ភ្នំពេញៈអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកជំនាញជប៉ុន កំពុងសិក្សា ដើម្បីបង្កើតស្ថានីយបូមទឹកថ្មីបន្ថែមទៀត ស្របពេលស្ថានីយថ្មីមួយទៀត កំពុងសាងសង់បន្ថែមពីស្ថានីយបូមទឹកចំនួន ១៤ ដែលកំពុងមានក្នុងពេលបច្ចុប្បន្ន ដើម្បីរំដោះទឹកជន់លិចក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។
ស្ថានីយបូមទឹកចំនួន១៤កន្លែង ដែលកំពុងដំណើរក្នុងពេលបច្ចុប្បន្ន គឺរួមមានស្ថានីយបូមទឹកបឹងត្របែក, ស្ថានីយបូមទឹកបឹងទំពុន, ស្ថានីយបូមទឹកលូ៥, ស្ថានីយបូមទឹកបុរី១០០ខ្នង, ស្ថានីយបូមទឹកទួលសំពៅ, ស្ថានីយបូមទឹកកប់ស្រូវ, ស្ថានីយបូមទឹកស្វាយប៉ាក, ស្ថានីយបូមទឹកព្រះពន្លា, ស្ថានីយបូមទឹកទួលគោកទី១, ស្ថានីយបូមទឹកទួលគោកទី២ និងស្ថានីយ៤កន្លែងទៀតនៅមុខរាជវាំង និងព្រះគម្លង់។
លោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នស្ថានីយបូមទឹក១ថ្មី កំពុងត្រូវបានសាងសង់ នៅតំបន់គីឡូម៉ែតលេខ៩ ស្ថិតក្នុងខណ្ឌឫស្សីកែវ បន្ថែមពីលើស្ថានីយបូមទឹកដែលមានស្រាប់ទាំង១៤នេះ។ ទន្ទឹមនឹងនេះអ្នកជំនាញកម្ពុជា និងជប៉ុន ក៏កំពុងសិក្សាបន្ថែមទៀត ដើម្បីបង្កើតស្ថានីយបូមទឹកនៅតំបន់ថ្មីៗ ដែលកំពុងរងការជន់លិចផងដែរ។
លោក បានបញ្ជាក់ថា៖«នៅគីឡូម៉ែត្រលេខ៩ យើងកំពុងចាប់ផ្តើមសាងសង់ ដែលយើងទើបធ្វើពិធីក្រុងពលីកាលពីខែមុន ហើយអ្នកជំនាញ កំពុងបន្តការងារបុកគ្រឹះ។ អ្នកជំនាញជប៉ុន ក៏គេកំពុងតែសិក្សាឱ្យយើងបន្ថែមទៀត ដូចជាតំបន់ប៉ែកខាងត្បូងរាជធានី នៅម្តុំតំបន់សេដ្ឋកិច្ចពិសេស។ យើងកំពុងសិក្សាថា ត្រូវថែមស្ថានីយបូមទឹកនៅកន្លែងណាទៀត ព្រោះតំបន់ហ្នឹងនៅមានការជន់លិចខ្លាំងដែរ»។
តាមការសិក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ចូន សណ្ឋានដីនៅទីក្រុងភ្នំពេញ ជាតំបន់ទំនាបបាតខ្ទះព័ទ្ឋជុំវិញដោយទំនប់ ហើយរងការគំរាមកំហែងដោយទឹកជំនន់ចំនួន ៣ប្រភព ដោយទី១ គឺជំនន់ដោយទឹកភ្លៀង ទី២ ជំនន់ដោយទឹកទន្លេ និងទី៣ ជំនន់ពីស្ទឹងព្រែកត្នោត ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
លោក ម៉ែន សុខខេន បានលើកឡើងថា បើរាជធានីភ្នំពេញ មានស្ថានីយបូមទឹកកាន់តែច្រើន នោះនឹងចូលរួមជួយកាត់បន្ថយការជន់លិចបានមួយផ្នែក។ ប៉ុន្តែលោកថា ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាប្រព័ន្ធបង្ហូរទឹកនៅផ្ទះនីមួយៗ គឺជាការចូលរួមដ៏សំខាន់ជាង ដែលអាចឱ្យតំបន់ដែលពលរដ្ឋ កំពុងរស់នៅ មិនប្រឈមការស្ទះជន់លិច។
