ភ្នំពេញៈ ក្នុងឆ្នាំ ២០២២ កម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយរបស់អង្គការទស្សនៈពិភពលោក (World Vision) អន្តរជាតិ បានផ្តល់ផលដល់ប្រជាជនរងគ្រោះ និងប្រឈមនឹងហានិភ័យគ្រោះមហន្តរាយជាង ២០ ម៉ឺននាក់ ក្នុងនោះមាន កុមារជាង ១៧ ម៉ឺននាក់ តាមរយៈការគាំទ្រស្បៀងអាហារ សម្ភារប្រើប្រាស់ និងការផ្សព្វផ្សាយពីវិធានការការពារខ្លួន និងការការពារកុមារ។
របាយការណ៍របស់អង្គការទស្សនៈពិភពលោក ឱ្យដឹងនៅថ្ងៃទី ៨ មករាថា ក្នុងឆ្នាំ ២០២២ កម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយរបស់អង្គការទស្សនៈពិភពលោក បានផ្តល់ផលដល់ប្រជាជនជាង ២០ ម៉ឺននាក់ (ស្ត្រីជាង ១៣ ម៉ឺននាក់) ក្នុងនោះមានកុមារជាង ១៧ ម៉ឺននាក់ (ក្មេងស្រីជាង ៩ ម៉ឺននាក់)។ ពួកគេទាំងនោះរស់នៅក្នុង ឃុំចំនួន ៣៩ នៃខេត្តចំនួន ១០ មាន ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ ក្រចេះ កំពង់ស្ពឺ តាកែវ កណ្តាល កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។
របាយការណ៍បានបញ្ជាក់ថា៖ «អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជាបានប្រកាសការឆ្លើយតបថ្នាក់ជាតិកម្រិត១ចំពោះគ្រោះអាសន្នទឹកជំនន់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២។ យើងសហការជាមួយរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន បានឆ្លើយតបយ៉ាងរហ័សដល់គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះពហុវិស័យ រួមមានសុវត្ថិភាពអាហារ ទឹកលាងសម្អាត ឧបករណ៍អនាម័យ សម្ភារប្រើប្រាស់ និងការយល់ដឹងពីការការពារកុមារ»។
របាយការណ៍ឱ្យដឹងទៀតថា ការឆ្លើយតបរបស់អង្គការទស្សនៈពិភពលោក នៅពេលមានគ្រោះទឹកជំនន់ គឺបានជួយដល់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ២ ១៥០ គ្រួសារ ដែលមានមនុស្សចំនួន ៧ ៦៣៣ នាក់(ស្រី ៣ ៧៧៩ នាក់) រួមទាំងកុមារ ៤ ៣៤៥ នាក់(ស្រី ២ ៤០៦ នាក់)។ ការទទួលផលពីការឆ្លើយតបទឹកជំនន់របស់អង្គការទស្សនៈពិភពលោកកម្ពុជានេះ ក៏រួមបញ្ចូលកុមារដែលងាយរងគ្រោះបំផុតចំនួន ៣ ៧០៤ នាក់ផងដែរ។
ក្រៅពីការឆ្លើយតបនេះ ក្នុងរយៈពេល ១ ឆ្នាំកន្លងមក អង្គការទស្សនៈពិភពលោក ក៏បានផ្តល់សម្ភារចម្រោះទឹកចំនួន ២០៤ ៤៧០ ដល់គ្រួសារដែលរងផលប៉ះពាល់ ដោយទឹកជំនន់ក្នុងតំបន់គោលដៅរបស់ខ្លួនចំនួន ១៩។ ការប្រគល់ជូនភាគច្រើន ត្រូវបានធ្វើឡើង ដោយសហការជាមួយគណៈ-កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្តល់ផលដល់មនុស្សពេញវ័យជាង ១៦ ០០០ នាក់ និងកុមារ ៨ ០០០ នាក់ (គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៤ ០០១ គ្រួសារ)។
