ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នដៃគូ បានពិភាក្សាគ្នា រៀបចំគម្រោងលើកកម្ពស់ និងគាំទ្រដល់ដំណើរការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល នៅតាមបណ្តាគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈក្នុងន័យធ្វើឌីជីថលនីយកម្មក្នុងសង្គម និងសម្រេចបានជំនាញក្នុងសតវត្សរ៍ទី២១ នៃធនធានមនុស្សកម្ពុជា។
កាលពីថ្ងៃទី ៩ ខែមករា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយលោក Prashant Verma នាយកអង្គការឆាលហ្វាន់(Child Fund)ប្រចាំកម្ពុជា ដើម្បីរៀបចំគម្រោង គាំទ្រដល់ដំណើរការលើកកម្ពស់ផ្នែកអក្ខរកម្មឌីជីថល សម្រាប់គ្រឹះស្ថានអប់រំសាធារណៈ តាមរយៈការបណ្តុះបណ្តាលជំនាញឌីជីថល នៅតាមបណ្តាគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ ដែលជាគម្រោងមានគោលដៅបង្ហាញពីសារៈសំខាន់ នៃតួនាទីអក្ខរកម្មឌីជីថលក្នុងវិស័យអប់រំ។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងអប់រំ បានបញ្ជាក់ពីគម្រោងបណ្តុះបណ្តាលឌីជីថលដើម្បីរួមចំណែកក្នុងការធ្វើឌីជីថលនីយកម្មក្នុងការអប់រំនៅកម្ពុជា។ កុមារនៅក្នុងសាលារៀនគោលដៅសម្រេចបាននូវជំនាញក្នុងសតវត្សរ៍ទី២១ ដោយបានរៀនពីជំនាញវិទ្យាសាស្ត្រកុំព្យូទ័រជាមូលដ្ឋាន ចំណេះដឹងឌីជីថល ជំនាញអក្ខរកម្មហិរញ្ញវត្ថុ ជំនាញការគិតប្រកបដោយការត្រិះរិះពិចារណា និងការច្នៃប្រឌិតទៅតាមកម្រិតថ្នាក់រៀងៗខ្លួន។
ក្រសួងបញ្ជាក់ថា៖«គម្រោងនេះ ក៏នឹងចូលរួមចំណែកពង្រឹងប្រព័ន្ធរដ្ឋាភិបាល ពីថា្នក់ជាតិ ទៅដល់បណ្តាសាលារៀន ដើម្បីមានលទ្ធភាពគាំទ្រលើការធ្វើឌីជីថលនីយកម្មក្នុងវិស័យអប់រំ ព្រមទាំងការពង្រឹងយន្តការក្នុង និងក្រៅផ្លូវការជុំវិញសុខសុវត្ថិភាពកុមារតាមប្រព័ន្ធអុីនធឺណិតតាមបណ្តាសាលារៀនគោលដៅ និងសហគមន៍ផង»។
សូមបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលអក្ខរកម្មឌីជីថល តាមបណ្តាគ្រឹះស្ថានសាធារណៈនេះ ជាកិច្ចសហការ រវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការឆាលហ្វាន់ (Child Fund) ក្រោមជំនួយឧបត្ថម្ភពីធនាគារ Woori Bank Cambodia ដែលទទួលបានការគាំទ្រពីលោកហង់ជួន ណារ៉ុន ឱ្យមានការអនុវត្តគម្រោងនេះក្នុងរយៈពេល៣ឆ្នាំ នៅតាមសាលារៀនគោលដៅទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកឈត ប៊ុនថងឱ្យដឹងថា កិច្ចការពង្រឹងការអប់រំឌីជីថល ក្នុងបរិបទនេះ មានសារៈសំខាន់ណាស់ ស្របពេលស្ថានការណ៍សកលកំពុងមានទំនោរវិវឌ្ឍទៅក្នុងពិភពឌីជីថលនេះទៅហើយ។
លោកលើកឡើងពីការវិវឌ្ឍ នៃការអប់រំតាមបែបឌីជីថល នៅកម្ពុជា ថា៖«ជាសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ កម្ពុជាយើង[បានវិវឌ្ឍ]ខ្លួនជាសន្សឹមៗទៅហើយ ជាពិសេសនៅអំឡុងសម័យកូវីដ១៩នេះ ដែលវាបានជួយជំរុញឱ្យការត្រៀមខ្លួនរបស់កម្ពុជាក្នុងវិស័យអប់រំឌីជីថលនេះ កាន់តែប្រញាប់ប្រញាល់ថែមទៀតផង»។
