កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការធ្វើយ៉ាងណា សម្រេចឱ្យបាននូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបានទាំងស្រុងនៅត្រឹមខែមីនា ឆ្នាំ ២០២៣ ខណៈបច្ចុប្បន្នការងារនេះនៅទូទាំងខេត្តសម្រេចបានប្រមាណ ៩៥ ភាគរយហើយ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដោយសារតែតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តម្រូវឱ្យខេត្តបញ្ចប់បញ្ហាការបន្ទោបង់ពាសវាលពាសកាលឱ្យបានទាំងស្រុងនៅក្នុងឆ្នាំ២០២៣នេះ ទើបថ្មីៗនេះ រដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធនានាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រមួយចំនួន ដើម្បីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យក្នុងមូលដ្ឋាន ជាពិសេសជំរុញឱ្យប្រជាពលរដ្ឋក្នុងភូមិ ឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដើម្បីឱ្យខេត្ត ស្រុកទទួលបានការប្រកាសទទួលស្គាល់ជាផ្លូវការថា បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
ខេត្តកំពង់ឆ្នាំងមាន៨ក្រុង/ស្រុក(ក្រុង១ និងស្រុក៧) ហើយបច្ចុប្បន្ននៅសល់តែ២ស្រុកទៀតប៉ុណ្ណោះ នៅមិនទាន់សម្រេចបានកិច្ចការងារអនាម័យនៅឡើយ គឺស្រុកជលគិរី និងស្រុកកំពង់លែង ដែលទើបតែសម្រេចបានជាង៧០ភាគរយប៉ុណ្ណោះ បើធៀបនឹងស្រុកដទៃដែលសម្រេចបាន១០០ភាគរយហើយនោះ។
ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ដូច្នេះថា៖«ស្រុកជលគិរី និងស្រុកកំពង់លែង ទីតាំងគាត់គឺមិនអំណោយផល ព្រោះពលរដ្ឋរស់នៅផ្ទះទឹក ហើយតំបន់នោះជាទូទៅ៦ខែលិចទឹក និង៦ខែគោក អ៊ីចឹងធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះមិនអាចធ្វើបង្គន់ដូចភូមិសាស្រ្តស្រុកដទៃនោះទេ ហើយកាលពីមុននៅតំបន់នោះ ភាគច្រើនគាត់បន្ទោបង់ទម្លាក់ចូលទឹក តែបច្ចុប្បន្ននេះយើងកំពុងឱ្យគាត់សាងសង់បង្គន់នៅលើគោក ហើយបង្រៀនពួកគាត់ ឱ្យមកបន្ទោបង់នៅក្នុងបង្គន់នៅលើគោកវិញ»។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា គោលបំណងដែលរដ្ឋបាលខេត្តខិតខំជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខភាពប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរ។
ហេតុនេះ ដើម្បីឈានទៅសម្រេចផែនការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល បានទាំងស្រុង នៅត្រឹមខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត នឹងអាជ្ញាធរពាក់ព័ន្ធ បានរួមគា្នតាមដាន ពិនិត្យ និងធ្វើរបាយការណ៍ពីសកម្មភាពរាល់ថ្ងៃពីបញ្ហាអនាម័យ និងការសាងសង់បង្គន់តាមបណ្តាភូមិ ឃុំ ស្រុក ពិសេសនៅតាមខ្នងផ្ទះរបស់ពលរដ្ឋផ្ទាល់។
ពាក់ព័ន្ធផែនការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យក្នុងខេត្តកំពង់ឆ្នាំងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
លោកថា ៖«នៅក្នុងផ្នែកអនាម័យជនបទនៅក្នុងខេត្តនីមួយៗត្រូវឆ្លងកាត់នូវការវាយតម្លៃដោយផ្អែកលើនីតិវិធី និងលក្ខណវិនិច្ឆ័យ ច្បាស់លាស់ ហ្មត់ចត់ពីគណៈកម្មការថ្នាក់ជាតិ ទទួលស្គាល់ជាផ្លូវការជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា»។
យោង តាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០២០ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៨២,៨៣% នៃគ្រួសារកម្ពុជា មានបង្គន់អនាម័យប្រើប្រាស់ ក្នុងនោះតំបន់ទីប្រជុំជន ៩០,៤១% និងជនបទ ៧៨,៣១%។ ចំពោះគ្រួសារកម្ពុជាដែលមិនមានបង្គន់អនាម័យប្រើមាន ១៧,១៧% ក្នុងនោះទីប្រជុំជនមាន ៩,៥៩% និងជនបទ ២១,៦៩% បានន័យថា គ្រួសារ កម្ពុជាឆ្នាំ២០១៩ មានបង្គន់អនាម័យប្រើប្រាស់៩គ្រួសារ ក្នុងចំណោម១០គ្រួសារ នៅទីប្រជុំជន និង៨គ្រួសារ នៅជនបទ។ ក្នុងនោះប្រមាណ ៤៩,៦% នៃគ្រួសារមានបង្គន់អនាម័យនៅទីប្រជុំជនប្រើប្រាស់ បង្គន់ចាក់ទឹក ឬចុចបង្ហូរទឹក តភ្ជាប់ទៅប្រព័ន្ធលូ ចំណែកឯ នៅជនបទ មានត្រឹមតែ ២៤,៨%៕