ភ្នំពេញៈ សៀវភៅឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន ២ និងគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ត្រូវបានក្រសួង ពាណិជ្ជកម្មកម្ពុជា សហការជាមួយស្ថានទូតអូស្ត្រាលី និងស្ថាប័នពាក់ព័ន្ធ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ៩ ខែមករា ដោយបង្ហាញក្តីរំពឹងថា សៀវភៅព័ត៌មានទីផ្សារធំៗទាំង ២ នេះ គឺជាមគ្គុទ្ទេសក៍ ដែលបង្កើតបានជាប្រយោជន៍សម្រាប់វិស័យកសិកម្មកម្ពុជារយៈពេលវែងផងដែរ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ គឺសៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប(RCEP) ព្រមទាំងសៀវភៅកម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ លោកថា សៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិបនេះ គឺជាសៀវភៅដែលបានផ្តល់នូវការយល់ដឹងសំខាន់ៗអំពីតម្រូវការទីផ្សារ តម្រូវការរបស់អ្នកប្រើប្រាស់ វិធានការអនាម័យ និងភូតគាមអនាម័យ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយផ្សេងទៀត ការប្រើប្រាស់ផលិតផល ដៃគូប្រកួតប្រជែងសំខាន់ៗ និងឱកាសសក្តានុពល។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«ចំពោះដំណាំនិងកសិផលសំខាន់របស់កម្ពុជាដែលបានបញ្ចូលក្នុងសៀវភៅស្រាវជ្រាវនេះ រួមមាន ស្វាយស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មៀនប៉ៃលិន ស្ករត្នោត ចេក ប៊័រ ល្ង និងផ្លែឈើកែច្នៃជាដើម»។
លោកប៉ាន សូរស័ក្តិ បន្ថែមថា សម្រាប់សៀវភៅព័ត៌មានស្តីពីកម្ពុជា និងការបើកទីផ្សារពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វាក៏ជាសៀវភៅ ដែលនឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជា ជាប្រទេសហត្ថលេខី មានជាអាទិ៍ កិច្ចព្រមព្រៀងអាសិប(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េជាដើម។
លោកបញ្ជាក់ថា៖«សៀវភៅព័ត៌មាននេះនឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារនិងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។ ហេតុនេះសៀវភៅទាំង២នេះ មានសក្ដានុពលក្នុងការបង្កើតផលប្រយោជន៍រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា»។
ចំណែកគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ (Single Digital Platform) ដែលត្រូវបានក្រសួងពាណិជ្ជកម្ម និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា សម្ពោធដាក់ឱ្យដំណើរការ ក្នុងនោះរួមមាន គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់ដើមកំណើតទំនិញ និងប្រព័ន្ធផ្ទៀងផ្ទាត់ដើមកំណើតទំនិញជាអន្តរជាតិ។ គម្រោងថ្នាលឌីជីថលនេះ ក៏នឹងផ្តល់ព័ត៌មានផងដែរពីវិធានដើមកំណើតទំនិញ នីតិវិធីក្នុងការចុះឈ្មោះជាអ្នកនាំចេញដែលមានការទទួលស្គាល់ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញផងដែរ។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់ដែរថា តាមរយៈសៀវភៅឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ និងគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលនេះ នឹងជំរុញការអភិវឌ្ឍ បង្កើតឱ្យធុរជន និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ដែលមានប្រយោជន៍ដើម្បីបង្កើនការនាំចេញ ការវិនិយោគ ការធ្វើពាណិជ្ជកម្មសម្រាប់កម្ពុជាថែមទៀត។
លោកបញ្ជាក់ថា៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់(AANZFTA) កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ឱកាសយ៉ាងធំធេងក្នុងការបង្កើនការនាំចេញ និងការវិនិយោគសម្រាប់កម្ពុជា ហើយអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងវិស័យនេះដើម្បីធ្វើពិពិធកម្មដំណាំ និងទីផ្សារនាំចេញផងដែរ»។
សូមបញ្ជាក់ដែរថា សៀវភៅទាំង២នេះ ត្រូវបានរៀបរៀងឡើង ដោយមានការគាំទ្រពីកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី(CAVAC) ខណៈគម្រោងថ្នាលឌីជីថលតែមួយ គឺត្រូវបានគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយទៀតរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED)។
CAP RED គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសអូស្ត្រាលី នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ ចំនួន៨៧លានដុល្លារអូស្ត្រាលី។ CAP RED នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការរៀបចំខ្លួនសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ការលើកកម្ពស់គោលនយោបាយ ការអនុវត្តពាណិជ្ជកម្ម ការវិនិយោគប្រកបដោយបរិយាប័ន្ន និងកសាងប្រព័ន្ធ ដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគ។
ក្រៅពីប្រកាសដាក់ឱ្យដំណើរការសៀវភៅទាំង២ និងគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលហើយនោះ ក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលអូស្ត្រាលី ក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា និងអូស្ត្រាលី ហើយបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកថែមទៀត៕