ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(ACU) បាន​ឃាត់​​ខ្លួន​លោក​ឡាយ សំណាង អនុ​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​ក្រសួង​សង្គមកិច្ច ជុំវិញ​ករណី​អំពើពុករលួយ​ដោយ​កិបកេង​ថវិការដ្ឋ​និង​លាង​លុយ​ជិត​ ៣៩ ​ម៉ឺន​ដុល្លារ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អះអាងថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ១០ មករា និង​បាន​បញ្ជូនទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី ​១១ មករា ក្រោយ​ការស៊ើបអង្កេត​ជិត​ ១៣ ​ខែ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​អ្នកនាំពាក្យ ACU ចេញផ្សាយ​នៅ​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា លោក ​ឡាយ សំណាង អាយុ ​៥២​ ឆ្នាំ ធ្លាប់​បម្រើការ​ជា​អនុប្រធាន​នាយក​ដ្ឋា​ន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១១ ខែមករា ដើម្បី​ព្រះរាជអាជ្ញា​សាកសួរ​បន្ត ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ចំនួន​ ២ ទី១ ជុំវិញ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​ទី​២ ជុំវិញ​ការសម្អាត​ប្រាក់​។​

ACU ឱ្យដឹងថា​៖ «​អង្គភាព​​ប្រឆាំង​អំពើពុករលួយ បាន​ស៊ើបអង្កេត​រយៈពេល​ជិត ១៣ ​ខែ​រួចមក បាន​សង្ស័យថា លោក ​ឡាយ សំណាង បាន​កិបកេង​ថវិការដ្ឋ និង​លាង​លុយ ប្រមាណ ៣៨៨ ០០០ ​ដុល្លារ​អាមេរិក ឬ​ជិត ៣៩ ​ម៉ឺន​ដុល្លារ បាន​ពី​ការ​ឆ្លៀត​កិបកេង​យកប្រាក់​ពី​គម្រោង​របស់​ក្រសួង​សង្គមកិច្ច ចំនួន​ ១១​ គម្រោង ដោយ​ក្នុង​ឆ្នាំ​ ២០១៩ មាន ៤​ គម្រោង និង​ឆ្នាំ​ ២០២០ មាន ​៧ ​គម្រោង​ទៀត​»​។​

ACU បាន​បញ្ជាក់ថា ក្នុងដំណាក់កាល​អ​ប្រក្រតីភាព​ហិរញ្ញវត្ថុ​របស់​ក្រសួង​សង្គមកិច្ច ខាង​ផ្នែក​បេឡាករ​របស់​ធនាគារ​ជាតិ​ធ្លាប់​ហៅ​លោក​ឡាយ សំណាង ទៅ​សួរនាំ​ផងដែរ ប៉ុន្តែ​លោក​នៅតែ​បន្ត​ធ្វើការ​កិបកេង​ថវិការដ្ឋ​របស់​ក្រសួង​ដដែល​។ ថ្នាក់​ដឹក​​នាំ​ក្រសួង​សង្គមកិច្ច​ក៏​ធ្លាប់​ស្រាវជ្រាវ​ករណី​លោក​ផងដែរ ដោយនៅ​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ ២០២០ លោក​ឡាយ សំណាង បានទទួល​សារភាព ហើយ​ធ្វើ​កិច្ចសន្យា​ដើម្បី​សុំ​សង​ថវិកា​ចំនួន ៧ ​គម្រោង ហើយ​រហូត​ក្រសួង​សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​​ភ្នំពេញ នៅ​ខែតុលា ឆ្នាំ​ ២០២១ រហូត សាលា​រាជធានី​ភ្នំពេញ​បញ្ជូន​សំណុំ​រឿងនេះ​បន្តទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ខែមីនា ឆ្នាំ​ ២០២២​។​

