ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ក្រោយពីប្រើអំពើហិង្សាលើប្រពន្ធ ប្អូនថ្លៃ និងក្មួយស្រី កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅផ្លូវលេខ ៣១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ដើម្បីមានចំណាត់ការទៅតាមនីតិវិធី។
បុរសប្រើហិង្សាលើគ្រួសារនេះ មានឈ្មោះអឿង ប៉ុលភិវឌ្ឍន៍ ដែលត្រូវបានគេអះអាថា មានតួនាទីជាឧត្តមសេនីយ៍ទោ ផ្កាយ២ ដោយមានមុខងារបច្ចុប្បន្ននៅនាយកដ្ឋានសរុបក្រសួងការពារជាតិ។ ជនរងគ្រោះចំនួន៣នាក់នោះ ត្រូវជាប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី បានរងរបួសស្រាល។
ប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី ជនរងគ្រោះដោយអំពើហិង្សា ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណនេះ បានរៀបរាប់ថា គាត់តែងតែទទួលរងនូវការប្រើហិង្សាបែបនេះ អស់រយៈពេល៧-៨ឆ្នាំហើយ។ ប៉ុន្តែជនរងគ្រោះចេះតែទ្រាំ មិនប្តឹងនោះទេ ហើយយប់ថ្ងៃកើតហេតុនោះ មន្ត្រីយោធាដែលជាប្តី បានរករឿងជនរងគ្រោះ រួមទាំងប្អូនថ្លៃស្រី និងក្មួយ តាំងពីយប់រហូតទល់ភ្លឺ។ នេះបើតាមលោកឡុង វិចិត្រា មេបញ្ជាការមូលដ្ឋានខណ្ឌទួលគោក ប្រាប់ភ្នំពេញប៉ុស្តិ៍។
លោកឡុង វិចិត្រា អះអាងថា នៅពេលជួបរឿងបែបនេះជនរងគ្រោះទ្រាំមិនបាន និងមានការភ័យខ្លាច ក៏បានប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍ភ្លាមៗ។ កម្លាំងកងរាជអាវុធហត្ថបានមកដល់ ក៏នាំខ្លួនបុរសជាប្តីយកទៅសួរនាំ និងក្រោយមក បានមកឆែក ដកហូតកាំភ្លើងវែង២ដើម និងបង់ជាច្រើនគ្រាប់។
ទោះយ៉ាងណា លោកឡុង វិចិត្រា បញ្ជាក់ថា ករណីនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រៀបចំសំណុំរឿង បញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីហើយ។
លោកថា៖«ខ្ញុំបានបញ្ជូនគាត់[ជនសង្ស័យ]ទៅការិយាល័យជួញដូរមនុស្សនិងអនីតិជនអាវុធហត្ថរាជធានីដើម្បី[ចាត់ការ]បន្តហើយ។ យើងបានកសាងសំណុំរឿងនេះ ដោយបទល្មើសពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ។ ចំណែកជនរងគ្រោះ យើងបានពិនិត្យហើយ គាត់មិនមានរបួសធ្ងន់ធ្ងរអីទេ»។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងនៅថ្ងៃទី៩ មករា ថា លោកមិនទាន់បានទទួលសំណុំរឿងនេះនៅឡើយទេ។ ប៉ុន្តែលោកថា នឹងស្រាវជ្រាវសំណុំរឿងនេះថា តើបានមកដល់ស្ថាប័នអយ្យការហើយឬនៅ ហើយនឹងផ្តល់ព័ត៌មានត្រឡប់មកវិញ បន្ទាប់ពីទទួលបានព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយ។
លោកស្រីជុន សុធារី ប្រធានយុទ្ធនាការ និងសិទ្ធិស្ត្រី នៃអង្គការ Action Aid គាំទ្រចំពោះកិច្ចអន្តរាគមន៍របស់អាជ្ញាធរពាក់ព័ន្ធករណីហិង្សានេះ។ លោកស្រីបង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាលមិននៅស្ងៀម និងមិនអត់ឱនចំពោះរាល់អំពើហិង្សាដែលកើតមានឡើងនោះទេ បើទោះជនប្រព្រឹត្តជាមន្ត្រីក៏ដោយ។
លោកស្រីបន្ថែមថា មួយវិញទៀត ការអន្តរាគមន៍ភ្លាមៗរបស់អាជ្ញាធរពាក់ព័ន្ធ បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ គឺជាចំណាត់ការល្អក្នុងការទប់ស្កាត់បទល្មើស និងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ ហើយគឺជាគំរូមួយសម្រាប់កិច្ចអន្តរាគមន៍ករណីហិង្សានាពេលអនាគត។
លោកស្រីបញ្ជាក់ថា៖«ខ្ញុំគិតថា អំពើហិង្សាទាក់ទងនឺងយេនឌ័រ ជារឿងមិនអាចអត់ឱន ទោះបីអំពើហិង្សានោះប្រព្រឹត្តដោយបុគ្គលណាក៏ដោយ ទោះជាស្ថិតក្នុងស្ថានភាពជាដៃគូស្និទ្ធស្នាល មានចំណងអាពាហ៍ពិពាហ៍ ឬគ្មានចំណងអាពាហ៍ពិពាហ៍ ក៏បុគ្គលនោះត្រូវតែទទួល[ខុសត្រូវ]ចំពោះមុខច្បាប់ ដើម្បីធានាថា សង្គមគ្មានអំពើហិង្សា និងការបៀតបៀន ហើយធានានូវការការពារសិទ្ធិ សេចក្ដីថ្លែថ្នូរ និងយុត្តិធម៌សង្គម»៕