លោក បានបញ្ជាក់ថា៖«យើងមិនសង្ឃឹមទៅលើស្ថានីយហ្នឹងទាំងស្រុងទេ លុះត្រាមានការចូលរួមពីប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងរាជធានីភ្នំពេញហ្នឹង។ ដោយសារតែយើងខំបង្កើននូវសមត្ថភាពបូមទឹក ប៉ុន្តែពលរដ្ឋ អត់ចូលរួមក្នុងការថែទាំបណ្តាញលូ ប្រឡាយ។ យើងមិនឱ្យគាត់មកថែទាំទេ យើងសុំតែឱ្យគាត់យកចិត្តទុកដាក់ធ្វើម៉េច រឿងសំរាម និងរបស់របរបោះចោលហ្នឹង គឺទុកដាក់ឱ្យបានត្រឹមត្រូវទៅ នោះនឹងកាត់បន្ថយភាគរយច្រើននៃការស្ទះលូ និងលិចលង់»។
ចាប់តាំងពីឆ្នាំ១៩៩០ រាជធានីភ្នំពេញ មានបឹងចំនួន២៦ ហើយក្នុងនោះបឹងចំនួន១៦ ត្រូវបានចាក់ដីលុបទាំងស្រុង និងរលាយបាត់រូបរាងពីផែនទីភូមិសាស្ដ្ររាជធានីភ្នំពេញ ខណៈបឹងចំនួន១០ទៀត កំពុងត្រូវបានចាក់ដីលុបមួយផ្នែកជាបណ្ដើរៗ។ នេះបើយោងតាមរបាយការណ៍ស្តីពី បឹងចុងក្រោយ ក្នុងរាជធានីភ្នំពេញរបស់អង្គការសមាគមធាងត្នោត កាលពីឆ្នាំ២០១៩។
លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិអង្គការកែច្នៃ និងអនាម័យសហគមន៍ បានសាទរចំពោះការសិក្សាបន្ថែមក្នុងការបង្កើតស្ថានីយបូមទឹកឱ្យបានកាន់តែច្រើន។ ប៉ុន្តែយ៉ាងណា លោក នៅតែមើលឃើញថា បញ្ហាជនលិចក្នុងរាជធានីភ្នំពេញ គឺនៅតែកើតមាន ព្រោះការចោលសំរាមនៅតែបន្តកើនឡើង ខណៈបឹងធម្មជាតិមួយចំនួន ដែលជួយស្តុកទឹកក្នុងរាជធានីភ្នំពេញត្រូវបានបាត់បង់។
លោក បានបញ្ជាក់ថា៖«បើសិនជាធ្វើប្រឡាយទឹក ធ្វើប្រដាប់បូមទឹក ហើយមិនគិតគូរនឹងសំណល់រឹងហ្នឹងទេ នោះសំណល់ និងសំរាមប្លាស្ទិកហ្នឹង គឺអាចចូលក្នុងម៉ាស៊ីនបូមនេះ ក៏មិនអាចដំណើរការបានដែរ ដែលអាចខូចម៉ាស៊ីនទាំងនោះ ហើយរឿងរំដោះពីក្រុងទៅខាងក្រៅ គឺជារឿងល្អមួយ ប៉ុន្តែឥឡូវ ជុំវិញភ្នំពេញ បឹងលុបអស់ហើយ ខ្ញុំមិនដឹងថា បូមទៅណាទៀត»។
ជាមួយគ្នានេះលោក ហេង យ៉ុនគូរ៉ា យល់ថា ចំពោះដំណោះស្រាយនានាជុំវិញឥរិយាបថពលរដ្ឋក្នុងការទុកដាក់សំរាមអាជ្ញាធរ គួរតែមានការផ្លាស់ប្តូរ ហើយគួរតែប្រើប្រាស់ការគ្រប់គ្រងបញ្ហាសំរាម តាមប្រព័ន្ធវិសហមជ្ឈការ ដែលផ្តល់សមត្ថកិច្ចក្នុងការគ្រប់គ្រងសំរាមឱ្យទៅមូលដ្ឋានជាក់ស្តែងវិញ ហើយពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវមានកាតព្វកិច្ចចូលរួមក្នុងការងារនេះ។
លោក បានរៀបរាប់បន្តថា៖«ការរំដោះទឹកស្អុយចេញពីក្រុងនេះ គឺលូដែលបានដាក់ទាំងនោះ បានទាបជាងថ្នល់ និងផ្ទះពលរដ្ឋអស់ហើយ។ ដូច្នេះ នៅក្នុងលូនោះ គឺពោពេញដោយដបជ័រ និងប្លាស្ទិក ដែលជាចំណុចធ្វើឱ្យការការបូមលូដោយម៉ាស៊ីន នៅតែមានការស្ទះ។ ឃើញថា ប្រព័ន្ធប្រមូលសំរាម ក៏ប្រមូលមិនទាន់ ហើយធ្វើឱ្យសំរាមទាំងនោះហូរចូលទៅ ហើយនេះគឺរឿងតិចៗ ដែលយើងមិនបានគិតគូរ ធ្វើឱ្យទីក្រុងយើងមានការលំបាក»៕