ភ្នំពេញៈ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាទ្វេភាគី ជាមួយឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបង្ហាញជំហរជឿជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅប្រកបដោយរលូន និងមានការចូលរួមពីគណបក្សនយោបាយច្រើន។
លោក Pablo បានជួបពិភាក្សាជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងឱកាសដែលត្រូវបញ្ចប់បេសកកម្មការទូតនៅប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
លោកថ្លែងថា៖ «ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ ដែលនឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធបានចូលរួមប្រកួតប្រជែង ដោយសេរី ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះ»។
លោក ស ខេង ក្នុងនាមជាគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត ថ្លែងថា រាជរដ្ឋាភិបាល នឹងខិតខំធ្វើយ៉ាងណា សហការជាមួយនឹងតួអង្គពាក់ព័ន្ធជាពិសេសជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងណាធានាបាននូវបរិយាកាសសន្ដិសុខល្អប្រសើរ ដែលបម្រើឱ្យការងារបោះឆ្នោត ដែលគ្មានអំពើហិង្សា ប្រព្រឹត្តទៅដោយសេរី ទាំងនៅគ្រប់ដំណាក់កាលនៃការងារបោះឆ្នោត។ពាក់ព័ន្ធទៅនឹងដំណើរការត្រៀមលក្ខណៈសម្រាប់ការងារបោះឆ្នោត លោក ស ខេង ក៏បានប្រាប់លោក Pablo Kang នាឱកាសនោះផងដែរថា ក្រសួងមហាផ្ទៃនឹងសហការគ្រប់តួអង្គពាក់ព័ន្ធដើម្បីឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងគ្មានហិង្សានៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក សោម សូរីដា ថ្លែងថា ជាទូទៅដំណើរការនៃការរៀបចំការបោះឆ្នោតនានារៀបចំដោយកម្ពុជា តែងទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសបានទទួលស្គាល់ថា ការរៀបចំដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព នៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង។
លោកបន្តថា ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលី ពាក់ព័ន្ធទៅនឹងជំនឿលើដំណើរការរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះ ក៏ផ្អែកទៅលើសមិទ្ធផលនានាដែលគ.ជ.ប បានរៀបចំកន្លងមកដែរ និងផ្អែកទៅលើការវាយតម្លៃជាទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ កន្លងមកនេះ ក្នុងបរិយាកាសសុវត្ថិភាព សណ្តាប់ធា្នប់សាធារណៈ និងសន្តិសុខល្អ គ្មានអំពើហិង្សា និងគំរាមកំហែង ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោត ប្រកបដោយទឹកមុខរីករាយដែលមានតួលេខជាង ៨០%។
លោក សោម សូរីដា បានថ្លែងថា៖ «នេះ គឺជាសមិទ្ធផលជាក់ស្តែងដែល គ.ជ.ប បានបង្ហាញឱ្យមតិជាតិ និងអន្តរជាតិបានមើលឃើញ។ អ៊ីចឹងទេ ការជឿជាក់របស់ទូតអូស្ត្រាលី គឺជាការវាយតម្លៃមួយដោយផ្អែកទៅលើកិច្ចការដែលគ.ជ.ប បានអនុវត្តកន្លងមក រួមជាមួយនឹងការវាយតម្លៃពីមតិជាតិ និងអន្តរជាតិលើការរៀបចំរបស់ គ.ជ.ប សម្រាប់ការបោះឆ្នោត»។
ដោយឡែក ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលានោះដែរ លោកស ខេង បានថ្លែងដោយ បានសម្ដែងនូវការស្វាគមន៍ និងមានសេចក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង ២ ដោយលោកបានកត់សម្គាល់នូវកិច្ចការងារសំខាន់ៗមួយចំនួនរួមមានសកម្មក្នុងការជួយគាំទ្រដំណើរការការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងនគរបាលជាតិកម្ពុជា ជាមួយនឹងនគរបាលសហព័ន្ធអូស្ដ្រាលី និងការជួយគាំទ្រផ្ដល់ការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពដល់ការងារប្រយុទ្ធប្រឆាំងទៅនឹងការសម្អាតប្រាក់ និងគ្រឿងញៀនផងដែរ៕