
ស្នាក់ការកណ្ដាលអតីតគណបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ ២។ ហុង មិនា
ភ្នំពេញៈ លោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាល បានធ្វើការអះអាងបញ្ជាក់ជាថ្មីថា ការរឹបអូសទ្រព្យសម្បត្តិលោក សម រង្ស៊ី ព្រមទាំងបានលក់ឡាយឡុង ដែលពាក់ព័ន្ធនឹងសំណុំរឿងក្តីបទបរិហារកេរ្តិ៍ គឺជាសេចក្តីសម្រេចតាមផ្លូវច្បាប់របស់តុលាការ មិនមែនជាចំណាត់ការរបស់រដ្ឋាភិបាលដែលពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ ត្រូវនឹងខួបទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា ក្រុមសហមេធាវីរដ្ឋាភិបាលដែលជាដើមបណ្តឹងក្នុងសំណុំរឿងបទបរិហារកេរ្តិ៍ប្តឹងលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បាននាំយកថវិកាជាង ៥ ម៉ឺនដុល្លារ ពីសំណងនៃបណ្តឹងលើលោក សម រង្ស៊ី របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ជូនមន្ទីរពេទ្យគន្ធបុប្ផា។
ឆ្លៀតឱកាសនោះដែរ លោក គី តិច បានលើកឡើងថា ថវិកាដែលបានពីការលក់ឡាយឡុងទ្រព្យសម្បត្តិរឹបអូសពីលោក សម រង្ស៊ី នេះជាករណីយកិច្ចសងដើមបណ្តឹង ហើយយកមកប្រើប្រាស់ដើម្បីប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។ លោកគី តិច បានអះអាងថា ការរឹបអូសទ្រព្យសម្បត្តិលោកសម រង្ស៊ី នេះគឺបានអនុវត្តតាមផ្លូវច្បាប់ និងជាសេចក្តីសម្រេចរបស់តុលាការ ជាបណ្តឹងបុគ្គល មិនពាក់ព័ន្ធនឹងបញ្ហានយោបាយនោះទេ។
លោក គី តិច សង្កត់ធ្ងន់ថា៖ «មូលហេតុអ្វីបានអនុវត្តអ៊ីចឹង គឺដើម្បីព្រមាន ឬផ្តន្ទាទៅលើបុគ្គលដែលចេះតែនិយាយ បរិហារកេរ្តិ៍គេ ប្រឌិតរឿងខុសពីការពិតយកទៅនិយាយជាសាធារណៈ បរិហារកេរ្តិ៍ ធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្តិយសរបស់គេគ្រប់គ្នា ទើបច្បាប់ចែងការពារ និងផ្តន្ទាទោសហ្នឹង»។
លោកថា៖ «នេះជាការសម្រេចរបស់តុលាការ ដោយអនុវត្តទៅតាមច្បាប់ប្រទេសនីតិរដ្ឋ គឺមិនបណ្តែតបណ្តោយឱ្យបុគ្គលដែលប្រព្រឹត្តល្មើសហ្នឹងរួចខ្លួននោះទេ ត្រូវតែប្តឹងសុំឱ្យតុលាការសម្រេច និងបង្ហាញអំពីការអនុវត្តច្បាប់»។
ប្រធានក្រុមមេធាវីរដ្ឋាភិបាលរូបនេះ បានបន្ថែមថា ការរឹបអូសទ្រព្យសម្បត្តិជនប្រព្រឹត្តបទល្មើសនេះ ក៏ត្រូវបានអនុវត្តនៅបណ្តាប្រទេសផ្សេងៗទៀតដែរមិនមែនមានតែនៅកម្ពុជាឡើយ ហើយក៏មិនមែនចំពោះតែករណីលោកសម រង្ស៊ី នោះទេ។

លោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាល ថ្លែងទៅកាន់បណ្ដាសារព័ត៌មាន កាលពីឆ្នាំ ២០២០។ ហេង ជីវ័ន
ជាមួយគ្នានេះ លោក កែវ ពិសិដ្ឋ នាយកខុទ្ទការល័យរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាក៏បានលើកឡើងដែរថា ការសម្រេចរបស់តុលាការនេះបានធ្វើឱ្យលោកហេងសំរិនទទួលបានភាពស្អាតស្អំ និងកិត្តិយសឡើងវិញ ចំពោះសំណុំរឿងដែលភាគីលោកបានប្តឹងលោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍។
លោកថ្លែងថា៖ «តុលាការបានផ្តល់នូវភាពយុត្តិធម៌ដល់សម្តេចចក្រី ដែលបង្ហាញពីភាពស្អាតស្អំ កិត្តិយសរបស់សម្តេចត្រឡប់មកវិញ ហើយប្រជាពលរដ្ឋនៅទូទាំងប្រទេសបានដឹងហើយថាសម្តេចចក្រីគឺជាស្ថាបនិកមួយក្នុងចំណោមស្ថាបនិកក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ»។
