ត្បូងឃ្មុំៈ គណបក្សប្រជាជនកម្ពុជា (CPP) នៅខេត្តត្បូងឃ្មុំ ប្តឹងលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ទៅតុលាការខេត្តត្បូងឃ្មុំ ដោយទាមទារជំងឺចិត្ត ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក។ គណបក្សនេះអះអាងថា សារនយោបាយរបស់លោក គង់ គាំ ថ្មីៗនេះមានគោលបំណងញុះញង់ និងបង្កឱ្យមានភាពវឹកវរ ចលាចល និងអសន្តិសុខសង្គម។
កាលពីថ្ងៃទី ៩ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារព្រមានដល់គណបក្សនយោបាយ ដែលវាយប្រហារគណបក្សប្រជាជនកម្ពុជាដោយថា ប្រសិនបើគណបក្សណាបន្តវាយប្រហារតទៅទៀត គណបក្សរបស់លោកនឹងប្រើសិទ្ធិការពារខ្លួនក្នុងករណីចាំបាច់តាមរយៈផ្លូវច្បាប់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏លើកឡើងដែរថា គណបក្សនយោបាយខ្លះ ក្នុងប៉ុន្មានថ្ងៃមកនេះ បានបើកការវាយប្រហារចំពោះគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះលោក ហ៊ុន សែន បានថ្លែងដោយចំឈ្មោះ និងបានផ្តាំទៅលោកគង់ គាំ ឱ្យបញ្ឈប់ការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំសូមដាស់តឿនជាការព្រមានបន្ថែម។ អ្នកឯងសាកមើល៍! ហ៊ុន សែន ហ៊ានវ៉ៃខ្នោះចំពោះជនក្បត់ ដែលមានភ័ស្តុតាងគ្រប់គ្រាន់នៅម៉ោង ១២ យប់។ ហ៊ុន សែន គឺមិនខ្លាចអ្វីទាំងអស់ ទាក់ទងនឹងរឿងថែរក្សាសន្ដិភាព»។
លោកថា៖ «ខ្ញុំសុំព្រមានអ្នកឯង កុំឱ្យសោះ កុំ។ អ្នកឯងវ៉ៃ ប្រហារអី វ៉ៃទៅ! អ្នកឯងអួត អ្នកឯងវ៉ៃទៅ! អ្នកឯងវ៉ៃគណបក្សប្រជាជន អ្នកឯងដឹងថា គេឈឺទេ»។
ពាក្យបណ្តឹងគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលតំណាងដោយលោក សេង ជ័យវុធ អនុប្រធានរុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំបញ្ជាក់ថា៖ «ចំពោះសម្ដី របស់ឈ្មោះ គង់ គាំ ពិតជាបានឆ្លុះបញ្ចាំងអំពីចេតនាទុច្ចរិត ក្នុងគោលបំណងញុះញង់ បង្កឱ្យមានភាពវឹកវរ ចលាចល អសន្តិសុខសង្គម»។
យោងតាមពាក្យបណ្តឹងនេះ លោក គង់ គាំ បានថ្លែងសារនយោបាយ កាលពីថ្ងៃទី ៧ មករា ក្នុងវេទិកាសាធារណៈក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពាក្យបណ្តឹងចុះថ្ងៃទី ១០ មករា បញ្ជាក់ថា៖ «ខ្ញុំបាទសុំប្ដឹង និងធ្វើសំណូមពរចំពោះឯកឧត្តមព្រះរាជអាជ្ញា ដូចខាងក្រោម៖សុំឱ្យពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុតលើឈ្មោះ គង់ គាំ តាមបញ្ញត្តិ នៃក្រមព្រហ្មទណ្ឌ[និង] បង្គាប់ឱ្យឈ្មោះគង់ គាំ បង់សំណងជំងឺចិត្តចំនួន USD ៥០០ ០០០ ឱ្យទៅគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ»។