​លោក​ តូច ចាន់នី អគ្គនាយក​​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច បានឱ្យដឹងថា កន្លងមក​ខាង​ផ្ទៃក្នុង​របស់​ក្រសួង​សង្គមកិច្ច បាន​ហៅ​សាកសួរ​និង​ណែនាំ​លោក​ឡាយ សំណាង ជាច្រើនលើក​ច្រើនសា​ផងដែរ ដើម្បីឱ្យ​លោក​សង​ថវិការដ្ឋ ដែល​បាន​កិបកេង​នោះ ប៉ុន្តែ​មិនបាន​ទទួល​ផ្លែផ្កា ទើប​ក្រសួង​សម្រេច​ប្រគល់​សំណុំរឿង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​អនុវត្តតាម​នីតិវិធី​​ច្បាប់ រហូត​ឈានដល់​ការឃាត់ខ្លួន​ដូចនេះ​។​

​លោក ​តូច ចាន់នី បញ្ជាក់ថា​៖ «​កន្លងមក​យើង​ហៅ​សួរ យើង​ហៅ​ណែនាំ ឱ្យ​យកប្រាក់​មក​សង​គេ​ទៅ តាម​ដែល​ខ្ញុំ​ដឹង យើង​មាន​អគ្គនាយក មាន​មេធាវី​ប្រចាំ​ក្រសួង ហៅ​គាត់​មក​សួរនាំ​ឱ្យដឹង​រឿង និង​មានការ​ពន្យល់​ណែនាំ​ផង ដំបូង​ឡើយ​មិន​ចង់ឱ្យ​ឈានដល់​ការឃាត់ខ្លួន​អ៊ីចឹង​ទេ តែដោយសារ​គាត់ [​ឡាយ សំណាង​] មិន​ទទួលខុសត្រូវ មិន​រ៉ាប់រង មិន​ព្រម​សង ក្នុងការ​សាកសួរ​ជា​ច្រើនលើកច្រើនសា រហូត​ចុង​​ក្រោយ​យើង​លែងឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់ការ​តាម​នីតិវិធី​ទៅ​»​។​

​លោក ​តូច ចាន់នី បន្ថែមថា ក្នុងអំឡុងពេល​ស៊ើបអង្កេត​ករណី​កិបកេង​ថវិកា និង​លាង​លុយ​នេះ ក្រសួង​សង្គមកិច្ច​បាន​ព្យួរ​តួនាទី​របស់លោក​ឡាយ​សំណាង ជា​អនុប្រធាន​នាយក​​ដ្ឋា​ន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ ក្នុងអំឡុងពេល​កូ​វីដ​ ១៩ កំពុង​រាតត្បាត កាលពី​ខែឧសភា ឆ្នាំ​ ២០២១ រហូត​ឈានដល់​ការ​ឃាត់ខ្លួន​ដោយ ACU នៅ​ដើម​ខែមករា ឆ្នាំ ២០២៣ នេះ​។​

​លោក ​ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុ​ជា​ (Transparency International Cambodia) ថ្លែងថា ការ​ស៊ើប​អង្កេត​រហូត​ឈានដល់​ការឃាត់ខ្លួន​អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​នៃ​ក្រសួង​សង្គមកិច្ច​នេះ ជា​ដំណើរការ​វិជ្ជមាន​ ១​ នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ដែល​អង្គការ​តម្លាភាព​ផ្ទាល់ និង​សង្គម​ស៊ីវិល​ដទៃទៀត​មានការ​សាទរ​។​

​លោក​ ប៉ិច ពិសី ថ្លែងថា​៖« ​ដោយសារ​ទំហំ​ថវិកា​ធំធេង ក្នុងករណីនេះ ដូច្នេះ ខ្ញុំ​យល់ថា គួរតែមាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ដើម្បី​ស្វែងរក​ភ័ស្តុតាង ឬក៏​លទ្ធភាព​នៃ​ការជាប់​ពាក់ព័ន្ធ​ពី​មន្ត្រី​ដទៃទៀត ដែល​ការ​ស៊ើប​អង្កេត​ជា​ប្រព័ន្ធ​គួរ​មានការ​កើត​ឡើង ដែល​ធានាថា អ្នកពាក់ព័ន្ធ​ត្រូវបាន​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ និង​ស្មើភាព​គ្នា​»​។​

