កំពង់ស្ពឺៈ តំណាងក្រុមហ៊ុនចិន BUCG កាលពីថ្ងៃទី ១០ ខែមករា បានជួបរាយការណ៍ជូនមន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ពីការសិក្សាលទ្ធភាពរៀបចំផែនការមេសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ដើម្បីឈានទៅវិនិយោគលើការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។
លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា មន្ត្រីជំនាញរបស់ក្រសួង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន BUCG បានពិភាក្សារួមគ្នា ដើម្បីពន្លឿនគម្រោងនេះឱ្យអាចដំណើរការទៅបាន។
លោកថា តាមរយៈអង្គប្រជុំនោះដែរ អ្នកជំនាញ ក៏បានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើការងារបច្ចេកទេសពាក់ព័ន្ធ និងបានចែករំលែកបទពិសោធន៍ការងារពាក់ព័ន្ធលើវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីជំរុញធ្វើយ៉ាងណាកំណត់អត្តសញ្ញាណចំណុចខ្វះខាត និងបញ្ហាប្រឈមផ្សេងៗដែលអាចកើតមានលើការសិក្សាគម្រោងនេះផងដែរ។
លោកថ្លែងដូច្នេះថា៖«គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមននេះ គឺបង្កើតឡើងក្នុងគោលបំណងសំដៅកែលម្អប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យកាន់តែប្រសើរឡើង និងបញ្ឈប់ការបញ្ចេញទឹកកខ្វក់ទៅក្នុងទន្លេដោយផ្ទាល់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អនាម័យជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានលក្ខណៈប្ចេកទេសត្រឹមត្រូវ»។
លោករដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុមហ៊ុនចិន BUCG បន្តសហការជាមួយក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ ដើម្បីបំពេញបន្ថែមព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដល់ការសិក្សានេះសម្រាប់ត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំពិនិត្យ និងផ្តល់អនុសាសន៍ណែនាំបន្ថែមក្នុងទិសដៅជំរុញឱ្យគម្រោងនេះអាចអនុវត្តបានជោគជ័យ។
ទោះជាយ៉ាងណា ក្រសួងសាធារណការ និងក្រុមហ៊ុនចិន មិនទាន់បានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នេះនៅឡើយទេ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់អ្នកសារព័ត៌មានដោយបានបង្ហាញការគាំទ្រទាំងស្រុង ស្របពេលដែលមានកំណើនរោងចក្រសហគ្រាស ឧស្សាហកម្មនានា បូករួមកំណើនអាជីវកម្មនានាក្នុងខេត្តកាន់តែច្រើន គឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ឱ្យមានស្តង់ដាត្រឹមត្រូវ។
លោកបន្ថែមថា៖«ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះធ្វើឱ្យកាត់បន្ថយការបង្ហូរទឹកកខ្វក់ចូលទៅអាង ទំនប់ អូរ ព្រែក ស្ទឹង ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងសោភណភាពខេត្តផងដែរ»។
លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានទទួលដំណឹងពីគម្រោងវិនិយោគនេះរួចរាល់ហើយ គ្រាន់តែមិនច្បាស់ថា នឹងចាប់ផ្តើមពេលណា និងចំណាយថវិកាប៉ុន្មាននៅឡើយ ខណៈពេលនេះរដ្ឋបាលខេត្តកំពុងសិក្សាទីតាំង និងរង់ចាំព័ត៌មានបន្ថែមពីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកវ៉ី សំណាងរំពឹងថា នាពេលស្ថានីយប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់បានសាងសង់រួច នឹងធ្វើឱ្យសុខភាពរបស់ពលរដ្ឋមានភាពល្អប្រសើរ បញ្ហាទឹកស្អាត និងអនាម័យត្រូវបានកាត់បន្ថយ និងធ្វើឱ្យមានការទាក់ទាញកំណើនវិនិយោគ ពិសេសរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺថែមទៀត។
ក្រុមហ៊ុន BUCG ជាក្រុមហ៊ុនសហគ្រាសសំណង់ធំមួយរបស់ចិន ហើយក៏ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសកំពូលទាំង៥០០ របស់ចិន ដែលជាប់ចំណាត់ថ្នាក់ទី១៤នៅក្នុងក្រុមហ៊ុនម៉ៅការសំណង់កំពូលលំដាប់ថ្នាក់ពិភពលោក ក្នុងចំណោមក្រុមហ៊ុនម៉ៅការសំណង់កំពូលៗទាំង២៥០នៃកំណត់ត្រាព័ត៌មានវិស្វកម្ម(ENR )។
តំណាងក្រុមហ៊ុនខាងលើ បញ្ជាក់ប្រាប់មន្ត្រីកម្ពុជាថា BUCG ក៏ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំនៅប្រទេសកម្ពុជា ហើយកន្លងមកបានចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ រួមមានកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។
បច្ចុប្បន្ន ក្រុមហ៊ុន BUCG កំពុងតែសិក្សាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងបំណងរួមចំណែកកែលម្អបញ្ហាទឹកកខ្វក់ក្នុងខេត្តនេះឱ្យមានភាពប្រសើរឡើង។
បច្ចុប្បន្នខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្តានុពលខ្ពស់ ដោយមានរោងចក្រជាង៥០០រោងចក្រ បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៣០ម៉ឺននាក់ ដែលកំពុងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងគ្រួសារពលរដ្ឋនៅក្នុងខេត្តថែមទៀត៕