ភ្នំពេញៈ រាជរដ្ឋាភិបាលបានចំណាយថវិកាលើកទី១ ជិត ២០ លានដុល្លារ ជួយគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ខណៈរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជំរុញឱ្យមន្ត្រីពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យ និងការទប់ស្កាត់ភាពមិនប្រក្រតីលើការបើកផ្តល់ប្រាក់ចំនួន ២ លើកទៀត។
កាលពីខែធ្នូ ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយក្នុង ១ គ្រួសារនឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ១០ ម៉ឺនរៀល។
តាមសារលិខិតរបស់រាជរដ្ឋាភិបាល គ្រួសារដែលរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការនឹងត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ លើក ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណានឹងទទួលបានលើកទី ១ ចាប់ពីថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២២ លើកទី២ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ និងលើកទី ៣ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ នឹងត្រូវបើករៀងរាល់ថ្ងៃទី ១០ នៅក្នុងខែធ្នូ ខែមករា និងខែកុម្ភៈ។
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារជុំទី ១ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះនៅថ្ងៃទី ១០ មករាថា រដ្ឋាភិបាលបានចំណាយទឹកប្រាក់ប្រមាណជិត ២០ លានដុល្លារដើម្បីបើកផ្តល់ជូនគ្រួសាររងគ្រោះប្រមាណជិត ៣៦ ម៉ឺនគ្រួសារ។
លោកបានបញ្ជាក់ថា៖ «ការអនុវត្តកម្មវិធីទាំង ២ របស់យើង ជាលើកទី ១ ថា ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាប្រហែលជា ៩,១២ លានដុល្លារ និងមានអ្នកទទួលផលសរុបចំនួន ២៦០ ៥២៦ គ្រួសារ។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់នៅបណ្តា ១៦ រាជធានី-ខេត្ត មានប្រហែល ៩,៣០ លានដុល្លារ និងមានអ្នកទទួលផលសរុបជិត ៩៩០ ១៦៩ គ្រួសារ»។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ភាពមិនច្បាស់លាស់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បានបណ្តាលឱ្យមាននិន្នាការកើនឡើងនៃថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងស្ថិតក្បែរបន្ទាត់ក្រីក្រ។
លោក វង សូត បានបន្តថា ទន្ទឹមគ្នានេះដែរ នៅចុងឆ្នាំ ២០២២ នេះ ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់មួយចំនួន ក្នុងរាជធានី និងខេត្តចំនួន ១៦ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ ធ្វើឱ្យមានការលិចលង់ ខូចខាតផ្ទះសំបែង ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ជាហេតុបណ្តាលឱ្យមានផលប៉ះពាល់កាន់តែខ្លាំងឡើងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារងាយរងហានិភ័យ។ ដូច្នេះដើម្បីឆ្លើយតបនឹងស្ថានការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ចំនួន ២ បន្ថែមទៀត ក្នុងគោលបំណង សម្រាលការលំបាកផ្នែកជីវភាពរបស់គ្រួសាររស់នៅក្បែរបន្ទាត់ក្រីក្រ ដែលមានសមាជិកគ្រួសារជាជនងាយរងគ្រោះ។
ជាមួយនឹងការអនុវត្តគោលនយោបាយនេះ លោក វង សូត ក៏បានណែនាំឱ្យមន្ត្រីមានសមត្ថកិច្ចផ្តោតការយកចិត្តទុកដាក់តាមរយៈការពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យ និងការទប់ស្កាត់ភាពមិនប្រក្រតីរបស់មន្ត្រីអនុវត្តកម្មវិធីនៅថ្នាក់ឃុំ សង្កាត់មួយចំនួនតូច ជាពិសេស ការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចៀសវាងការថ្នាំងថ្នាក់ និងការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តកម្មវិធី ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត។
លោកបញ្ជាក់់ថា៖ «ខ្ញុំសូមគូសបញ្ជាក់ជូនអង្គប្រជុំនូវបញ្ហាគន្លឹះមួយចំនួន ដែលត្រូវបន្តយកចិត្តទុកដាក់អនុវត្ត និងចូលរួមដោះស្រាយឱ្យបានជាប្រចាំ និងទាន់ពេលវេលា ក្នុងទិសដៅធានាដល់ការអនុវត្តកម្មវិធីនៅមូលដ្ឋានប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ មានករណីមិនប្រក្រតី ដែលខ្ញុំសុំរំឭកពីចំណុចខ្វះចន្លោះជាពិសេសការអនុវត្តរបស់យើង ដើម្បីយើងកែឱ្យល្អ ដោយសារយើងមានការបើកផ្តល់លើកទី២ និងលើកទី៣ ដើម្បីឱ្យការបើកផ្តល់របស់យើងកាន់តែប្រសើរជាងហ្នឹងទៅទៀត»។
លោក វង សូត ក៏បានណែនាំមន្ត្រីពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព និងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដល់ឃុំ សង្កាត់ ដើម្បីឱ្យឃុំ សង្កាត់ អាចអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ធានាឱ្យការអនុវត្តកម្មវិធី ដំណើរការបានរលូន ស្របតាមផែនការកំណត់ និងលទ្ធផលរំពឹងទុក។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ធ្លាប់បានលើកឡើងថា ការដាក់ឱ្យអនុត្តកម្មវិធីនេះគឺជារឿងល្អមួយ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបការលំបាក ដែលជាគោលនយោបាយគិតគូររបស់រដ្ឋាភិបាល។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ក្នុងនាមអង្គការសង្គមស៊ីវិលគឺចង់ឃើញការផ្តល់ប្រាក់ឧបត្ថម្ភទាំងនេះ ប្រកបដោយតម្លាភាពដោយមិនមានការរើសអើង។
លោក ប្រាប់ថា៖ «ពលរដ្ឋរងគ្រោះប្រហាក់ប្រហែលគ្នា ត្រូវតែទទួលបានដូចគ្នា ព្រោះគាត់ជាប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅក្រោមដំបូលរាជរដ្ឋាភិបាលតែ ១ ទោះបីជាមាននិន្នាការនយោបាយយ៉ាងណាក៏ដោយ»។
គិតរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល បានចំណាយថវិកាសរុប ៩០០ លានដុល្លារហើយក្នុងការបើកផ្តល់ជូនពលរដ្ឋដែលងាយរងគ្រោះក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ចាប់តាំងពីឆ្នាំ ២០១៦ មក ក្នុងនោះ រួមទាំងពលរដ្ឋដែលរងផលប៉ះពាល់នឹងជំងឺកូវីដ ១៩ ផងដែរ ដែលទឹកប្រាក់នេះ បានផ្តល់ផលដល់ពលរដ្ឋរងគ្រោះប្រមាណ ៣ លាននាក់។ នេះបើតាម លោក ឈួរ សុបញ្ញា៕