ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការពញ្ញាក់អារម្មណ៍ និងក្រើនរំឭកទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា បន្តការការពារពីមេរោគកូវីដ ១៩ ខណៈដែលមេរោគនេះត្រូវបានរកឃើញមានការបំប្លែងខ្លួនថ្មីប្រភេទ XBB.1.5 ទោះបីជានៅកម្ពុជាមិនទាន់មានករណីបំប្លែងនេះឆ្លងក៏ដោយ។
ក្នុងពិធីបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាមនាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើទោះបីជាលោកមានបញ្ញា និងពូកែប៉ុនណាក៏ដោយ ប៉ុន្តែប្រសិនបើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ លោកក៏មិនអាចនឹងយកជោគជ័យក្នុងការគ្រប់គ្រងកូវីដ ១៩ បានដែរ ហើយប្រសិនបើប្រជាពលរដ្ឋមិនទទួលយកវិធានការសម្រាប់ការអនុវត្តវិធានការសុខាភិបាល ៣ ការពារ និង ៣ កុំ ព្រមទាំងការទទួលយកការចាក់វ៉ាក់សាំងកូវីដ ១៩ នោះ សួរថាតើពេលនេះស្ថានភាពរបស់ប្រជាពលរដ្ឋនឹងទៅជាយ៉ាងណា បើគ្រាន់តែក្នុងរយៈពេល ១ ដ៏ខ្លីប៉ុណ្ណោះ កូវីដ ១៩ បានបណ្ដាលឱ្យប្រជាជនកម្ពុជាស្លាប់អស់ ៣ ០៥៦ នាក់ ដែលជាចំនួន ១ គួរឱ្យខ្លាច។
លោក ហ៊ុន សែន បានថ្លែងថា៖ «ដោយសារមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទៅលើគោលនយោបាយ យុទ្ធសាស្ត្រ និងបណ្តាវិធានការទាំងឡាយដែលខ្ញុំបានដាក់ចេញរួមជាមួយនឹងក្រសួងសុខាភិបាលគឺត្រូវបានប្រជាពលរដ្ឋទទួលស្វាគមន៍ ដែលអត្រានៃការចាក់វ៉ាក់សាំងកូវីដ ១៩ នៅពេលនេះគឺមានភាពខ្ពស់»។
លោកថ្លែងថា៖ «ប៉ុន្តែសុំកុំភ្លេច ខ្ញុំនៅតែបន្តឱ្យប្រជាពលរដ្ឋរបស់យើងបន្តការយកចិត្តទុកដាក់បន្តទៀតជាមួយនឹងវិធានការការពារសម្រាប់ជំងឺនេះដែលវាអាចកើតឡើងដោយសារជំងឺនេះនៅបន្តមាននៅឡើយ ហើយបន្តទទួលយកវ៉ាក់សាំងដែលត្រូវចាក់ដូសជំរុញដើម្បីបង្កើនភាពស៊ាំនៅក្នុងខ្លួន»។
លោកនាយករដ្ឋមន្ត្រី បានប្រកាសដល់ប្រជាពលរដ្ឋផងដែរថា មកដល់ពេលនេះមានការរកឃើញនូវវីរុសបំប្លែងថ្មីប្រភេទ XBB.1.5 ហើយថាតើនៅពេលខាងមុខក៏មិនដឹងថាវានឹងមានចេញអ្វីទៀតទេ?។
លោកថ្លែងថា៖ «បើទោះបីជាវីរុសបំប្លែងថ្មីប្រភេទ XBB.1.5 មិនទាន់ចូលមកក្នុងប្រទេសកម្ពុជាក្ដី ប៉ុន្តែមានប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស បានឆ្លងមេរោគបំប្លែងថ្មីនេះរួចហើយ។ ដូចនេះ យើងមិនដឹងទេថាកូវីដ ១៩ អាចនឹងប្រែក្លាយទៅជារោគអ្វីផ្សេងទៀត ដែលខ្ញុំនៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងដើម្បីទទួលយកនូវវ៉ាក់សាំងជាបន្តទៀត ព្រោះបញ្ហានេះកុំឱ្យហួសពេលរហូតដល់សង្គ្រោះលែងបានទើបមានការស្តាយក្រោយ»។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា មិនខ្វះវ៉ាក់សាំងកូវីដ ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋឡើយ ដែលមកដល់ពេលនេះ វ៉ាក់សាំងកូវីដ ១៩ នៅសល់ក្នុងឃ្លាំង មានប្រមាណជា ៧ លានដូសទៀត។ ក្នុងនោះ វ៉ាក់សាំងដែលជាជំនួយពីចិន នៅសល់ ១៥ លានដូសទៀត និងជាង ៥ លានដូស បន្ថែមទៀតពីសហរដ្ឋអាមេរិក ប៉ុន្តែកម្ពុជាស្នើសុំប្រទេសទាំង ២ ពន្យារពេលនៃការដឹកជញ្ជូនមកកម្ពុជាសិន ដោយសារ លោកមិនចង់ឱ្យមានការកកស្ទះហើយហួសកាលកំណត់នៃការប្រើប្រាស់ផងដែរ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ជោគជ័យនៃការគ្រប់គ្រងជំងឺនេះគឺនយោបាយការចាក់វ៉ាក់សាំងមុនគេ។
លោកថ្លែងថា៖ «នៅកម្ពុជា អត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត នៅលើពិភពលោក ការគ្រប់គ្រងការរីករាលដាលជំងឺរាតត្បាតបានលឿនបំផុត ដែលសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចមុនគេ។ ប្រទេសកម្ពុជា ជាប្រទេសដែលទទួលស្គាល់ថាល្អជាងគេ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ហើយលទ្ធផលនេះ ទទួលបានការវាយតម្លៃខ្ពស់ ពីប្រទេសនានាលើពិភពលោកផងដែរ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានចុះពិនិត្យការចាប់ផ្តើមការចាក់វ៉ាក់សាំងដូសជំរុញនេះផងដែរនៅព្រឹទ្ធសភា និងមន្ទីរពេទ្យបង្អែកដង្កោ។
លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះបានថ្លែងនៅក្នុងឱកាសនោះដែរថា វ៉ាក់សាំងកូវីដ ១៩ នៅតែជាឧបករណ៍ ដែលមានសារៈសំខាន់ជួយការពារសរីរាង្គរបស់បុគ្គល អំពីការវាយលុកនៃពពួកវីរុសកូវីដ ១៩ បើទោះបីជាបច្ចុប្បន្នវីរុសកូវីដ ១៩ បានបំប្លែងខ្លួនជាបន្ដបន្ទាប់ក៏ដោយ៕