កណ្តាល/កំពង់ស្ពឺៈ អ្នកជំនាញផ្នែកអចលនទ្រព្យ និងប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ក្រុងថ្មី បានជំរុញឱ្យរដ្ឋាភិបាលគួរផ្តោតការអភិវឌ្ឍលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ក្រុងដែលទើបបង្កើតថ្មីបន្ថែមទៀត ដើម្បីឱ្យចរន្តអភិវឌ្ឍន៍តំបន់នោះកាន់តែរីកចម្រើនឆាប់រហ័ស។
ការលើកឡើងនេះ ស្របពេលដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។
អ្នកស្រីកែវ សាមុត ជាប្រជាពលរដ្ឋរស់នៅតំបន់ក្រុងឧដុង្គម៉ែជ័យ ដែលទើបបង្កើតថ្មី ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានបង្ហាញអារម្មណ៍រីករាយនៅពេលរដ្ឋាភិបាលសម្រេចបង្កើតក្រុងថ្មីបន្ថែមទៀត ពិសេសក្រុងឧដុង្គម៉ែជ័យ។
អ្នកស្រី បានស្នើឱ្យរដ្ឋាភិបាល គួរផ្តោតការកសាងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ក្រុងថ្មីបន្ថែមទៀតព្រោះតំបន់នោះ នៅមិនទាន់មានផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈបានល្អនៅឡើយ។
ទន្ទឹមគ្នានេះ លោក ប៉ាង ប៊ុនធីជាភ្នាក់ងារអចលនទ្រព្យ១រូប បានគាំទ្រចំពោះការបង្កើតក្រុងថ្មីនៅក្បែររាជធានីភ្នំពេញថា ជាសញ្ញាណល្អសម្រាប់វិស័យអចលនទ្រព្យ ដែលនឹងជំរុញឱ្យមានសម្ទុះនៃការទិញលក់ ធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង។
លោកបានឱ្យដឹងថា ៖ «តាមការកត់សម្គាល់មួយរយៈមកនេះ សម្ទុះនៃការទិញលក់ ក៏ដូចជាតម្លៃអចលនទ្រព្យ នៅតំបន់អរិយក្សត្រ អាចនឹងមិនកើនឡើងជាងពេលបច្ចុប្បន្នទេ ដោយសារតែកន្លងមកតំបន់នេះ មានកំណើននៃការទិញលក់ល្អប្រសើរហើយ តែតំបន់នេះ នឹងកាន់តែមានសក្តានុពល តម្លៃអចលនទ្រព្យ និងសម្ទុះទិញ-លក់កើនឡើងខ្លាំង នៅពេលដែលមានការបុកគ្រឹះសាងសង់ស្ពានឆ្លងកាត់ទន្លេ»។
ជុំវិញការលើកឡើងនេះដែរ អតីតប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុ និងជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong លោកច្រឹក សុខនីម យល់ឃើញថា ការបង្កើតក្រុងថ្មីជាបន្តបន្ទាប់ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចនៅតាមតំបន់ ឱ្យកាន់តែមានភាពទាក់ទាញ និងមានការរីកចម្រើនជាងមុន ក៏ដូចជាការបង្កើនការផ្តល់សេវាសាធារណៈកាន់តែកៀកនិងមានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។
ជាងនេះទៀត លោកក៏បានបង្ហាញការគាំទ្រ ចំពោះរដ្ឋាភិបាល ដែលបានសម្រេចបង្កើតគណៈអភិបាលក្រុង ដែលទើបបង្កើតថ្មីនេះផងដែរ។
អ្នកជំនាញសេដ្ឋកិច្ច និងអលនទ្រព្យរូបនេះ បន្តថា ក្នុងពេលដែលទីក្រុងថ្មីនេះចាប់ផ្តើមកសាង តម្រូវការដីនឹងមានការកើនឡើង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង ប៉ុន្តែយ៉ាងណាក្តី ការរៀបចំក្រុងថ្មីនេះ ទាមទារនូវការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានកាន់តែប្រសើរជាងមុនផងដែរ ដើម្បីជំរុញឱ្យតំបន់ក្រុងថ្មីទាំងនោះ កាន់តែរីកចម្រើនថែមទៀត។
លោកបញ្ជាក់ដូច្នេះថា៖«ខ្ញុំគិតថា រដ្ឋាភិបាលគួរតែផ្តោតការអភិវឌ្ឍ និងការពង្រីកការកសាងផ្លូវក្រវាត់ក្រុង ឬហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះឱ្យកាន់តែល្អ ដើម្បីទាក់ទាញអាជីវកម្មតូច ធំ និងប្រជាពលរដ្ឋទៅរស់នៅតំបន់នោះ ហើយរដ្ឋាភិបាលគួរតែបញ្ចេញឬបន្ធូរបន្ថយពន្ធដូចជាលើកទឹកចិត្តឱ្យវិស័យធនាគារ ផ្តល់ទុនវិនិយោគដល់អ្នកវិនិយោគនៅតំបន់នោះឱ្យមានភាពងាយស្រួលជាងមុន»។
សូមរំឭកថា រដ្ឋាភិបាលកាលពីថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុងថ្មីចំនួន៣បន្ថែមទៀត និងបង្កើតស្រុកថ្មីចំនួន២។ ក្រុងសំពៅពូននិងក្រុងអរិយក្សត្រ ស្ថិតក្នុងខេត្តកណ្ដាល រីឯក្រុងឧដុង្គម៉ែជ័យស្ថិតក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ ស្រុកឧដុង្គក៏ត្រូវបានបង្កើតស្រុក១បន្ថែមទៀតដែរ គឺស្រុកសាមគ្គីមុនីជ័យ ខណៈស្រុកថ្មី១ទៀតត្រូវបានបង្កើតនៅខេត្តក្រចេះឈ្មោះថា ស្រុកអូរគ្រៀងសែនជ័យ។
យ៉ាងណាមិញ បើតាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា ការសម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ គឺធ្វើឡើងដោយអនុលោមតាមមាត្រា ១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្នុងនោះមានខេត្តកណ្តាលសម្រាប់ក្រុងអរិយក្សត្រ មានគណៈអភិបាលចំនួន ៧នាក់ និងក្រុងសំពៅពូន មានចំនួនគណៈអភិបាល៧នាក់ រីឯខេត្តកំពង់ស្ពឺសម្រាប់ក្រុងឧដុង្គម៉ែជ័យ មានចំនួនគណៈអភិបាល ៧នាក់ និងស្រុកសាមគ្គីមុនីជ័យ មានចំនួនគណៈអភិបាល៧នាក់។ ចំណែកស្រុកអូរគ្រៀងសែនជ័យ ក៏មានចំនួនគណៈអភិបាល ៧នាក់ដែរ៕