ភ្នំពេញៈ ប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ (MRC) ទាំង ៤ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម និងដៃគូរបស់ខ្លួនមានចិន និងមីយ៉ាន់ម៉ា នឹងអំពាវនាវឱ្យមានដំណោះស្រាយថ្មីៗនៃអាងទន្លេមេគង្គ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាខណៈទន្លេនេះ កំពុងឆ្លងកាត់នូវការផ្លាស់ប្តូរយ៉ាងសម្បើម។
សេចក្តីប្រកាសព័ត៌មានគណៈកម្មការទន្លេមេគង្គ (MRC) បញ្ជាក់នៅថ្ងៃទី ១០ ខែមករាថា៖ «ថ្នាក់ដឹកនាំមេគង្គនឹងអំពាវនាវឱ្យមានដំណោះស្រាយថ្មីៗក្នុងកិច្ចប្រជុំកំពូលរបស់ MRCនាពេលខាងមុខនេះដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា»។
ប្រមុខរដ្ឋាភិបាលមកពីប្រទេសសមាជិកទាំង ៤ របស់ MRC រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសជាដៃគូមានចិន និងមីយ៉ាន់ម៉ា នឹងបើកកិច្ចប្រជុំកំពូលលើកទី៤ និងសន្និសីទអន្តរជាតិរបស់ MRC ដោយមានការចូលរួមផ្ទាល់ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ មេសា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីកំណត់ជោគវាសនារបស់អាងទន្លេមេគង្គ។
សេចក្តីប្រកាសព័ត៌មានបន្តថា ព្រឹត្តិការណ៍កម្រិតនយោបាយខ្ពស់បំផុតរបស់ស្ថាប័ននេះ នឹងនាំឱ្យប្រទេសតាមដងទន្លេមេគង្គទាំង ៦ ជួបពិភាក្សាពីការអភិវឌ្ឍថ្មីៗ កាលានុវត្តន៍ និងដំណោះស្រាយបែបនវានុវត្តន៍លើបញ្ហាប្រឈមនានា ដោយរាប់ចាប់ពីផលវិបាកនៃការអភិវឌ្ឍពាក់ព័ន្ធនឹងទឹក រហូតដល់ការប្រែប្រួលអាកាសធាតុ ដែលកំពុងជះឥទ្ធិពលដល់ទន្លេមេគង្គ។
លោក អានុឡាក់ ខិធិឃូន នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ថ្លែងថា៖ «ទន្លេមេគង្គកំពុងឆ្លងកាត់នូវការផ្លាស់ប្តូរយ៉ាងសម្បើម។ យើងត្រូវតែច្នៃប្រឌិតឥតឈប់ឈរ ទាំងផ្នែកគោលនយោបាយ យុទ្ធសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីនាំឱ្យការគ្រប់គ្រង និងអភិវឌ្ឍអាងទន្លេមេគង្គកាន់តែមានការទទួលខុសត្រូវ និងប្រកបដោយចីរភាព»។
កិច្ចប្រជុំកំពូលលើកទី ៤ នឹងនាំមុខដោយសន្និសីទអន្តរជាតិមួយនៅថ្ងៃទី ២ និងទី ៣ ខែមេសានឹងពិភាក្សាជុំវិញប្រធានបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខទឹក និងទន្លេមេគង្គប្រកបដោយចីរភាព»។
សន្និសីទនេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីភាគីពាក់ព័ន្ធ ជំនាញ និងអ្នកចាប់អារម្មណ៍ពីកិច្ចការទន្លេមេគង្គនៅទូទាំងពិភពលោក ប្រមាណ ៤០០ នាក់។
សេចក្តីប្រកាសព័ត៌មានបន្តថា អ្នកចូលរួមទាំងអស់នឹងធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយការបំផុសគំនិត ចំណេះដឹងដែលបានអនុវត្ត រួមទាំងបទពិសោធន៍ជាក់ស្ដែងជុំវិញនវានុវត្តន៍ពាក់-ព័ន្ធនឹងទឹកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទន្លេមេគង្គ។
សាធារណជន ឬអង្គភាពនានាដែលចាប់អារម្មណ៍ត្រូវចុះឈ្មោះចូលរួមជាមុន។ អ្នកជំនាញការ ត្រូវបានស្វាគមន៍ឱ្យដាក់សំណើធ្វើបទបង្ហាញនៅឯសន្និសីទនេះ៕