តាកែវៈសត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល ដែលធ្លាប់​​រង​របួស​ដាច់​ជើ​ងឆ្វេង​ផ្នែក​ខាង​មុខ ដោយសារ​ជាប់​អន្ទាក់​ជន​ល្មើស​​​កាល​ពី​ឆ្នាំ​មុន ​នៅពេល​នេះ ត្រូវ​បាន​ចាប់​​ចេញពីព្រៃសហគមន៍​យក​មកធ្វើការ​ព្យាបាល​ជាថ្មីទៀត ដោយ​ក្រុម​គ្រូ​ពេទ្យ​​​ជំនាញ​នៃ​ឧទ្យាន​សួន​សត្វ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ បន្ទាប់​ពី​វាបាន​បង្ហាញ​ខ្លួន​ជាថ្មី​ កាលពីថ្ងៃ​ទី ១០ ខែ​​មក​រា ឆ្នាំ​ ២០២៣ ជាមួយ​នឹង​មុខ​របួស​ហូរ​ឈាម ​និង​ជំងឺដុំ​ពកដ៏​ធំមួយ​នៅក្រោម​ពោះរប​ស់​វា​​។

លោក​ ទ្រី ស៊ីថេ​ង ប្រធាន​បុគ្គលិ​ក ថែ​រក្សា និង​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំតា​ម៉ៅ បា​ន​ប្រាប់ ​ភ្នំ​ពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១១ ខែម​ករា ឆ្នាំ​ ២០២៣​ ថា សត្វ​ទន្សោង​ឈ្មោល​ដ៏គួរ​ឱ្យ​អាណិត​នោះ ត្រូវ​បាន​ក្រុម​ការងា​រ​របស់​លោក បញ្ជូន​មក​ដល់​ មជ្ឈ​មណ្ឌល​ថែរ​ក្សា និងសង្គ្រោះ​សត្វ​ព្រៃ​ភ្នំតា​ម៉ៅ​ កាល​ពី​វេលាម៉ោង ​៧:៣០ នា​ទីល្ងាច​ថ្ងៃ​ទី ១០ ខែម​ករា ឆ្នាំ​ ២០២៣ បន្ទាប់​ពី​សមត្ថ​កិច្ច​​រដ្ឋបាល​ព្រៃ​ឈើថ្ពង និង​ប្រជា​សហគមន៍​ ៨​ មុំ បាន​ប្រទះ​ឃើញ​វា​ក្នុង​អាការៈ​ហូរ​ឈាម​តាម​ស្នាម​របួស​ចាស់​នាព្រឹក​នោះ​ ហើយ​សុំឱ្យកម្លាំង​​ជំនួយ​ពី​ក្រុម​មន្ត្រី​ជំនាញ​របស់​លោក ជួយ​អន្តរា​គមន៍​ចុះ​ចាប់​វាយក​មក​ព្យាបាល​។

លោក​បាន​បញ្ជាក់​ថា​៖ «ក្រុម​ការងារ​យើង​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង ​ដើម្បី​កៀង​ចាប់វា​ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​សណ្ដំ​បាញ់​ទៅ​លើវា​»។

ក្រោម​អាកាស​ធាតុ​អាប់​អ៊ួរ មាន​ភ្លៀង​ធ្លាក់​ពេញ​១​ថ្ងៃ ការ​ដឹក​ជញ្ជូន​សត្វ​ទន្សោង​​ពិការ​​នោះ​ចេញ​ពីក្នុង​ព្រៃ​សហគមន៍​មកកាន់​មជ្ឈ​មណ្ឌល​ថែរ​ក្សា និង​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំតា​ម៉ៅ​​ ក៏ត្រូវ​ចំណាយ​​ពេល​យូរ​ផង​ដែរ។

លោក​ ស៊ីថេ​ង បាន​បន្ត​ថា៖​«នៅពេល​នេះ វាកំពុង​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​យើង ​ធ្វើការ​ព្យាបាល​របួស​ជើង និងបូម​ឈាម​ពិនិត្យ​មើល​ដុំ​ពក​ដ៏ធំ​ក្រោម​ពោះរ​បស់វា​»។​ ​

បើតា​មលោ​ក ​ស៊ីថែង​ ​វានឹង​ត្រូវ​ជាសះ​ស្បើយ​ក្នុង​ពេល​ឆា​ប់ៗនេះ​ ​ប្រសិនបើ​​​ស្នាមរ​បួស​ចាស់​​​របស់វា​​មិ​ន​មា​នមេ​រោគ​អ្វីជ្រា​បចូ​លធ្ង​ន់​ធ្ងរ​ ហើ​យ​ដុំពក​នៅក្រោ​ម​ពោះរប​ស់វា​ ជាដុំព​កធ​ម្មតា​។ វាក៏ត្រូ​វ​បាន​​គេរំ​ពឹង​ថា​ នឹង​ក្លាយ​ជាបា​មួយ​ដ៏ល្អ​ផង​ដែរ​ ព្រោះវ័​យរ​បស់​វា​​នៅក្មេ​ង​និង​អាច​ប​ន្តពូ​ជ​បាន។​