លោក ជា គឹមថាន ប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនៃអង្គការទស្សនៈពិភពលោក ប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅឆ្នាំ២០២២ អង្គការទស្សនៈពិភពលោក បានឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ ១៩ និងគ្រោះទឹកជំនន់ដល់គ្រួសារ ដែលរងផលប៉ះពាល់។ អង្គការបានអនុវត្តកម្មវិធីដោយផ្តោតលើវិធីសាស្ត្រចំនួន ២ គឺការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្រិតសហគមន៍ (CBDRM) និងក្របខ័ណ្ឌសាលាសុវត្ថិភាព (SSF)។
លោកថា តាមរយៈវិធីសាស្ត្រទាំង ២ នេះ បានធ្វើឱ្យកម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយអង្គការទស្សនៈពិភពលោក បង្កើនសមត្ថភាពរបស់ដៃគូនៅសហគមន៍ អាចឱ្យពួកគាត់ការពារ ថែទាំ និងការពារសហគមន៍ ជាពិសេសកុមារ ដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃគ្រោះ មហន្តរាយដែលអាចកើតមាន នាពេលអនាគតក្នុងសហគមន៍។
លោកបញ្ជាក់ថា៖ «ក្របខ័ណ្ឌសាលាសុវត្ថិភាពដែលអង្គការទស្សនៈពិភពលោក កំពុងអនុវត្ត គឺជាវិធីសាស្ត្រមួយដែលធ្វើឱ្យសាលារៀនមានសុវត្ថិភាពជាងមុន និងជួយដល់សិស្សានុសិស្ស គ្រូបង្រៀនឱ្យមានភាពធន់ និងការទប់ទល់នឹងគ្រោះមហន្តរាយបានកាន់តែប្រសើរឡើង។ អង្គការទស្សនៈពិភពលោកគាំទ្រការអនុវត្ត ក្របខ័ណ្ឌនេះតាមរយៈវិធីសាស្ត្រ ជាច្រើន រួមទាំងការធ្វើការដោយផ្ទាល់ជាមួយសាលាគោលដៅ និងជាមួយអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត»។
ចំណែកវិធីសាស្ត្រ នៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅកម្រិតសហគមន៍ (CBDRM) គឺជាដំណើរការ ដែលជំរុញដោយសហគមន៍។ ពួកគាត់ចូលរួមយ៉ាងសកម្មក្នុងការកំណត់អត្តសញ្ញាណ វិភាគ កាត់បន្ថយ តាមដាន និងវាយតម្លៃហានិភ័យគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគាត់ និងបង្កើនសមត្ថភាពពួកគាត់ក្នុងការទប់ទល់នឹងស្ថានភាពតក់ស្លុត និងស្ថានភាពតានតឹង តាមការប្រមើលមើល រៀបចំ និងកាត់បន្ថយផលប៉ះពាល់ទន្ទឹមនឹងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្ត-រាយ។ នេះបើតាមការអះអាងរបស់លោក ជា គឹមថាន។
ជាមួយនឹងលទ្ធផល សម្រាប់ក្នុងឆ្នាំ ២០២២ លោក ជា គឹមថាន បានបញ្ជាក់ថា ចក្ខុវិស័យ ឬគម្រោងកម្មវិធីគ្រប់គ្រងគ្រោះហន្តរាយ របស់អង្គការទស្សនៈពិភពលោកនេះ នឹងនៅតែបន្តប្តេជ្ញា ក្នុងការកសាងសហគមន៍ឱ្យកាន់តែមានភាពធន់នឹងគ្រោះមហន្តរាយ។ មានន័យថា បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសកុមារ ដែលងាយរងគ្រោះ ភាគច្រើន កាន់តែមានភាពធន់នឹងផលប៉ះពាល់ ដោយគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដើម្បីទ្រទ្រង់សុខុមាលភាពរបស់កុមារ៕