លោក គង់ គាំ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែមករា ថា លោកបានឃើញពាក្យបណ្តឹងនេះហើយ។ គណបក្សភ្លើងទៀន និងមេធាវីកំពុងតែផ្ទៀងផ្ទាត់មើលបញ្ហាទាំងអស់នេះ។ នៅក្នុងវេទិកានេះ លោកបានថ្លែងពាក់ព័ន្ធពាក្យស្លោក«ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកអ្នកដាំ» ដោយលោកបញ្ជាក់ថា៖ «ដូច្នេះ ខ្ញុំមិនបានញុះញង់អី ឬក៏មានពាក្យពេចន៍អីធ្ងន់ធ្ងររហូតដល់ទៅទុច្ចរិត រហូតដល់ទៅញុះញង់ឱ្យវឹកវរទេ បាទ!»។
លោកថា សាររបស់លោកចង់ប្រាប់សមាជិកគណបក្សភ្លើងទៀន អ្នកគាំទ្រ និងប្រជាពលរដ្ឋឱ្យស្គាល់គណបក្សភ្លើងទៀនថា ប្រភព គឺមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ រដ្ឋធម្មនុញ្ញកម្ពុជា ហើយអ្នកដាំ គឺ «អ្នកប្រជាធិបតេយ្យសេរីខ្មែរ»។ នៅក្នុងវេទិកានោះ លោកក៏បានលើកឡើងពីពាក្យថា «ចង់ឈ្នះ» និងពាក្យ «ចង់ផ្លាស់ប្តូរ»។
លោក គង់ គាំ ពន្យល់ថា៖ «ការចង់ឈ្នះ ការចង់ផ្លាស់ប្តូរ គ្រាន់តែជាទឹកចិត្ត គ្រាន់តែជាទ្រឹស្តី ហើយការដែលគេហៅថាគោលដៅថា ចង់យកឈ្នះប៉ុន្មានអាសនៈនៅមណ្ឌលខេត្តរបស់ខ្លួន ក៏ជាទ្រឹស្តី ក៏ជាទឹកចិត្តដែរ ទាល់តែសកម្មជន រចនាសម្ព័ន្ធទាំងអស់ បេក្ខជនអី យកគោលនយោបាយរបស់គណបក្សទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋជួយ ហើយនិងជឿ ហើយនិងគាំទ្រ តែប៉ុណ្ណោះទេ បាទ! ដូច្នេះ គំនិតប៉ុណ្ណឹង ដូចអត់មានអីជាទុច្ចរិតទេ ហើយអត់មានអីជាញុះញង់ឱ្យមានភាពចលាចលទេ បាទ!»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនទាន់បានដឹងពីករណីប្តឹងនេះ នៅឡើយទេ ប៉ុន្តែលោកថា បើមានការរំលោភ និងល្មើសច្បាប់នៅទីណា ទីនោះនឹងធ្វើការប្តឹង ព្រោះ គណបក្សប្រជាជនកម្ពុជាមាននៅតាមបណ្តាខេត្តនិងស្រុក។
