ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ព្រមាន​ដល់​គណបក្សនយោបាយ​ដែល​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ប្រសិនបើ​បន្ត​វាយ​​ប្រហារ​តទៅទៀត គណបក្ស​លោក នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ក្នុងករណី​ចាំបាច់​តាម​រយៈផ្លូវ​ច្បាប់ និង​មួយទៀត​ប្រើ​ «​ដំបង​»​។​

​លោក​ ហ៊ុន សែន លើកឡើងថា គណ​បក្សនយោបាយ​ខ្លះ ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​បើក​ការវាយប្រហារ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក​ក៏​ដាក់​ជា​សំណួរ​ថា តើ​គណបក្ស​នោះ​ចង់​ប្រែ​ក្លាយខ្លួន​ទៅជា​សត្រូវ​របស់​គណបក្ស​ប្រជាជន​ឬក៏​យ៉ាងណា​? បើ​គណបក្ស​នោះ​ចង់​ឈ្នះឆ្នោត គឺ​គ្រាន់តែ​ឃោសនា​ពី​ន​យោ​បាយ​របស់ខ្លួន​ទៅបាន​ទេ ហើយ​ចាំបាច់​អ្វី​មក​វាយប្រហារ​គណបក្ស​ប្រជាជន​? លោក​ថ្លែង​ដូច្នេះ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ចាប់ពី​រង្វង់​មូល​ស្គន់ ទីរួមស្រុក​ជើងព្រៃ រហូត​ដល់ទី​រួម​ខេត្តកំពង់ចាម នា​ថ្ងៃទី ​៩ ​មករា​។

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ដាស់តឿន​អ្នក បើសិនជា​អ្នក​បន្ត យើងខ្ញុំ​នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ក្នុងករណី​ចាំបាច់​តាមរយៈ​ផ្លូវច្បាប់​។​ខ្ញុំ​គ្រាន់តែ​ព្រមាន និង​ដាស់តឿន​អ្នក​ឱ្យ​អ្នក​បាន​យល់​។ អ្នក​ប្រជុំ​នៅ​សៀមរាប តើ​អ្នក​បានធ្វើ​អ្វី​? អ្នក​ប្រជុំ​ប៉ុន្មាន​ថ្ងៃ នៅ​ខេត្តកំពង់ចាម​យើង​នេះ នៅ​[​ស្រុក​]​ជើងព្រៃ​។ អ្នក​ត្រូវ​យល់​ឱ្យ​ច្បាស់​មិនមែន​អ្វី​អ្នក​ក៏ត្រូវ​ធ្វើតាម​ចិត្ត​ទេ​»​។

​លោក​បន្តថា​៖ «​ហើយ​អ្នក​គិតថា អ្វី​អាង​តុលាការ ខ្ញុំ​ចង់​សួរ​អ្នក​ទៅវិញ​ថា ជម្រើស​មានតែ​ ២​ ទេ មួយ​គឺ​ប្រើ​ផ្លូវច្បាប់ មួយទៀត​គឺ​ប្រើ​ដំបង​ហ្មង​! តើ​អ្នកយក​មួយណា​ ២ ​ហ្នឹង​? អាហ្នឹង​អ្នក​និយាយ​ឱ្យ​ច្បាស់​។ ខ្ញុំ​សូម​ព្រមាន​ចំពោះ​អ្នក តើ​ពួក​ខ្ញុំ​នេះ មិន​ទុកឱ្យ​ពួក​អ្នក​ចោទថា ជា​ចោរ​មួយជីវិត​ទេ ខ្ញុំ​សូម​ជម្រាបជូន ត្រូវតែ​បញ្ចប់​វប្បធម៌​ឡាំប៉ា​ក្រោយ​ការបោះឆ្នោត​»​។​

​លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​ទទួលយកបាន​នូវ​ពាក្យ​ថាជា «​ចោរលួច​បន្លំ​សន្លឹកឆ្នោត​» បាន​នោះទេ ហើយ​បើ​អ្នកណា​ហ៊ាន​និយាយ​បែបនេះ គណបក្ស​លោក​ត្រូវតែ​ប្តឹង ហើយ​សំណុំរឿង​នៅ​តុលាការ​កំពូល​ក៏ត្រូវ​តែ​ធ្វើ​ដែរ​។ លោក​ថា នេះ​មិនមែនជា​សិទ្ធិ​បញ្ចេញមតិ​នោះទេ ក្នុងពេលដែល​គណបក្ស​នោះ​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ថា​៖ «​អ្នកឯង​និយាយ​អ៊ីចឹង​សិទ្ធិ​បញ្ចេញមតិ​! អ៊ីចឹង​ដូច្នេះ​ខ្ញុំ​ក៏​អាច​បញ្ចេញមតិ​ត្រឡប់​ទៅវិញ​គឺ​ប្រមូល​មនុស្ស​ទៅដល់​កន្លែង​អ្នកឯង​ហ្មង​! តាម​មកដល់​ផ្ទះ​ហ្មង​! មិនមែនជា​ការគំរាមកំហែង​ទេ​!»​។​