សូមបញ្ជាក់ថា ថវិកាដែលបានពីការរឹបអូសទ្រព្យសម្បត្តិលោកសម រង្ស៊ីសរុបទាំងអស់ប្រមាណជាជាង ៧០ ម៉ឺនដុល្លារ ដែលបានមកពីការលក់ស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានបែងចែកជា ៤ ផ្នែក ក្នុងនោះ ចំណែករបស់លោក ហេង សំរិន ចំនួន ៤៨ ៤៤៨,២៨ ដុល្លារ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា កាលពីថ្ងៃទី ៧ ខែមករា។ ចំណែកថវិការបស់លោក ហ៊ុន សែន ចំនួន ៧៧៥ ១៧២,៧១ ដុល្លារ ត្រូវបានប្រគល់ជូនក្រុមមេធាវីស្ម័គ្រចិត្ត ទុកក្នុងកញ្ចប់ថវិកា សម្រាប់ប្រតិបត្តិការការពារក្តីជូនស្ត្រីងាយរងគ្រោះ និងមានជីវភាពទន់ខ្សោយ។
ថវិកាដែលជាចំណែករបស់លោកស ខេង ចំនួន ៣៨៧ ៥៨៦,៣៥ ដុល្លារ ត្រូវបានចាត់ចែងប្រគល់សម្រាប់ការសាងសង់សាលារៀន និងមណ្ឌលកុមារកំព្រា តាមបណ្តាមូលដ្ឋាន ខេត្ត។ រីឯចំណែកសល់ចំនួន ៤៣៤ ៩៩២,៧៥ ដុល្លារ និងថវិកាចំនួន ៥ ៧៩៩,៩០ ដុល្លារទៀត បានដាក់ជាថវិកាជាតិ។
ប៉ុន្តែ លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិថ្លែងថា សំណុំរឿងបទបរិហារកេរ្តិ៍ដែលរដ្ឋាភិបាលប្តឹងលោក សម រង្ស៊ី រហូតមានការរឹបអូសទ្រព្យសម្បត្តិលក់ឡាយឡុងបែបនេះ ជារឿងនយោបាយសុទ្ធសាធ ខណៈលោកថា ទាំងមតិជាតិ និងអន្តរជាតិ មើលឃើញជាក់ច្បាស់ពីសម្ពាធរបស់រដ្ឋាភិបាលទៅលើអង្គតុលាការនៅកម្ពុជា។
លោក មាជ សុវណ្ណារ៉ា ថ្លែងថា៖ «ខ្ញុំយល់ថា ករណីជម្លោះលោក សម រង្ស៊ី និងគណបក្សកាន់អំណាចនេះ គ្មានអ្វីក្រៅពីរង្វង់នៃការប្រណាំងប្រជែងនយោបាយគ្នា ដោយមិនគិតពីសុចរិតភាព និងគុណធម៌នៃការធ្វើនយោបាយនោះទេ ដែលមិនផ្តល់ឱ្យគ្នានូវតម្លាភាព គណនេយ្យភាព និងគិតគូរដល់ប្រជាពលដ្ឋជាធំទេ ក្រៅពីចង់ចាញ់ឈ្នះគ្នានោះ»។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា អ្នកនយោបាយចាស់វស្សារបស់កម្ពុជាទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គួរបង្កើតគំរូនយោបាយល្អសម្រាប់អ្នកជំនាន់ក្រោយ ជាពិសេសចំពោះបញ្ហាប្រកួតប្រជែងគ្នាដោយធ្វើយ៉ាងណាត្រូវប្រកបដោយគុណធម៌ ដោយលើកឡើងពីគោលនយោបាយសម្រាប់ប្រយោជន៍ជាតិ ជាជាងយកចាញ់ឈ្នះ ជាត្រីមុខ។
យ៉ាងណាក្តីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏អះអាងស្រដៀងលោក គី តិច ដែរថា ករណីបណ្តឹងបទបរិហារកេរ្តិ៍នេះ ជាករណីបុគ្គលសុទ្ធសាធ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
លោក សុខ ឥសាន គូសបញ្ជាក់ថា៖ «មិនពាក់ព័ន្ធរឿងនយោបាយទេ បើកុំប្រព្រឹត្តល្មើសច្បាប់ហើយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃទៅវាអត់មានបញ្ហាទេ។ គ្រាន់តែលោក សម រង្ស៊ី ជាអ្នកនយោបាយ ហើយដែលនិយាយបំពានច្បាប់ អ៊ីចឹងវាមិនមែនជារឿងនយោបាយទេ គឺអ្នកនយោបាយបំពានច្បាប់»។
លោក សុខ ឥសាន បន្ថែមថា ករណីលោក សម រង្ស៊ី ជាការអនុវត្តច្បាប់លើអ្នកនយោបាយបំពានច្បាប់គ្មានការទាក់ទងនឹងបញ្ហានយោបាយឡើយ ដែលលោកថា គ្មានច្បាប់ណាហាមប្រាមមិនឱ្យដាក់ទោសអ្នកនយោបាយបំពានច្បាប់នោះឡើយ។
សូមរំឭកថា កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ លោក ហ៊ុន សែន បានក្រើនរំឭកឱ្យលោក សម រង្ស៊ី ឱ្យសងសំណងជំងឺចិត្តបន្ថែម ៣០ ម៉ឺនដុល្លារទៀត ដើម្បីបង្គ្រប់ ១ លានដុល្លារ ក្រោយពីការលក់ឡាយឡុងរបស់តុលាការនូវទីស្នាក់ការរបស់អតីតគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ បានត្រឹម ៧០ ម៉ឺនដុល្លារ ក្រោយការរឹបអូស។
លោក សម រង្ស៊ី បានរងបណ្តឹងជាច្រើននៅតុលាការកម្ពុជាពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ បទញុះញង់ និងពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព បទបរិហារកេរ្តិ៍ ជាសាធារណៈ និងបទញុះញង់បង្កឱ្យមានភាពចលាចល ពីសំណាក់លោក ហ៊ុន សែន និង លោក ស ខេង ព្រមទាំងបណ្តឹងជាច្រើនទៀត៕
វីដេអូ៖