លោកថ្លែងថា៖ «អ៊ីចឹងទេ មិនអាចឱ្យជនល្មើសចេះតែប្រព្រឹត្តបានតាមអំពើចិត្តទេ ព្រោះសម្តេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ប្រធានគណបក្សប្រជាជនកម្ពុជាលោកបានផ្សព្វផ្សាយ ក៏រំឭកដាស់តឿនហើយថា កុំឱ្យមានការព្រហើនរំលោភដល់សិទ្ធិគណបក្សប្រជាជនកម្ពុជា មួលបង្កាច់ ហើយនិងប្រឌិតរឿង»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការប្ដឹងផ្ដល់គ្នារបស់អ្នកនយោបាយនឹងធ្វើឱ្យភាពតានតឹងខាងនយោបាយកើតមាន ហើយការប្រេះឆា រវាងអ្នកគាំទ្រក៏អាចកើតមានដែរ។ អ្នកនយោបាយគួរតែមានពេលវេលាជជែកគ្នា ដើម្បីរកដំណោះស្រាយ និងកំណត់ពីរបៀបធ្វើនយោបាយ ក៏ដូចជាកំណត់ពីរបៀបឃោសនា ឬក៏ប្រតិកម្ម ឬក៏របៀបរិះគន់ជាដើម។
លោកថ្លែងថា៖ «អ៊ីចឹង ខ្ញុំថា រឿងទាំងអស់នេះ ជារឿងមួយសំខាន់ ពីព្រោះថា អ្នកនយោបាយ ដែលយើងតែងឃើញកន្លងមក គឺជម្លោះទាស់ទែងរបស់អ្នកនយោបាយហ្នឹង គឺតែងតែកើតមានជាយូរយារមកហើយ ហើយចេះតែបន្តកើតមាន ទោះបីថា ពេលបោះឆ្នោត ឬក៏មិនបោះឆ្នោតក៏ដោយ ចេះតែកើតមាន»។
លោកបន្ថែមថា៖ «អ៊ីចឹង ខ្ញុំថា ដើម្បីកុំឱ្យមានការប្ដឹងផ្ដល់គ្នា អ្នកនយោបាយគួរតែកំណត់ពីគោលការណ៍រួមមួយ ថាតើកម្រិត ប៉ុនណាដែលវាដល់ពិតានដែលត្រូវតែថយចុះមកវិញ កុំឱ្យមានការទម្លុះដំបូលតទៅទៀត ដែលធ្វើឱ្យបែកបាក់ជាតិ ធ្វើឱ្យមានការខាតប្រយោជន៍ជាតិធ្ងន់ធ្ងរ»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការបញ្ចេញមតិយោបល់ក្នុងសង្គមប្រជាធិបតេយ្យ គឺជាផ្កាចម្រុះពណ៌ ដែលធ្វើឱ្យសង្គមមានលក្ខណៈផូរផង់នៃប្រជាធិបតេយ្យ។ ការបញ្ចេញមតិយោបល់ដោយមុសា ដោយបញ្ចើចបញ្ចើ ដោយឆេះ ដោយបង្កចលនាឱ្យវឹកវរ និងអសន្តិសុខសង្គម ទើបមានវិធានការផ្លូវច្បាប់ ឬក៏មានការប្ដឹងផ្ដល់។
លោកថា៖ «ដោយឡែក ករណីបណ្ដឹងលោក គង់ គាំ នេះ ទី ១ ខ្ញុំសូមបញ្ជាក់ថា វាជាសិទ្ធិរបស់អ្នកប្ដឹង។ ទី ២ វាជាឆន្ទានុសិទ្ធិរបស់តុលាការ។ បើតុលាការរកឃើញថា លោក គង់ គាំ ពិតជាមានអង្គហេតុច្បាស់លាស់ ដែលគាំទ្រទៅដល់បណ្ដឹងដែលនាំឱ្យគាត់មានទោសទណ្ឌ នោះជាឆន្ទានុសិទ្ធិរបស់តុលាការ»។
លោក យង់ ពៅ បានបន្ថែមថា៖ «ប៉ុន្តែបើតាមខ្ញុំមើលឃើញសំណេរនៅក្នុងពាក្យបណ្ដឹង ហាក់ដូចជាមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ ដែលបញ្ជាក់ថា បង្កឱ្យមានចលាចលនោះទេ។ ទោះយ៉ាងណា ខ្ញុំអនុលោមទៅតាមអ្នកប្តឹង ម្ចាស់បណ្តឹង គឺជាសិទ្ធិរបស់ម្ចាស់បណ្តឹង ហើយការសម្រេច គឺជាសិទ្ធិតុលាការផ្អែកលើអង្គហេតុ និងអង្គច្បាប់»៕
វីដេអូ៖