ភ្នំពេញៈ រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល សរុបចំនួនជិត ៥០ ០០០ នាក់ សម្រាប់ឆ្នាំ ២០២៣។ នេះបើតាមលិខិតរបស់លោកព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជម្រាបជូនទៅឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានស្ថាប័ន ចុះថ្ងៃទី ៣ ខែមករា ដើមឆ្នាំ ២០២៣ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ។
តាមលិខិតរបស់លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ៨ ខែមករានេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យជ្រើសរើសមន្ត្រីរាជការស៊ីវិលសរុបចំនួន ៤៩ ៨៨៦ នាក់ ក្នុងនោះមានការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលចំនួន ៣ ៨៦៣ នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន ១៧ ០២៤ នាក់ មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យាចំនួន ២៥០ នាក់ គ្រូបង្រៀនពុទ្ធិកសិក្សាជាប់កិច្ចសន្យាចំនួន ១ ៤៦២ អង្គ/នាក់ គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២ អង្គ/នាក់ និងគ្រូបង្រៀនប្រភេទផ្សេងៗទៀត ២៦ ៩៣៥ នាក់។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានឱ្យដឹងថា ចំពោះគ្រូបង្រៀនប្រភេទផ្សេងៗទៀត រួមមាន គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅចំនួន ៩ ៨៩៦ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរអ៊ិស្លាមចំនួន ១៧៨ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២ ៤៧២ នាក់ គ្រូបង្រៀន ២ ថ្នាក់ ២ ពេល (២វេន) ចំនួន ១ ១៦៧១នាក់ គ្រូបង្រៀនថ្នាក់គួប ២ ចំនួន ២ ៥៩៨ នាក់ និងគ្រូបង្រៀនថ្នាក់គួប ៣ ចំនួន ១២០ នាក់។
លោក ព្រំ សុខា បានឱ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន នីមួយៗ ត្រូវរៀបចំសំណើសុំប្រើប្រាស់ក្របខ័ណ្ឌ និងភ្ជាប់តារាងឧបសម្ព័ន្ធស្តីពីការបែងចែកប្រើប្រាស់ក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល មកក្រសួងមុខងារសាធារណៈ យ៉ាងយូរត្រឹម ២ សប្ដាហ៍។
ការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ស្នើឱ្យរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ជាប្រធានគណៈកម្មការ រៀបចំការប្រឡង ត្រូវសហការជាមួយតំណាងក្រសួងមុខងារសាធារណៈ ជាអនុប្រធាន ដើម្បីកំណត់បែបបទនីតិវិធីនៃការប្រឡងប្រជែងចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ប្រកាសលទ្ធផល។
លោកបញ្ជាក់ថា៖ «រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ត្រូវរៀបចំការប្រឡងប្រជែងជ្រើសរើសក្នុងចំណោមសិស្សនិស្សិត និងមន្ត្រីរាជការដោយធានាឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់ផ្អែកលើគោលការណ៍គុណាធិបតេយ្យ ព្រមទាំងយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បេក្ខភាពជាជនពិការភាពនិងជាស្ត្រី»។
ប្រភពដដែលបន្តថា ដោយឡែក ការប្រកាសលទ្ធផលប្រឡង ត្រូវរៀបចំផ្សព្វផ្សាយជាសាធារណៈយ៉ាងយូរត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣ លើកលែងតែការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ករណីចាំបាច់ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន អាចធ្វើសំណើសុំកិច្ចសហការមកក្រសួងមុខងារសាធារណៈ យ៉ាងយូរត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៣ ដើម្បីរៀបចំការប្រឡងប្រជែងជំនួស។
