការងារជួសជុល ទំនប់អាងស្តុកទឹក និងម៉ាស៊ីនបូមទឹក ដែលរងការខូចខាតនោះ ដើម្បីបានដំណើរការឡើងវិញ ឱ្យបានលឿននិងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ក្នុងនោះក្រុមទី១ ត្រូវជួយដំឡើងនិងតភ្ជាប់ខ្សែបណ្ដាញអគ្គិសនីដែលខូចខាតឡើងវិញ ខណៈក្រុមទី២ត្រូវជួយស្ទូចម៉ាស៊ីនបូមទឹក ដែលបានធ្លាក់ចូលទៅក្នុងទឹក មកធ្វើការជួសជុល ដើម្បីដំណើរការបូមទឹកឡើងវិញ។ ចំណែកក្រុមទី៣ និងក្រុមទី៤ ត្រូវរៀបចំដំឡើងម៉ាស៊ីននិងម៉ូទ័របូមទឹកនៅចំណុចទំនប់អាងស្តុកទឹកក្បាលឆាយទី៣ឱ្យបានឆាប់ ដើម្បីបូមទឹកពីអាងស្ដុកទឹកទី៣នេះ ទៅកាន់ស្ថានីយចម្រោះទឹកស្អាត ជំនួសទីតាំងអាងស្តុកទឹកទី២ ដែលបានបាក់ខូចខាតនិងកំពុងជួសជុល និងត្រូវជួយជួសជុលទំនប់ដែលបានបាក់ធ្លាយឡើងវិញឱ្យបានរឹងមាំ ដោយប្រើគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន៦គ្រឿង និងរថយន្តដឹកដីចំនួន៦គ្រឿង៕