ភ្នំពេញៈអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានឱ្យដឹងថា ឆ្នាំ ២០២២ កន្លងទៅនេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ទភណ្ឌសង្គ្រាមនៃអង្គភាពស៊ីម៉ាក់បានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង ១៩៤ គីឡូម៉ែត្រការ៉េ និងគ្រោងបោសសម្អាតរំដោះផ្ទៃដីចម្ការមិន និងចម្ការគ្រាប់ចំនួនជាង ២៦៨ គីឡូម៉ែត្រការ៉េទៀត នៅឆ្នាំ ២០២៣ នេះ។
លោក ហេង រតនា បានឱ្យដឹងនៅថ្ងៃទី១១ ខែមករា ថា៖«ក្នុងឆ្នាំ២០២២កន្លងទៅនេះ យើងទទួលបានលទ្ធផលគួរជាទីមោទនៈដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បានជាង១៩៤គីឡូម៉ែត្រការ៉េស្មើនឹង៩១,៤ភាគរយគិតជាតំបន់ចម្ការមីនមានចំនួនជាង៣៤០និងប្រកាសភូមិគ្មានមីន បានចំនួន១៦៨ភូមិ និងប្រកាសខេត្តគ្មានមីនចំនួន៩ ខេត្ត/រាជធានី»។
លោកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងទៀតថា ប្រតិបត្តិការបោសសម្អាតមីននេះ ក្នុងឆ្នាំ ២០២២នេះដែរ កម្លាំងបោសសម្អាតមីនកម្ពុជាបានរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ៦១៤៧៧គ្រាប់។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋជាង៣ម៉ីនគ្រួសារ សម្រាប់ដីលំនៅឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។
លោក ហេង រតនា បន្ថែមថា ទន្ទឹមនឹងនេះ អង្គភាពស៊ីម៉ាក់ក៏បានផ្សព្វផ្សាយអប់រំការយល់ដឹងពីមីនដល់ក្រុមគោលដៅបានចំនួន ២២ ៧៦៥លើក មានមនុស្សចូលរួមសរុបចំនួន១ ៣៤២ ៧៩៤នាក់។ លោកថ្លែងថា៖«ជាការពិតណាស់ សមិទ្ធផលដែលសម្រេចបានខាងលើនេះ ដោយសារតែបានទទួលជំនួយគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ និងជាពិសេសពីសម្តេចតេជោ ទាំងទស្សនៈដឹកនាំ សម្ភារបច្ចេកទេស និងថវិកា»។
ដោយឡែកក្នុងឆ្នាំ២០២៣នេះ អង្គភាពស៊ីម៉ាក់ មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ចំនួនជាង ២៦៨ គីឡូម៉ែត្រការ៉េ និងអាចមានលទ្ធភាពពង្រីកបន្ថែមដល់ប្រមាណ ៣០០គីឡូម៉ែត្រការ៉េ និងត្រៀមឆ្លើយតបតាមសំណើសុំអន្តរាគមន៍បន្ទាន់ៗមួយចំនួនតាមភារកិច្ចចាំបាច់ដើម្បីធានាសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានឱ្យដឹងថា គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ កម្លាំងសម្អាតមីនកម្ពុជាបានបោសសម្អាតសម្រេចលើផ្ទៃដីចំនួន ២ ៥៥៤គីឡូម៉ែត្រការ៉េ រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន១ ១៥៣ ២១៧គ្រាប់,មីនប្រឆាំងរថក្រោះចំនួន ២៦ ១៣៥គ្រាប់,សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៣ ០៣៤ ៧២៧គ្រាប់។
លោកថ្លែងថា៖«គិតត្រឹមខែធ្នូ ឆ្នាំ២០២២ យើងនៅមានផ្ទៃដីមានការគំរាមប្រមាណ ១ ៩៧៦គីឡូម៉ែត្រការ៉េ ដែលត្រូវបន្តធ្វើការបោសសម្អាត(ផ្ទៃដីដែលមានមីន៦៤៨គីឡូម៉ែត្រការ៉េ ត្រូវការចំណាយថវិកាប្រមាណ ១៣០លានដុល្លារអាមេរិក)»។
ទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងទៀតថា ម្ចាស់ជំនួយលើវិស័យសកម្មភាពមីនបច្ចុប្បន្នរួមមាន៖ ប្រទេសជប៉ុន ស្វ៊ីស កាណាដា អូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ចិន អាមេរិក អៀរឡង់ ន័រវែស កូរ៉េខាងត្បូង អង្គការ UNDP អង្គការ UNICEF និងជំនួយមនុស្សធម៌ពីមូលនិធិឯកជននានា។
បើតាមលោក លី ធុជ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ដែលបច្ចុប្បន្នមានចំនួន១៦៤ប្រទេសជាសមាជិក។ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ“ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥”ដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាថែមទៀត ដើម្បីអាចឈានទៅសម្រេចបានគោលដៅទាំងអស់នេះ។
លោកបានលើកឡើងទៀតថា ក្នុងទិវាមច្ឆជាតិថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដែលប្រារព្ធធ្វើនៅទីតាំងអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការចូលរួមបរិច្ចាគដើម្បីឧបត្ថម្ភគាំទ្រដល់ការបោសសម្អាតគ្រាប់មីន ឈានទៅសម្រេចឱ្យបាននូវសូន្យគ្រាប់មីននៅកម្ពុជាត្រឹមឆ្នាំ២០២៥ ផងដែរ។
លោកថ្លែងថា៖«សម្ទុះនៃការចូលរួមចំណែកជាថវិកាពីស្ថាប័នឯកជន អ្នកជំនួញធំៗរហូតដល់មន្ត្រីរាជការ អ្នករកទទួលទានកម្រិតមធ្យម និងក្រោមមធ្យម បានបង្ហាញឱ្យឃើញបន្ថែមទៀតនូវកម្លាំងសាមគ្គីភាពក្នុងនាមជាខ្មែរដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យដោយសារគ្រាប់មីន»។
តាមរយៈការអំពាវនាវនេះ ថវិកាជាង១៨លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់បោសសម្អាតផ្ទៃដីប្រមាណ៩៤គីឡូម៉ែត្រការ៉េស្ថិតក្នុងខេត្តកំពត តាកែវ ស្វាយរៀង កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ និងស្រុកមួយចំនួនក្នុងខេត្តកំពង់ស្ពឺ៕