ភ្នំពេញៈ អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ កំពុងធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសិទ្ធិមនុស្ស និងធ្វើការវាយតម្លៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) ជាអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ ស្តីពីការការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើងផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់រដ្ឋាភិបាល បានថ្លែងថា៖ «ខ្ញុំមើលឃើញថា ដំណើរទស្សនកិច្ចនេះគឺជាជំហានសំខាន់មួយក្នុងការអនុលោមតាមអាណត្តិ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សផ្ដល់ឱ្យខ្ញុំ ដើម្បីអនុវត្តការសន្ទនា និងស្វែងរកការសហការគ្នា ដែលទាក់ទងនឹងសិទ្ធិមនុស្សនៃសមាគមស្ដ្រីស្រឡាញ់ស្ដ្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំង២ភេទដូចគ្នា អ្នកប្ដូរយេនឌ័រ និងបុគ្គលចម្រុះយេនឌ័រ (អ្នកស្រឡាញ់ភេទដូចគ្នា)»។
អ្នកជំនាញរូបនេះនឹងធ្វើដំណើរទៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ហើយនឹងចូលរួមជាមួយអាជ្ញាធរ អ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិ មេដឹកនាំសាសនា និងអ្នកដទៃទៀត។ លោកនឹងធ្វើកំណត់សម្គាល់អំពីវិធានការដែលបានអនុម័តដើម្បីលុបបំបាត់អំពើហិង្សា និងការរើសអើងដោយផ្អែកលើការតម្រង់ទិសផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ហើយស្តាប់ភ័ស្តុតាងទាក់ទងនឹងចន្លោះប្រហោង និងបញ្ហាប្រឈមដែលនៅសេសសល់។
លោកបន្តថា ក៏នឹងប្រមូលធាតុផ្សំនានាដើម្បីវិភាគមូលហេតុនៃអំពើហិង្សា និងការរើសអើង រួមទាំងផលប៉ះពាល់នៃការរើសអើងក្នុងសង្គម និងទម្រង់នៃការរើសអើងប្រសព្វគ្នា។
លោក ម៉ាឌ្រីហ្គាល់ ប័រឡូស បាននិយាយថា ៖ «ការវាយតម្លៃរបស់ខ្ញុំនឹងផ្តល់ឲ្យខ្ញុំនូវហេតុផលដើម្បីផ្តល់អនុសាសន៍ដល់រដ្ឋ និងភាគីពាក់ព័ន្ធផ្សេងទៀត»។
ទាក់ទិនរឿងនេះអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺលោក កត្តា អ៊ន ថ្លែងថា ដំណើរទស្សនកិច្ចនេះ វាជាចំណុច១ដ៏ល្អសម្រាប់កម្ពុជា ក្នុងលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា មិនត្រឹមតែអង្គការសង្គមស៊ីវិល មិនត្រឹមតែរាជរដ្ឋាភិបាល និងមនុស្សគ្រប់គ្នា គឺផ្ដល់អាទិភាព និងធ្វើការលើកកម្ពស់សិទ្ធិ និងសេរីភាពអ្នកស្រឡាញ់ភេទដូចគ្នា លុបបំបាត់នូវការរើសអើងផ្សេងៗទាំងលក្ខណៈគ្រួសារ ទាំងលក្ខណៈសង្គមផងដែរ។
លោក កត្តា អ៊ន ថា៖ «ខ្ញុំមើលឃើញថា វាជាចំណុចល្អ១ ក្នុងការឱ្យតម្លៃទៅលើសិទ្ធិមនុស្ស ដែលមានន័យថា បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា គាត់ក៏មានសិទ្ធិសេរីភាពដូចអ្នកមិនស្រឡាញ់ភេទដូចគ្នាដែរ ហើយសិទ្ធិសេរីភាពនេះ គឺត្រូវបានធានាការពារដោយបទដ្ឋានគតិយុត្តអន្តរជាតិ និងធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបន្តថា៖« មួយវិញទៀតយើងក៏ឃើញថា បងប្អូនអ្នកដែលស្រឡាញ់ភេទដូចគ្នានៅកម្ពុជា មានសេរីភាពទូលំទូលាយ ហើយសេរីភាពនេះ គឺសម្បូរបែបមែនទែន ពីព្រោះពួកគាត់អាចប្រើប្រាស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អាចរួមរស់ជាមួយគ្នា ការតុបតែងខ្លួន និងការកែភេទជាដើម»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទាំងអស់នេះ វាគឺជាសេរីភាពដ៏ទូលំទូលាយ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសមួយចំនួនទាំងក្នុងតំបន់ និងក្រៅតំបន់ ដែលប្រទេសទាំងនោះ គឺគេមានច្បាប់រឹតត្បិតអ្នកស្រឡាញ់ភេទដូចគ្នា រហូតដល់មានការផ្តន្ទទោសអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។
សូមបញ្ជាក់ថា លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) បានចូលកាន់តួនាទីជាអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ លើការការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ហើយលោក ក៏ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធី អេលីន័រ រ៉ូសាវេល (Eleanor Roosevelt)នៅកម្មវិធីសិទ្ធិមនុស្សរបស់សាកលវិទ្យាល័យច្បាប់ ហាវើឌ (Harvard)ផងដែរ។ រហូតដល់ខែមិថុនា ឆ្នាំ២០១៩ លោកបានបម្រើការជាអគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារនីតិសម្បទាអន្តរជាតិសម្រាប់ជនរងគ្រោះដោយទារុណកម្ម(IRCT)៕