ភ្នំពេញៈ ​សកម្មជន​បរិស្ថាន​ដែលជា​ជនជាតិ​អាមេរិក លោក បេន ដេ​វី​ស នៅតែ​បន្ត​ជីក​ប្រឡាយ​ធ្វើ​របង​ដែល​មកដល់ពេលនេះ​បាន​ ១៩​ គីឡូម៉ែត្រ និង​ធ្វើ​ផ្លូវ​បាន ៧​ គីឡូម៉ែត្រ ព្រមទាំង​បាន​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្ម​ជាតិ​ដោយ​ពង្រីក​ចេញពី​តំបន់​ស្នូល​នៃ​តំបន់​ដែន​ជម្រក​សត្វ​​ព្រៃភ្នំ​ត្នោត​-​ភ្នំ​ពក បាន​កាន់តែ​ធំ​ក្នុង​ឆ្នាំ ២០២២​។

​លោក​មាន​មហិច្ឆតា​បញ្ចប់​ការ​ជីក​ប្រឡាយ និង​ធ្វើ​របង​ការពារ​សត្វព្រៃ​ដែល​នៅសល់​ ១៨ គីឡូ​ម៉ែត្រ​ទៀត​ឱ្យ​ហើយ​នៅក្នុង​ឆ្នាំ​ ២០២៣​ នេះ​។ លោក បេន ដេ​វី​ស បានឱ្យដឹង​តាមរយៈ​វីដេអូ​ដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​​ប៊ុ​កលោក តាន់ គឹម​សួរ​ដែលជា​សកម្មជន​ប​រិ​ស្ថាន​កាលពី​ថ្ងៃទី ៨ ខែមករា​ថា ក្នុង​ឆ្នាំ ២០២៣ ថា លោក​បានទទួល​ថវិកា​ពី​ក្រសួង​បរិស្ថាន និង​សប្បុរសជន​ប្រមាណ​ជាង ១០​ ម៉ឺន ដុល្លារ​សម្រាប់ធ្វើ​ការអភិរក្ស និង​អភិវឌ្ឍន៍ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ស្ថិតនៅ​ខេត្តព្រះវិហារ និង​ខេត្ត​-សៀមរាប​។

​លោក​បាន​លើកឡើងថា តាមរយៈ​ថវិកា​ដែល​ទទួលបាន​នេះ លោក​បាន​យកទៅ​អភិវឌ្ឍ ធ្វើ​ការជីក​ប្រឡាយ និង​របង​បាន ១៩​ គីឡូម៉ែត្រ និង​ធ្វើ​ផ្លូវ​បាន ៧ គីឡូម៉ែត្រ ទាំង​ក្នុងព្រៃ និង​ក្នុងភូមិ​ផងដែរ​។

​លោក​បេន ដេ​វី​ស បានឱ្យដឹងថា លោក​បានទទួល​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន​ឱ្យ​គ្រប់គ្រង និង​អភិរក្ស​លើ​ផ្ទៃដី ៧ ៣០០ ​ហិកតា ជា​តំបន់​ស្នូល​នៅ​ភ្នំ​ត្នោត ដែលមាន​សក្តានុពល​ធ​ន​ធាន​ធម្មជាតិ និង​ជីវចម្រុះ​ច្រើន​ប្រភេទ​។ ទីនោះ​មាន​អាទិភាព​ខ្ពស់ សម្បូរ​សត្វព្រៃ និង​ព្រៃឈើ​ក្រាស់​ជាងគេ​។ ហេតុនេះ​ផែនការ​ធ្វើ​ប្រឡាយ​និង​របង​នេះ លោក​ធ្វើ​កន្លែង​ខ្លះ​ប្រឡាយ ឯ​កន្លែង​ខ្លះ​ធ្វើ​របង និង​កន្លែង​ខ្លះទៀត​ធ្វើ​ផ្គួប​មាន​ប្រឡាយ​ផង​របង​ផង ដើម្បី​កុំឱ្យ​សត្វព្រៃ​ចេញទៅ​ក្រៅ​នាំ​រំខាន​ការ​ធ្វើក​សិ​កម្ម​របស់​កសិករ ហើយ​ប្រឈម​គ្រោះថ្នាក់​ដល់​សត្វ​ទៀតផង​។