លោកបញ្ជាក់ទៀតថា៖ «ករណីចាំបាច់ ដែលមានតម្រូវការធនធានមនុស្សរបស់រដ្ឋបន្ថែម រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ត្រូវរៀបចំសំណើមកក្រសួងមុខងារសាធារណៈ ដើម្បីមានលទ្ធភាពក្នុងការពិនិត្យ ពិភាក្សា និងលើកយោបល់ គោរពស្នើសុំគោលការណ៍សម្រេច និងផ្តល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល»។
ដោយឡែកចំពោះមន្ត្រីជាប់កិច្ចសន្យា មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យា និងគ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យា បន្ទាប់ពីទទួលបានគោលការណ៍ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន នីមួយៗ ត្រូវរៀបចំសំណើសុំប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា និងភ្ជាប់តារាងឧបសម្ព័ន្ធស្តីពីការបែងចែកប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា មកក្រសួងមុខងារសាធារណៈ យ៉ាងយូរត្រឹម ២ សប្ដាហ៍ ដើម្បីទទួលស្គាល់ និងបញ្ចូលការ បែងចែកការប្រើប្រាស់ជាក់ស្តែងទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា។
លោក ព្រុំ សុខា លើកឡើងថា រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ត្រូវធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាតាមរយៈការប្រឡងប្រជែង វិញ្ញាសាសរសេរ ឬសម្ភាសផ្ទាល់មាត់ ដោយត្រូវគោរពតាមគោលការណ៍ និងលក្ខខណ្ឌដូចជា ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈយ៉ាងតិច ១ សប្តាហ៍ និងចម្លងជូនមកក្រសួងមុខងារសាធារណៈ។
បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ព្រមទាំងមានអាយុយ៉ាងតិច ១៨ ឆ្នាំ ត្រូវបំពេញការងារសម្រាប់រយៈពេលយ៉ាងតិច ៣ ខែ និងយ៉ាងច្រើន ១២ ខែ ក្នុងឆ្នាំនីមួយៗ។ ពេលចូលបម្រើការងារត្រូវបំពេញប្រវត្តិរូប និងរបបស្វ័យប្រកាស ដែលត្រូវបានធានាអះអាង និងបញ្ជាក់ ពីការប្រើប្រាស់ជាក់ស្ដែងពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឬនិងប្រធានអង្គភាពគ្រប់គ្រងផ្ទាល់។
រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ត្រូវរៀបចំប្រកាសបញ្ចូលការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាតាមតម្រូវការ ជាក់ស្ដែងនៅក្នុងរចនាសម្ព័ន្ធរបស់សាមីក្រសួង-ស្ថាប័ន និងចម្លងជូនមកក្រសួងមុខងារសាធារណៈ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងនៅថ្ងៃទី ៨ ខែមករាថា ការជ្រើសរើសមន្ត្រីបន្ថែមនេះ គឺជាការចាំបាច់ដើម្បីឆ្លើយតប នឹងតម្រូវការការងារដែលមានការកើនឡើងពីពេល ១ ទៅពេល ១ ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ប៉ុន្តែទោះជាយ៉ាងណាក្នុងដំណើរការនៃការជ្រើសរើសត្រូវតែបង្កើនការយកចិត្តទុកដាក់ទៅលើការផ្តល់សមត្ថភាពដល់បេក្ខជន ដើម្បីបញ្ចៀសការរើសអើង អំពើពុករលួយ ឬបក្ខពួកនិយម។
លោកថ្លែងថា៖ «ការប្រើប្រាស់ធនធានមនុស្សក្នុងវិស័យសាធារណៈ ហ្នឹងគួរតែធានាឱ្យបានច្បាស់ថា មន្ត្រីដែលនៅក្នុងក្របខ័ណ្ឌសព្វថ្ងៃបានបំពេញការងារជាប់លាប់ដើម្បីខ្វល់បម្រើសង្គមជាតិ កុំឱ្យមានតែ ឈ្មោះជាមន្ត្រីខ្មោច ប៉ុន្តែរកមន្ត្រីពិតប្រាកដមកធ្វើការអត់បាន»។
លោក ប៉ា ចន្ទរឿន បានលើកឡើងថា កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការបើកប្រាក់ខែតាមប្រព័ន្ធអេឡិចត្រូនិកបានរកឃើញមន្ត្រីខ្មោចជាង ៥ ម៉ឺននាក់។ ហេតុនេះលោកថា ដើម្បីធានាបាន អភិបាលកិច្ចល្អ លុះត្រាតែក្រសួង ស្ថាប័ន ឈរលើគោលការណ៍គុណាធិបតេយ្យ និងការប្រើប្រាស់ធនធានមនុស្សដែលមានឱ្យត្រូវជំនាញ និងធានាថា ពួកគាត់ មកបំពេញការងារបានទៀងទាត់ពេលវេលា និងត្រឹមត្រូវ៕