ស្ទឹងត្រែងៈ រដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញវិធានការ ៣ ចំណុច ស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារ និងអន្លង់អភិរក្សសត្វផ្សោត និងធនធានមច្ឆជាតិដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក អនុវត្តឱ្យបានជាប់ជាប្រចាំនៅក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន។
បើតាមសេចក្ដីជូនដំណឹងរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចុះថ្ងៃទី ៣ មករា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកនីមួយៗ ត្រូវរៀបចំបង្កើតផែនការរួម ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារ និងអន្លង់អភិរក្សសត្វផ្សោត និងធនធានមច្ឆជាតិ និងត្រូវមានកិច្ចសហការជាមួយសមត្ថកិច្ចនៃមន្ទីរ អង្គភាពជំនាញចុះសិក្សាជាបន្ទាន់ ដើម្បីកំណត់តំបន់ស្នូលអចិន្រៃ្តយ៍ តំបន់ស្នូលមិនអចិន្រៃ្តយ៍ និងតំបន់ការពារ ដោយត្រូវបោះយុថ្កាចងបណ្ដែតពោង ដើម្បីបង្ហាញឱ្យប្រជាជនបានដឹង ហាមចូល និងមិនអនុញ្ញាតឱ្យមានការនេសាទជាដាច់ខាត។
មិនតែប៉ុណ្ណោះ ត្រូវធ្វើការផ្សព្វផ្សាយណែនាំអប់រំដល់ប្រជានេសាទទាំងអស់ឱ្យចូលរួមគោរពច្បាប់ លិខិតបទដ្ឋាន និងការពារថែរក្សាធនធានសត្វផ្សោត និងមច្ឆជាតិ បញ្ចៀសឱ្យបាននូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឧបករណ៍ហាមឃាត់ដទៃទៀតនៅក្នុងតំបន់ការពារ អន្លង់អភិរក្សនានាដែលបានកំណត់។
កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ បានជំរុញឱ្យអាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ត្រូវរួមសហការជាមួយក្រសួង មន្ទីរពាក់ព័ន្ធ និងអង្គការជាដៃគូ ធ្វើការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ និងប្រភេទត្រីកម្រជិតផុតពូជដទៃទៀត ឱ្យបានល្អ ដោយហាមដាច់ខាតនូវរាល់ការនេសាទគ្រប់ប្រភេទ នៅក្នុងតំបន់ការពារ និងអភិរក្ស បន្ទាប់ពីផ្សោតជាច្រើនក្បាលបានជាប់មងស្លាប់៕