​លោក​ថ្លែងថា​៖ «​យើង​មិនមែន​ចង់ឱ្យ​សត្វ​នៅក្នុង​ទ្រុង​ទេ ប៉ុន្តែ​វា​គ្រោះថ្នាក់​នៅក្រៅ​។ វា​ចម្ការ​ច្រើនពេក ហើយ​វា​បំផ្លាញ​កសិកម្ម​របស់​ក​សិ​ករ ជាពិសេស​ស្រូវ ដំឡូង​។ សត្វព្រៃ​ជាពិសេស​ជ្រូក និង​ទន្សោង​វា​បំផ្លាញ ដូច្នេះ​យើង​គិតថា វា​សុវត្ថិភាព​នៅក្នុង​របង​ល្អ​ជាង​។ យើង​ការពារ​បាន​ទាំង​សត្វ និង​ផលដំណាំ​ប្រជាជន​»​។

​លោក​បេន បាន​សម្តែង​ការ​​សប្បាយចិត្ត នៅពេល​ស្ទាបស្ទង់​ដឹងថា ប្រជាជន ៩០% ពេញ​ចិត្តនឹង​គាំទ្រ​គម្រោង​ធ្វើ​របង​អភិរក្ស​តំបន់​ស្នូល​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​។ ការគាំទ្រ​នេះ​កើតឡើង​ដោយសារ​ប្រជាជន​មើល​ឃើញថា ការអភិរក្ស​ព្រៃឈើ​របស់លោក​ក្នុង​រយៈពេល​ជាង ៣ ឆ្នាំ​ចុង​ក្រោយនេះ ការពារ​ព្រៃឈើ​បាន​ស្ទើរតែ​ ១០០​ ភាគរយ​។ សកម្មជន​បរិស្ថាន​រូ​ប​នេះ​បញ្ជាក់ថា ការធ្វើ​ប្រឡាយ​ការពារ​តំបន់​ស្នូល​នេះ ចំណាយ​ថវិកា​អស់​ជិត ៨​ ម៉ឺន​ដុល្លារ​ហើយ ខណៈ​បច្ចុប្បន្ន​ការជីក​ប្រឡាយ និង​ធ្វើ​របង​កំពុង​បន្តធ្វើ​។

​លោក​ថ្លែងថា​៖ «​ដើម្បី​ធ្វើ​គ្រប់​វា ៣៧​ គីឡូម៉ែត្រ​ទាំងអស់​យើង​វាស់​តាម GPS យើង​នៅ​ខ្វះ​ច្រើន​បើ​យើង​ចង់​ធ្វើ​គុណ​ភាពល្អ​ធ្វើឱ្យ​ជាប់​ប្រហែលជា​ខ្វះ​លុយ​៥​ម៉ឺន​ដុល្លារ​ទៀត ហើយ​អាច​ថា ៩៩ ភាគរយ​សត្វ​វា​មិនអាច​ចេញ​បាន​»​។​

លោក​បេន​បានឱ្យដឹង​ទៀតថា ការបំផ្លាញ​ធនធាន​ធម្ម​ជាតិ​ឆ្នាំ​ ២០២១ និង​ឆ្នាំ​ ២០២២ ច្រើន​ប្រហាក់ប្រហែលគ្នា តែ​យ៉ាង​ណា​លោក​មិនបាន​ធ្វើការ​សង្ខេប​របាយ​ការណ៍​នៃ​ការប្រៀបធៀប​នោះទេ​។ លោក​អះអាងថា ដែនដី​នៃ​ការការពារ​របស់លោក​បាន​ពង្រីក​ឱ្យមាន​ប្រសិទ្ធភាព​កាន់​តែ​ធំ​ទូលាយ​ជាង​មុន ហេតុនេះ​ការ​ចាប់បាន​បទល្មើស​ក៏​កើនឡើង​ទៅតាម​នោះដែរ​។