​លោក​ ប៉ិច ពិសី បន្ថែមថា ករណី​លោក​ឡាយ សំណាង នេះ​ជា​គំរូ​ព្រមាន​ទៅដល់​មន្ត្រីរាជការ​ដទៃ​ទៀត កុំឱ្យ​កិបកេង​ថវិការដ្ឋ​ដូច្នេះ​ទៀត ហើយ​លោក​ថា ករណី​កិបកេង​ថវិការដ្ឋ​នៃ​ក្រសួង​សង្គមកិច្ច​នេះ មិន​ត្រឹមតែ​ជាការ​រំលោភច្បាប់​ប៉ុណ្ណោះ​​ទេ ហើយ​ការ​ជា​ទង្វើ​អសីលធម៌​ផង ខណៈ​ក្នុងអំឡុងពេល​អន្តរកាល ដែល​ជនក្រីក្រ ជន​ងាយ​-​រងគ្រោះ ជនពិការ ទុរគតជន​ជាដើម​កំពុង​ត្រូវការ​ជំនួយ បែរ​មន្ត្រី​រដ្ឋ​កេងប្រវ័ញ្ច​ថវិកា​ជំនួយ​បែបនេះ​។​

​អ្នកយកព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​មិនទាន់​អាចទាក់ទង​មេធាវី​និង​សមាជិក​ក្រុមគ្រួសារ​ជន​សង្ស័យ ដើម្បី​បំភ្លឺ​បន្ថែម​បាន​នៅឡើយ​ទេ​គិត​ត្រឹម​រសៀល​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ​ ២០២៣​។​

លោក​ ប្លង់ សុផល អ្នក​នាំ​​ពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំ​ពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ​ ២០២៣ ​ថា ករណី​ឈ្មោះ ឡាយ សំណាង តំណាង​អយ្យ​ការ​បាន​បើក​ការ​ស៊ើបសួរ​ពីបទ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​បទ​សម្អាត​ប្រាក់​។​

​លោក​បញ្ជាក់ថា​៖ «​បទល្មើស​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​តាម​មាត្រា​ ៥៩៧ និង​មាត្រា ​៥៩៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។ រីឯ​បទ​សម្អាត​ប្រាក់​តាម​មាត្រា ៣២​ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​មាត្រា​ ៣៨​ នៃ​ច្បាប់​ស្ដីពី​ការ​ប្រ​ឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញ​ប្ប​ទាន​ភេរវកម្ម​»​។

​គួរ​ជម្រាបជូន​ថា ក្នុង​ការងារ​ជាម​ន្ត្រី​រាជការ​លោក​ឡាយ សំណាង បាន​បម្រើការ​ជា​ប្រធានការិយាល័យ​អភិវឌ្ឍន៍​ស្រុក​បាភ្នំ នៃ​មន្ទីរ​អភិ​​វឌ្ឍន៍​ជនបទ​ខេត្តព្រៃវែង ចាប់ពី​ឆ្នាំ​ ១៩៩៣ រហូតដល់​ឆ្នាំ​ ២០០២​។ ពី​ឆ្នាំ​ ២០០២ ដល់​ឆ្នាំ ២០០៧ លោក​បាន​បម្រើការ​ជា​មន្ត្រី​សម្របសម្រួល​នៃ​កម្មវិធី​កំណែ​ទម្រង់​ថ្នាក់ក្រោម​ជាតិ ប្រចាំខេត្ត​ព្រៃវែង​។ ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ ​២០១៣ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​ហរិញ្ញវត្ថុ និង​ផ្គត់ផ្គង់​នៃ​ក្រសួង​សង្គមកិច្ច​។ បន្ទាប់មក នៅ​ឆ្នាំ ​២០១៤ លោក​ក្លាយជា​អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់​ផ្គង់ រហូតដល់​ការព្យួរ​តួនាទី​នៅ​ខែឧសភា ឆ្នាំ ២០២១៕

វីដេអូ៖