ភ្នំពេញៈ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានពង្រីកផ្លូវជាតិលេខ ៧ កាលពីព្រឹកថ្ងៃទី ៩ ខែមករាថា ការពង្រីកកំណាត់ផ្លូវជាតិលេខ ៧ នឹងជួយឱ្យកសិករដឹកកសិផលទៅកាន់កន្លែងផ្គត់ផ្គង់ទាន់ពេលវេលា ជាពិសេសនៅរដូវប្រមូលផល។
លោក ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវនេះ គឺជាឆ្អឹងខ្នងមួយ សម្រាប់តភ្ជាប់ភូមិភាគកណ្តាល ទៅភូមិភាគឦសាន ដែលនេះ គឺជាការតភ្ជាប់ដ៏មានសារៈសំខាន់ មិនត្រឹមតែក្នុងខេត្តកំពង់ចាមទេ តែមានការតភ្ជាប់ទៅកាន់ខេត្តជាច្រើនផ្សេងទៀតផងដែរ។
លោកនាយករដ្ឋមន្ត្រី ថ្លែងថា៖« ផ្លូវជាតិលេខ៧នេះ ចាំបាច់ណាស់ ត្រូវតែស្តារឡើងវិញ ព្រោះជាគន្លងផ្លូវកដប ដែលរាំងស្ទះដល់ក្នុងការធ្វើដំណើរ។កន្លងទៅប្រជាពលរដ្ឋរបស់យើង មានការលំបាក ចាប់ពីក្រុងកំពង់ចាម រហូតមកដល់ រង្វង់មូលស្គន់នេះ។នៅជិតតំបន់នេះសម្បូររោងម៉ាស៊ីនកិនស្រូវ ដូចនេះបើមានផ្លូវកាន់តែធំ ការដឹកជញ្ជូនកសិផលផ្សេងៗ ស្រូវ អង្ករជាដើម ទៅកាន់កន្លែងផ្គត់ផ្គង់ផ្សេងទៀត កាន់តែប្រសើរ»។
កំណាត់ផ្លូវជាតិលេខ៧នេះ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ច ដែលតភ្ជាប់ជាមួយបណ្តាញផ្លូវនានា ឆ្ពោះទៅកាន់រាជធានី-ខេត្ត ដូចជា រាជធានីភ្នំពេញ កំពង់ធំ សៀមរាប ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខណៈដែលផ្លូវនេះ ក៏ជាផ្នែកមួយ នៃផ្លូវអាស៊ាន ហាយវ៉េ លេខ១១ ដែលតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញផ្លូវរបស់ប្រទេស នៃមហាអនុតំបន់មេគង្គផងដែរ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល លើកឡើងដែរថា៖«ក្រោយបញ្ចប់ការសាង់សង់ កំណាត់ផ្លូវជាតិនេះ នឹងក្លាយជាផ្លូវធំទូលាយ និងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់លើការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ចសង្គម នៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្តាខេត្តដែលជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម លើទំនិញ និងកសិផលសំខាន់ៗមួយចំនួនដូចជា កៅស៊ូ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ទុរេន បន្លែ ផ្លែឈើ និងត្រី សាច់ជាដើម»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានឱ្យដឹងដែរថា កន្លងទៅការដឹកជញ្ជូនតាមកំណាត់ផ្លូវជាតិលេខ៧នេះ ហាក់មានការលំបាកបន្តិចដោយសារ ផ្លូវចង្អៀត ប៉ុន្តែក្រោយស្ថាបនារួចរាល់ហើយ ច្បាស់ណាស់ នឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការដឹកជញ្ជូនរបស់ក្រុមហ៊ុនឯកជននានាឱ្យកាន់តែមានភាពប្រសើរឡើង។
លោកបានបញ្ជាក់ទៀតថា៖«ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្តានុពល ខាងផ្នែកកសិកម្ម ដូចនេះក្រោយពេលស្ថាបនា និងលើកកម្ពស់កម្រិតគុណភាពផ្លូវនេះហើយ ការដឹកជញ្ជូនកសិផលនានាមកកាន់រាជធានីភ្នំពេញ និងកំពង់ផែនានា កាន់តែមានភាពងាយស្រួលជាងមុន»។
លោក ជា ចាន់ដារ៉ា តំណាងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាយល់ឃើញថា ការពង្រីកផ្លូវនេះ គឺជាការល្អ មួយសម្រាប់វិស័យដឹកជញ្ជូន ព្រោះថា កំពង់ចាម និងត្បូងឃ្មុំ គឺស្ថិតនៅជាប់ព្រំដែនប្រទេសវៀតណាម ដែលវាមានប្រយោជន៍ណាស់សម្រាប់ការដឹកជញ្ជូនទំនិញ ពីរោងចក្រនានានៅតំបន់នោះទៅកាន់ព្រំដែនកាន់តែមានភាពមមាញឹក។
លោកបានបញ្ជាក់ថា៖ «ជាធម្មតា ការពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លងនេះ វាមានភាពធំទូលាយ សម្រាប់រថយន្តធំៗ ដែលដឹកទំនិញចេញចូល មិនមានភាពយឺតយ៉ាវ និងងាយស្រួលក្នុងការបើកបរ»។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២ គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិកជាប្រាក់ដែលខ្ចីពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