​លោក​បញ្ជាក់ថា​៖ «​យើង​ដេញ​គេ​ឆ្ងាយ​ទៅៗ ដូច្នេះ​អ្នក​ដែល​យើង​ចាប់​ឆ្នាំនេះ វា​ច្រើន​ដូច​ឆ្នាំ ២០២១ ​ដែរ ប៉ុន្តែ​តំបន់​យើង​ចាប់​គេ វា​ចេះតែ​ឆ្ងាយ​ទៅៗ ដូច្នេះ​អាច​ថា ជា​ជោគ​ជ័យ ម្យ៉ាង​កន្លែង​ដែល​យើង​ការ​​ពារ​បាន​ដោយ​ជោគជ័យ​វា​រីក​ទៅៗ ធំ​ទៅៗ​។ ដូចជា​ឆ្នាំ ២០១៩ យើង​ការពារ​បានតែ​ ១​ ម៉ឺន​ហិ​ក​តា​ជាង​ទេ ដល់​ឆ្នាំ ​២០២១ ​វា​បាន​ប្រហែលជា ២​ ម៉ឺន​ហិកតា ហើយ​ឆ្នាំនេះ​ប្រហែលជា​ជិត ៣ ​ម៉ឺន​ហិកតា​»​។

​លោក​បេន​បញ្ជាក់ថា សម្រាប់​ឆ្នាំ ​២០២៣ នេះ​លោក​នឹង​បន្តធ្វើ​ប្រឡាយ​នឹង​របង​ព័ទ្ធ​តំបន់​ស្នូល​ដែល​នៅ​សេសសល់​ប្រមាណ ១៨​ គីឡូម៉ែត្រ​ទៀត​ឱ្យ​ហើយ ខណៈ​ការដោះដូរ​ដី​ជាមួយ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ស្នូល​កំពុង​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ​។

​លោក​ នេត្រ ភក្ត្រា រដ្ឋលេខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ខែ​​មករា​ថា តាមរយៈ​មូលនិធិ​បរិ​ស្ថាន និង​សង្គម​ក្នុង​ ១ ​ឆ្នាំ ក្រសួងបរិស្ថាន​បានផ្តល់​ការគាំទ្រ​ថវិកា​ចំនួន​ ២០ ០០០ ​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ក្រុម​សកម្ម​-ជន​បរិស្ថាន​លោក បេន ដេ​វី​ស​ដើម្បី​ប្រើប្រាស់​ក្នុងការ​ការពារ​និង​អភិរក្ស​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ពក​-​ភ្នំ​ត្នោត​។ ការផ្តល់​ថវិកា​នេះ​ធ្វើឡើង ៤​ ឆ្នាំ​កន្លងមកហើយ ខណៈ​គម្រោង​ផ្តល់ឱ្យ​គឺមាន​រយៈពេល​ ៥ ​ឆ្នាំ ហើយ​ក្រសួង​នឹង​ពិចារណា​ថែមទៀត​ទៅលើ​លទ្ធភាព​សម្រាប់​ការ​គាំទ្រ​បន្ថែម​។

​លោក​ថ្លែងថា​៖ «​កន្លងទៅនេះ​គាត់​បាន​ចូលរួម​សហការ​ល្អ ហើយ​បានធ្វើ​កិច្ច​ការងារ​រួម​ដោយ​ភាពស្មោះត្រង់ និង​វិជ្ជាជីវៈ ដែល​ធ្វើ​កិច្ចការងារ​លើ​ការផ្តោត​ជាសំខាន់​គឺ​ការ​ការ​ពារ និង​អភិរក្ស​ជីវចម្រុះ​នៅក្នុង​តំបន់​នោះ ព្រោះ​តំបន់​នោះ គឺជា​តំបន់​មួយ ដែល​សម្បូរ​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ជាពិសេស​ហ្វូង​សត្វ​ទន្សោង​»​។

​លោក​ថា ក្រសួងបរិស្ថាន​នឹង​បន្ត​សហការ​បន្ថែមទៀត​ជាមួយ​លោក​បេន និង​សហគមន៍ ដើម្បី​ថែរក្សា​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ឱ្យនៅ​គង់វង្ស​។ មួយវិញទៀត ក្រសួងបរិស្ថាន​ក៏​កំពុង​ជំរុញ​លើ​គម្រោង​លក់​ឥណ​​ទាន​កាបូន​ដើម្បី​ទទួលបាន​នូវ​ថវិកា​បន្ថែម​សម្រាប់​ការ​ទ្រទ្រង់​លើ​ការការពារ​អភិរក្ស និង​អភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​នៅ​ជុំវិញ​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ពក​-​ភ្នំ​ត្នោត​នេះ​៕

វីដេអូ៖