ភ្នំពេញៈ អង្គការសម្អាតទន្លេសមុទ្រសហការជាមួយអាជ្ញាធរពាក់ព័ន្ធ រួមគ្នាប្រមូលសំរាមប្រមាណ ៣៥០ តោន ចេញពីប្រឡាយទឹកស្អុយក្នុងខណ្ឌមានជ័យ និងបានអំពាវនាវឱ្យពលរដ្ឋរស់នៅក្នុងតំបន់នេះ បញ្ឈប់ការចោលសំរាម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ មករាថា ភ្នាក់ងារសម្អាតរបស់អង្គការសម្ពាតទន្លេសមុទ្រ បានចាប់ផ្តើមសម្អាតប្រឡាយនៅចំណុចខណ្ឌមានជ័យ ចាប់តាំងពីចុងសប្តាហ៍មុន ដោយមានការសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមូលដ្ឋានក្នុងខណ្ឌមានជ័យ និងក្រុមហ៊ុនស៊ីនទ្រី។
លោកបានបញ្ជាក់ថា៖ «ការសម្អាតប្រឡាយក្នុងតំបន់នេះ ដោយមានអេស្កាវ៉ាទ័រ និងឡានដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដើម្បីកាយយកកាកសំណល់ចេញពីប្រព័ន្ធលូដោយធានាថា តំបន់នេះមានអនាម័យ និងស្អាត។ តាមការប៉ាន់ប្រមាណកាកសំណល់ប្រហែល ៣០០ ទៅ ៣៥០ តោន នឹងត្រូវយកចេញក្នុងបេសកកម្មរបស់យើង ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍»។
ជាមួយគ្នានេះ លោក នូ សុវណ្ណ បានអំពាវនាវឱ្យពលរដ្ឋចូលរួមសកម្មភាពសម្អាតអនាម័យបរិស្ថាន និងត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយក៏មិនត្រូវបោះសំរាមចូលក្នុងប្រឡាយដែរព្រោះនាំឱ្យស្ទះ និងប៉ះពាល់ដល់បរិស្ថាន។
លោកបានបញ្ជាក់ថា៖ «យើងត្រូវការការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសកម្មភាពនេះ ដើម្បីបញ្ឈប់ការបំពុលប្រព័ន្ធទឹក។ តាមភូមិសាស្ត្រ ចំណុចដែលមានសំរាមនេះ គឺស្ថិតនៅត្រង់ខ្សែទឹកខាងក្រោមដែលងាយរងគ្រោះ ដែលមានន័យថា ភាគច្រើននៃកាកសំណល់ហូរចេញពីទឹក (តំបន់មន្ទីរពេទ្យរុស្ស៊ី) និងទីតាំងដែលពោរពេញដោយអាជីវកម្មអេតចាយ។ ដូច្នេះសម្ភារដែលគ្មានតម្លៃទាំងអស់នោះ នឹងត្រូវបានបោះចោលយ៉ាងងាយក្នុងប្រឡាយ ឬដុតដោយម្ចាស់អាជីវកម្មនោះ»។
លោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ដែរថា ការចូលរួមរបស់ក្រុមការងារនៃអង្គការសម្អាតទន្លេសមុទ្រ គឺជាការគិតគូរមួយដែលល្អដើម្បីជួយរាជធានីភ្នំពេញឱ្យមានបរិស្ថានល្អ និងជួយកាត់បន្ថយការលិចលង់ ដោយសារការទុកដាក់សំរាមមិនត្រឹមត្រូវ។
លោកបានបន្តថា ការពិត សំរាមដែលបានបោះចោលក្នុងប្រឡាយឬនៅតាមមាត់លូ បានបង្កហានិភ័យ និងនាំឱ្យស្ទះតាមប្រព័ន្ធបង្ហូរទឹកដែលនាំឱ្យពេលខ្លះមានការលិចលង់ ព្រោះតែសំរាមហូរបិទមុខលូ និងប្រព័ន្ធទឹកនានា។
លោកបានបញ្ជាក់ថា៖ «នៅពេលដែលបងប្អូនយើងទុកដាក់សំរាមមិនត្រឹមត្រូវ ធ្វើឱ្យសំរាមទាំងនោះ ធ្លាក់ទៅប្រឡាយមួយចំនួន ចំណែកមួយចំនួនទៀតជាប់មាត់លូ ដែលធ្វើឱ្យស្ទះទឹកហូរចូលក្នុងលូដែលធ្វើឱ្យមានការជន់លិចនៅតំបន់គាត់។ បើសិនជាបងប្អូន គាត់ចូលរួមក្នុងការស្តារសំរាម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខ្ញុំជឿថា នឹងកាត់បន្ថយនឹងការលិចលង់ក្នុងតំបន់គាត់»។
បើតាមលោក ម៉ែន សុខខេន ជារៀងរាល់ ៣ ខែម្តង អង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តែងតែកាយប្រមូលសំរាមម្តងពីប្រឡាយទឹកស្អុយនៅតាមស្ថានីយបូមទឹកនីមួយៗ ខណៈជាក់ស្តែងក្នុងតំបន់ទាំងនោះនៅតែមានសំរាមណែនតាន់តាប់។
លោកបញ្ជាក់ថា៖ «ចំពោះសំរាមដែលយើងស្តារនេះគឺមិនមានតួលេខច្បាស់លាស់ទេ ព្រោះនៅពេលយើងស្តារម្តងៗ គឺគិតជាប្រវែង ហើយរៀងរាល់ ៣ ខែម្តង យើងកាយស្តារម្តង ដោយមានទាំងសំរាម មានទាំងអាចម៍ដី និងភក់ជាមួយគ្នា។ គ្រាន់តែជាក់ស្តែងក្នុងពេលនេះ មានការកើនឡើង»។
ប្រឡាយបង្ហូរទឹកនៅក្នុងរាជធានីភ្នំពេញ គឺជាផ្នែកមួយជួយបង្ហូរទឹកដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកចេញ កុំឱ្យជន់លិចក្នុងរដូវវស្សា។ ប្រឡាយទាំងនោះ បានចូលរួមកាត់បន្ថយជំនន់ទឹកភ្លៀងលិចក្នុងតំបន់មួយចំនួនតូច ដែលលោក ម៉ែន សុខខេន បានអះអាងថា វាចាំបាច់ណាស់ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមិនត្រូវបោះសំរាមចូលក្នុងប្រឡាយបង្ហូរទឹក ឬចូលរួមសម្អាតមាត់លូនៅតាមខ្នងផ្ទះរបស់ខ្លួនរៀងៗខ្លួន៕