កំពង់ធំៈ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ក្នុងខែមីនា ឆ្នាំ ២០២៣ បន្ទាប់ពីផ្អាករយៈពេល ២ ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ ១៩។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយសារតែការគ្រប់គ្រងស្ថានការណ៍កូវីដ១៩បានល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេជាលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ហើយក៏អាចបន្តដល់ថ្ងៃទី១១ និងទី១២ថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ការរៀបចំបុណ្យទន្លេនៅខេត្តកំពង់ធំនេះដែរ គឺដោយសារមានស្ទឹងសែនហូរឆ្លងកាត់ចុះទៅបឹងទន្លេសាប ពិសេសខេត្តកំពង់ធំនេះគឺស្ថិតនៅពាក់កណ្ដាលផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ឆ្លងកាត់ទៅខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលជាគោលដៅទេសចរណ៍សំខាន់ៗ»។
លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ផងដែរថា ត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកទាំងឡាយ ដែលបានពីការផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ចំពោះពិព័រណ៍ផលិតផលក្នុងស្រុកនេះដែរ លោកចង់ជំរុញឱ្យមានផលិតផលសិប្បកម្ម កសិកម្ម យកមកតាំងលក់ក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនបំផុត ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។ក្រៅពីនេះក៏ត្រូវបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយ «កម្ពុជាជាព្រះរាជាណាចក្រវប្បធម៌ ព្រះរាជាណាចក្រទឹក»។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងបទបង្ហាញថា បុណ្យទន្លេនៅខេត្តកំពង់ធំនេះគឺមានលក្ខណពិសសប្លែកពីបុណ្យទន្លេមុនៗ ត្រង់ថា ពិធីបុណ្យនេះចាប់ផ្ដើមពីថ្ងៃពុធ ទី៨ ខែមីនា ហើយកម្មវិធីកម្សាន្តអាចនៅបន្តរហូតដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៀត (ថ្ងៃទី១១-១២) ដែលធ្វើឱ្យការលេងកម្សាន្តមានរយៈពេលយូរជាងបុណ្យមុនៗ។
លោកបានបញ្ជាក់ទៀតថា៖«លក្ខណពិសេសមួយទៀតនោះគឺ ខេត្តកំពង់ធំ ស្ថិតនៅពាក់កណ្ដាលផ្លូវរវាងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តព្រះវិហារ ដូច្នេះភ្ញៀវទេសចរនឹងអាចចូលលេងបុណ្យទន្លេ មុនបន្តទៅលេងខេត្តសៀមរាប និងទៅគោលដៅទេសចរណ៍ផ្សេងទៀត»។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំកិច្ចប្រជុំបន្ទាន់ ក្នុងការបែងចែក តួនាទី ភារកិច្ច ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីអនុវត្តការងារក្នុងការត្រៀមរៀបចំពិធីបុណ្យទន្លេនាពេលខាងមុខនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយលោកបានប្ដេជ្ញាសហការរៀបចំពិធីបុណ្យទន្លេនេះឱ្យបានល្អ ដោយហេតុថា លោកក៏ធ្លាប់មានបទពិសោធន៍សហការរៀបចំពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងម្ដងរួចហើយកាលពីឆ្នាំ២០២០ ។
បើតាមអភិបាលខេត្តកំពង់ធំ ពិធីបុណ្យទន្លេលើកទី៧នេះ នឹងរៀបចំនៅបរិវេណសួនស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ថែមទាំងមានការរៀបចំទីតាំង ដើម្បីត្រៀមរៀបចំការប្រកួតកីឡាបាល់ទះ នៅលើឆ្នេរខ្សាច់ដងស្ទឹងសែន នៅក្នុងថ្ងៃពិធីបុណ្យទន្លេនេះផងដែរ។
ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ មានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ យកពីផលិតផលទាំងឡាយដែលបានដាំដុះនៅតាមដងទន្លេ និងផលិតផលកសិកម្មក្នុងស្រុក កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងទស្សនាទស្សនីយភាពវប្បធម៌ ដូចជា ការប្រកួតកីឡា (កីឡាប្រដាល់ ប៊ូល រត់ប្រណាំង...) ពិធីដាំដើមឈើ (ជាសួនទេសចរណ៍) ការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ កម្មវិធីសំណេះសំណាលជាមួយសហគមន៍ផាត់សណ្តាយ និងសកម្មភាពផ្សេងៗទៀតជាច្រើន។
សូមជម្រាបថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើកមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល, ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះអស់រយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២៕