​បន្ថែម​ពីនេះ​លោក​ ហ៊ុន សែន បាន​ថ្លែង​ដោយ​ចំឈ្មោះ និង​បាន​ផ្តាំ​ទៅកាន់​លោក គង់ គាំ ឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន ឱ្យ​បញ្ឈប់​ការវាយប្រហារ​មកលើ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ លោក​ថា​៖ «​ខ្ញុំ​សូម​ដាស់តឿន ជាការ​ព្រមាន​បន្ថែម​។ អ្នកឯង​សាកមើល​! ហ៊ុន សែន ហ៊ាន​វ៉ៃខ្នោះ​ចំពោះ​ជន​ក្បត់ ដែលមាន​ភ័ស្តុតាង​គ្រប់គ្រាន់​នៅ​ម៉ោង​១២​យប់​។ ហ៊ុន សែន​គឺ​មិន​ខ្លាច​អ្វី​ទាំងអស់ ទាក់​ទង​នឹង​រឿង​ថែរក្សា​សន្ដិភាព​»​។​

​លោក​បន្តថា​៖ «​ខ្ញុំ​សុំ​ព្រមាន​អ្នកឯង កុំឱ្យ​សោះ កុំ​។ អ្នកឯង​វ៉ៃ​ប្រហារ​អី វ៉ៃ​ទៅ​! អ្នកឯង​អួត អ្នកឯង​វ៉ៃ​ទៅ​! អ្នកឯង​វ៉ៃ​គណបក្ស​ប្រជាជន អ្នកឯង​ដឹងថា គេ​ឈឺ​ទេ​?»​។​

​លោក គង់ គាំ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​សោកស្តាយ​ដែល​ហាក់ដូច​ជាមាន​ការយល់​ច្រឡំ​ពីគ្នា​ច្រើនជាង​ពាក្យ​ពេចន៍​ដែល​គណបក្ស​ភ្លើងទៀន​បាន​ថ្លែង​។ ពាក្យពេចន៍​ដែល​គណបក្ស​ភ្លើងទៀន​បាន​ថ្លែង គឺ​គ្រាន់តែ​ជាការ​ប្រៀបធៀប​អំពី​ពាក្យស្លោក «​ផឹកទឹក​​ឱ្យ​នឹក​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក​អ្នក​ដាំ​»​។ ចង់​ប្រាប់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន​ថា ប្រភព​របស់ខ្លួន​គឺ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ​កម្ពុជា និង​អ្នក​ដាំ​របស់ខ្លួន​គឺ​អ្នកប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​លោក​បន្តថា​៖ «​មិនបាន​លើក​ទ្រគោះ​បោះបោក​អី​ខ្លាំង​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​»​។ ពាក់ព័ន្ធ​នឹង​សារ​របស់ លោក ហ៊ុន សែន ដែល​បាន​ផ្តាំ​ទៅកាន់​លោក គង់ គាំ ឱ្យ​បញ្ឈប់​ការវាយប្រហារ​នេះ លោក គង់ គាំ ថ្លែងថា​៖ «​បាទ​! ខ្ញុំ​នឹង​ចេះតែ​ទទួល​ឱវាទ​ពី​គាត់​ហើយ ដោយសារ​ថា យើង​ជា​អ្នក​ធ្លាប់​រួមរស់​ជាមួយគ្នា​ផង ហើយ គេ​ហៅថា ដំណាក់កាល​នីមួយៗ យើង​កាន់តែ​ចាស់ទុំ​ខាង​ប្រកួតប្រជែង​ហ្នឹង​ផង គឺថា យើង​នឹង​ចៀសវាង​អ្វីដែល​គាត់​បាន​ទូន្មាន គាត់​បាន​ព្រមាន​យើង​ហ្នឹង គឺថា យើង​នឹង​ចៀសវាង​តាម​ដែល​គាត់​សំណូមពរ​អ៊ីចឹងទៅ​បាទ​!»​។​

