កំពង់ស្ពឺៈ ស្នងការនគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី ១១ មករា កំពុងបន្តស៊ើបករណីសំណុំរឿងរបស់លោក ភឺន ដេត និងបញ្ឈរជើងមិនឱ្យធ្វើការមួយរយៈ បន្ទាប់ពីមានបណ្តឹងពីបុរស៥នាក់ចោទលោកនាយរងនគរបាលប៉ុស្តិ៍ព្រះស្រែរូបនោះថា បានប្រើអំពើហិង្សាវាយដំលើពួកគេ កាលពីយប់ថ្ងៃទី ៧ មករា ឆ្នាំ ២០២៣ នៅភូមិទួលតារាឃុំព្រះស្រែ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី១១ មករាថា លោកបានកោះហៅលោក ភឺន ដេត ជានាយរងនគរបាលប៉ុស្តិ៍ព្រះស្រែ ស្រុកឧដុង្គ មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺហើយក៏កំពុងបន្តស៊ើបបន្ថែមទៀត។ការបើកការស៊ើបអង្កេតនេះគឺលោកបានសាកសួរអ្នកដែលត្រូវគេចោទប្រកាន់ផង និងខាងភាគីអ្នកស្រុកផងដើម្បីរកយុត្តិធម៌ត្រឹមត្រូវ។
លោកថ្លែងថា៖ «ខ្ញុំដកគាត់មកទុកនៅស្នងការដ្ឋានហើយបង្កើតក្រុមការងារស្រាវជ្រាវ។ យើងស៊ើបសួរគាត់ផង និងស៊ើបសួរខាងអ្នកស្រុកផងដើម្បីយើងរកយុត្តិធម៌មួយត្រឹមត្រូវតើវាពិតឬមិនពិតយើងកំពុងតែធ្វើការស្រាវជ្រាវហើយ»។
បើតាមលោកស្នងការ សម សាមួន ករណីនេះខាងភាគីប្រជាពលរដ្ឋបានប្តឹងចូលផេចហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ហើយនៅពេលដែលលោកមើលឃើញនៅក្នុងហ្វេសប៊ុកទៅ លោក៏មានចំណាត់ការស្រាវ
ជ្រាវហៅអ្នកពាក់ព័ន្ធមកសាកសួរភ្លាមៗតែម្តង។
ពាក់ព័ន្ធករណីនេះដែរ លោក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១១ មករា ថា រឿងនេះពីដំបូងឡើយលោកមិនបានដឹងថាកើតមានហេតុការណ៍បែបនេះទេ ដោយសារខាងនគរបាល
ប៉ុស្តិ៍ព្រះស្រែ មិនបានរាយការណ៍ជូនលោក។ ចំណែកឯខាងភាគីប្រជាពលរដ្ឋវិញក៏មិនបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដែរ។
លោកបញ្ជាក់ថា៖«ខាងប៉ុស្តិ៍មិនបានរាយការណ៍មកអធិការដ្ឋានដែរ រហូតមានការចុះផ្សាយនៅក្នុងកាសែតព្រោងព្រាតផ្អើលពេញហ្នឹងទៅ។ ភ្លាមៗនោះខ្ញុំក៏កោះហៅមន្ត្រីរូបនោះទៅស្នងការដ្ឋានខេត្តដើម្បីស្រាវជ្រាវបន្ត»។
ដោយឡែកលោក ស៊ុន តុណ្ណា នាយនគរបាលប៉ុស្តិ៍ព្រះស្រែ បានឱ្យដឹងនៅថ្ងៃទី១១ មករា ថា ដំបូងឡើយហេតុការណ៍នេះគឺកាលពីវេលាម៉ោង៧កន្លះយប់ថ្ងៃទី៧ មករា កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោក ភឺន ដេត នាយរងប៉ុស្តិ៍នគរបាលព្រះស្រែ បានជិះម៉ូតូដើរល្បាតនៅក្នុងភូមិសាស្ត្រឃុំព្រះស្រែ ដោយមានកម្លាំងប្រជាការពារភូមិផង។ ការដែលសមត្ថកិច្ចចុះល្បាតនាពេលយប់ ព្រោះថាអាចមានពាក់ព័ន្ធនឹងក្មេងៗជក់គ្រឿងញៀនដែលបើកម៉ូតូឈូឆរចេញចូលភូមិ។
លោកបានបន្តថា ពេលកម្លាំងនគរបាលប៉ុស្តិ៍កំពុងជិះម៉ូតូដើរល្បាតនោះ ស្រាប់តែជួបមនុស្ស១ក្រុមបាននាំគ្នាផឹកស៊ីនៅក្នុងភូមិទួលតារា ឃុំព្រះស្រែ ស្រុកឧដុង្គ។ ពេលនោះកម្លាំងសមត្ថកិច្ចបានជិះម៉ូតូកាត់ក្រុមមនុស្ស
ដែលកំពុងអង្គុយផឹកស៊ីនោះ ហើយត្រូវក្រុមនោះបានស្រែកជេរសមត្ថកិច្ច។ គ្រានោះកម្លាំងសមត្ថកិច្ចក៏បានឈប់ដើម្បីសាកសួរពួកគេ តែក្រុមនោះនៅតែតមាត់ដោយប្រើសម្តីគំរោះគំរើយ។ ដោយមើលទៅគួរឱ្យសង្ស័យទើបសមត្ថកិច្ចហៅពួកគេទៅប៉ុស្តិ៍ដើម្បីពិនិត្យរកមើលសារធាតុញៀននៅក្នុងទឹកនោម។
លោកបានបញ្ជាក់ថា៖«ពួកគាត់ជេរប្រជាការពារ ជេរប៉ូលិស យើងក៏ហៅទៅសួរនាំ តែគេឱ្យពួកគាត់មកវិញអស់ហើយ មិនបានវ៉ៃតប់មានស្លាកស្នាមដែលពេលថតមានស្លាកស្នាមពីណាមក? ឧបមាថា បើយើងជិះធ្វើការស្លៀកពាក់ឯកសណ្ឋានប៉ូលិស ហើយគេស៊ីផឹកនៅកៀនផ្លូវ គេស្រែកជេរយើង បើយើងមិនឈប់សួរនាំបានន័យថាយើងមិនមែនជាសមត្ថកិច្ចទេ»។
លោកបន្តទៀតថា៖«មូលហេតុអីបានជាឃើញប្តឹងពេញវាលតាមហ្វេសប៊ុកអីមកអ៊ីចឹងទៅវិញ។ បើថាវ៉ៃឱ្យមានស្នាមឱ្យថតពេញមុខមក តែខ្ញុំអត់ឃើញមានស្នាមត្រង់ណាត្រង់ណីអត់ផងហ្នឹង។ គ្រាន់តែទាញគ្រវាសត្រូវគ្នាបន្តិចបន្តួចអត់ឃើញមានស្លាកស្នាមអីផងហ្នឹង»៕