សម្រាប់លោកឈត ប៊ុនថង ដែលជាអ្នកស្រាវជ្រាវផ្នែកអប់រំ ឧបសគ្គដែលរារាំងកម្ពុជាក្នុងដំណើរកសាងខ្លួនក្នុងវិស័យអប់រំឌីជីថលនេះ គឺចំណេះដឹងរបស់គ្រូបង្រៀននៅកម្ពុជាភាគច្រើននៅមានកម្រិត ខណៈសិស្សានុសិស្សមួយចំនួនក៏មានចំណេះដឹងឌីជីថលនេះនៅទាបនៅឡើយ ស្របពេលកម្ពុជានៅមានការខ្វះខាតសម្ភារអប់រំលើផ្នែកឌីជីថលនេះផង បូករួមកម្សោយប្រព័ន្ធសេវាកម្មអុីនធើណិត និងសេវាក្រុមហ៊ុនទូរកមនាគមន៍នៅកម្ពុជាមានកម្រិត។
លោកបន្ថែមថា ក្នុងទិសដៅកំណែទម្រង់ប្រព័ន្ធអប់រំផ្នែកឌីជីថលនេះ ទាមទារឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ ធ្វើការស្រាវជ្រាវល្អិតល្អន់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ឱ្យបានដឹងច្បាស់ពីនិន្នាការពិតប្រាកដ ដើម្បីស្ទាបស្ទង់កម្រិតស្តង់ដាអប់រំរបស់កម្ពុជា ឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ដោយការពង្រឹងកម្មវិធីសិក្សា សមត្ថភាពគ្រូបង្រៀន សម្ភារក្នុងមធ្យោបាយអប់រំ និងជាពិសេសកញ្ចប់ថវិកាជាតិ ដើម្បីឆ្លើយតបនឹងកំណែទម្រង់។
លោកប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជាតិ ក្នុងការងារបណ្តុះបណ្តាលអក្ខរកម្មឌីជីថល។ លោកថា នេះជាការវិនិយោគរយៈពេលវែង ដើម្បីជួយប្រជាពលរដ្ឋខ្មែរឱ្យសម្រេចបាន និងចូលរួមយ៉ាងសកម្មក្នុងគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់ជាតិ ក្នុងពេលអនាគត។
លោកប៉ា ច័ន្ទរឿន ថ្លែងថា៖«ឧបសគ្គក្នុងការអប់រំតាមបែបឌីជីថលកន្លងមក យើងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ បើនិយាយសាមញ្ញ យើងខ្វះប្រព័ន្ធអុីនធឺណិត សេវាទូរស័ព្ទ ដែលអនុញ្ញាតឱ្យគ្រូ និងសិស្ស អាណាព្យាបាល អាចចូលរួមចំណាយក្នុងការប្រើប្រាស់ និងជួយឱ្យកូនចៅរៀនតាមប្រព័ន្ធអុីនធឺណិត»។
លោកបន្តថា៖«ប្រជាពលរដ្ឋយើង ក៏ដូចជាសិស្សានុសិស្ស មានការយល់ដឹងពីប្រព័ន្ធឌីជីថល ក្នុងកម្រិតទាបណាស់។ តាមរយៈក្រសួងប្រៃសណីយ៍បង្ហាញហើយថា អ្នកមានចំណេះដឹងជាមូលដ្ឋានអំពីធុីនធឺណិតហ្នឹងមានតែ ៣០%ទេ»។
លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ខិតខំបង្កើនសមត្ថភាពអប់រំពាក់ព័ន្ធនឹងអក្ខរកម្មប្រព័ន្ធឌីជីថលទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគ្រូបង្រៀន ព្រមទាំងសិស្សានុសិស្សដើម្បីមានជំនាញក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងចូលរួមចំណែកក្នុងការអប់រំតាមរយៈប្រព័ន្ធឌីជីថល។ លើសពីនេះរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ត្រូវបង្កើនកិច្ចវិនិយោគលើការអប់រំលើផ្នែកនេះ តួយ៉ាង ការបង្កើតមាតិកាមេរៀនតាមប្រព័ន្ធឌីជីថល ឱ្យកាន់តែសម្បូរបែប និងភាពទាក់ទាញ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោកហេង គឹមហុង លើកឡើងថា ការពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជាឱ្យឆ្លើយតបនឹងយុគសម័យឌីជីថល គឺចាំបាច់ណាស់ ដើម្បីកម្ពុជាមានធនធានមនុស្សប្រកបដោយសក្តានុពលឆ្លើយតបនឹងស្ថានការណ៍ នៃការវិវឌ្ឍឥតឈប់ឈរ នៃនិន្នាការពិភពលោក។ ជាពិសេសការជំរុញដល់កិច្ចការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងកម្រិតស្តង់ដាអន្តរជាតិ៕