​លោក យង់ គិ​ម​អេង ប្រធាន​ម​ជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ថ្លែងថា លោក​ចង់ឃើញ​អ្នក​នយោបាយ​អាច​នឹង​អង្គុយ​ជជែក​គ្នា​ហើយ​យក​បញ្ហា​មក​ដា​ក់លើ​តុ​ហើយ​ព្យាយាម​ដោះស្រាយ​មុន​ការបោះឆ្នោត​។ លោក​ក៏​ចង់​ឃើញថា អ្វីដែល​ជាការ​ព្រួយ​បារម្ភ​ពី​អ្នកពាក់ព័ន្ធ​និង​ជាពិសេស​ពាក់ព័ន្ធ​នឹង​បទបញ្ជា​និង​នីតិវិធី​ពាក់ព័ន្ធ​ច្បាប់​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) ក៏​ដូច​រដ្ឋាភិបាល​គួរតែ​ពិចារណា​នៅក្នុង​ការយក​នូវ​សំណើ​ឬក៏​អនុសាសន៍​ទាំងអស់នោះ​ទៅ​ពិចារណា​កែលម្អ​ដើម្បី​កាត់បន្ថយ​កុំឱ្យ​មាន​ជម្លោះ​ទាស់ទែង​នៅក្រោយ​ការបោះឆ្នោត​។

​លោក​ថ្លែងថា​៖ «​យើង​អាច​ព្យាយាម​ធ្វើយ៉ាងណា ឱ្យមាន​ការប្រាស្រ័យ​ទាក់​ទង​គ្នា​ការជជែក​គ្នា​ទោះបី​នៅក្នុង​កាលៈទេសៈណា​ក៏​យើង​អាច​ជជែក​គ្នា យើង​អាច​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​។ ឧទាហរណ៍​ថា អ្នកនយោបាយ​នៅ​ថ្នាក់​​ក្រោម​ដែលថា ពិបាក​ជជែក​គ្នា ប៉ុន្តែ​អ្នក​នយោបាយ​ដែលជា​ថ្នាក់ដឹកនាំ​ន​យោ​បាយ​គួរតែមាន​ការជជែក​គ្នា​ខ្លះ ដែលជា​ការប្រសើរ​ដើម្បី​ឱ្យមាន​ការយល់​គ្នា​កាន់តែច្រើន​»​។​

​លោក យង់ ពៅ អគ្គលេខាធិការ​រាជ​បណ្ឌិត្យសភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ខណៈ​ជិត​ដល់​ពេលវេលា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អ្នកនយោបាយ​ច្រើនតែ​យក​ការរិះគន់​វាយ​បន្តុះបង្អាប់​និង​លាប​ពណ៌​គ្នា​ទៅ​ឃោសនា​និង​លើកឡើង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម​។ លោក​ថា វា​ល្មម​ដល់ពេល​វេលា​ដែល​អ្នកនយោបាយ​មាន​ភាពចាស់ទុំ​ក្នុងការ​កែប្រែ​ទៅលើ​ការរិះគន់​មកជា​ការបង្ហាញ​ពី​គោលនយោបាយ​របស់ខ្លួន​វិញ​ដែល​មិនមែនជា​គោលនយោបាយ​ស្រមើ​ស្រ​​មៃ​តែ​ជា​គោលនយោបាយ​ដែលមាន​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​មុននឹង​ចេញ​ជា​កម្មវិធី​នយោបាយ​ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​យើង​ពិនិត្យមើល​ទៅលើ​សារ​នយោបាយ​របស់​សម្តេច​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថា នឹង​តបត​តាមផ្លូវ​ច្បាប់ ជា​ការពិតហើយ នេះ​ជា​សារ​មួយ​ដែល​បាន​ប្រាប់​ទុកជាមុន​ថា ប្រសិនបើ​មានការ​វាយ​ប្រហារ​ឬក៏​លាប​ពណ៌​នយោបាយ​គណបក្ស​ប្រជាជន​នឹង​តបត​តាម​ប្រព័ន្ធ​ផ្លូវច្បាប់​។ ការប្រើប្រាស់​ប្រព័ន្ធ​ផ្លូវច្បាប់​ក្នុង​ការតបត​នេះ គឺ​ធ្វើឱ្យ​សង្គម​មាន​សណ្តាប់ធ្នាប់ និង​ស្ថិរភាព​នយោបាយ ហើយ​ប្រសិនបើ​គណបក្ស​ប្រជាជន​មិន​តបត​តាម​ប្រព័ន្ធ​ផ្លូវច្បាប់​ទេ គឺ​មានន័យថា គណបក្ស​ប្រជាជន​យល់ស្រប​នឹង​ការ​រិះ​គន់​របស់​បក្ស​ផ្សេង ឬក៏​បុគ្គល​ផ្សេង​ដែល​តែងតែ​លាប​ពណ៌​នោះ​ហើយ​»៕

វីដេអូ៖