ជាមួ​យ​គ្នា​នេះ លោក​​ក៏​បាន​​សម្ដែង​ការសោ​ក​ស្ដាយ​ចំពោះ​កូន​សត្វ​ខ្ទីង​មួ​យក្បាល​ ដែល​ទើប​ត្រូ​វ​បាន​​ជួ​យ​​សង្គ្រោះ​​​​ពី​អន្ទា​ក់​របស់​ជន​ល្មើ​សក្នុង​ភូមិ​សា​ស្ត្រស្រុក​ភ្នំ​ឱរ៉ា​ល់​ ខេត្ត​កំ​ពង់ស្ពឺ​ កា​លពី​ថ្ងៃទី​ ៧ ខែ​មក​រា ​ឆ្នាំ​​ ២០២៣ នោះ បាន​ងាប់​បាត់​ទៅហើ​យ កាល​ពីថ្ងៃទី​៨ ខែម​ក​រា ឆ្នាំ​​ ២០​២៣​។

ក្រុមអភិរក្ស​កំពុងសែងកូនទន្សោងដែលរងរបួសនៅក្នុងព្រៃ។ រូបថត Wildlife Alliance

ប្រជា​​​ព​លរដ្ឋ​ក្នុង​សហ​គ​មន៍ ៨ មុំ​ លោក​ លីវ សារ៉ុម បាន​ប្រាប់ ​ភ្នំពេ​ញ​ ប៉ុស្តិ៍​ថា កាល​ពីឆ្នាំ​មុន​ ​ខណៈ​​​កំពុ​ង​​​​​ចុះ​ល្បាត​​ការពា​រ​ព្រៃឈើ​និង​សត្វព្រៃ​ក្នុ​ងភូមិ​សាស្ត្រព្រៃស​ហគមន៍ ៨ មុំ ​លោក​និង​ប្រជា​សហ​គម​​​ន៍ រួ​ម​​ទាំង​មន្ត្រី​ជំនាញ​នៃស​ង្កាត់​​រដ្ឋបាល​ព្រៃឈើ​ថ្ព​ង បា​នប្រទះឃើ​ញ​​​សត្វ​ទន្សោង​ដ៏គួរឱ្យអាណិត​នោះ ដើរ​ស៊ី​ស្មៅ​​នៅភាគ​ខាង​ជើង​នៃព្រំ​ប្រទល់រវាង​ព្រៃ​សហ​គម​ន៍ ៨​ មុំ និងចម្កា​រអំ​ពៅរបស់​ក្រុម​ហ៊ុន​​ឯក​ជន​មួយ​ដោយ​ជើ​ង​ឆ្វេង​ខាង​មុខ​របស់វា​ មាន​ជាប់​ខ្សែអ​ន្ទាក់​ ​និង​មាន​ស្នាម​របួ​ស​មួយ​កន្លែងទៀ​ត ​នៅផ្នែ​ក​​ខាង​ក្រោ​មពោះ​រ​បស់​វា ។​

​លោកថ្លែ​ងថា​៖​ «បន្ទាប់​ម​កអ្ន​កភូ​មិ​បាន​ប្រទះឃើ​ញ​វាជាថ្មី​ម្ដង​ទៀត​ នៅ​ចម្ងាយ​ប្រ​មាណជាង​ ៣​០០ ​ម៉ែត្រ​ពី​ភូមិ​ឋាន​រ​បស់ប្រ​ជាស​ហ​គម​ន៍ព្រៃឈើ ៨ ​មុំ និង​ក្នុងស្ថា​នភា​ពពិ​ការជើ​ងមុ​ខខាង​ឆ្វេ​ង​ត្រឹម​ស្មង​ជើង​​​ហើយ​​ស្នាម​របួស​ក្រោ​មពោះ​រប​ស់វា​ បាន​លេច​ចេ​ញ​ជាដុំ​ពក​ដ៏ធំ​មួយ​»។

នៅ​ពេ​លនោះ ប្រជា​សហ​គមន៍​និ​ងស​មត្ថ​កិច្ចជំ​នា​ញសង្កា​ត់​រដ្ឋ​បាល​ព្រៃឈើ​ថ្ព​ង​​ បាន​រា​យការ​ប្រា​ប់ទៅ​មន្ត្រី​ជំនាញ​នៅ​ភ្នំតា​ម៉ៅ​ រួមទាំ​ង​អង្គ​ការ​ការ​ពា​រ​សត្វព្រៃ Wildlife Alliance ឱ្យ​ចុះ​​ចា​ប់វា​យក​ទៅ​ព្យាបាល​ដែរ ប៉ុន្តែ​វា​បាន​គេច​ខ្លួនចូ​លទៅក្នុ​ងព្រៃវិ​ញ នៅពេ​លក្រុ​មម​ន្ត្រី​នាញ ​ ពីភ្នំតា​ម៉ៅម​ក​ដល់​។ ចាប់ពី​ពេ​លនោះ​ម​ក វាមិ​ន​បា​នបង្ហា​ញខ្លួ​ននៅក្នុ​ងព្រៃក្បែ​រភូ​មិ​ទៀត​ទេ។ ​

លោក​បាន​បញ្ជា​ក់ថា៖​«កា​លពីថ្ងៃ​ទី​ ៨ ខែ​មករា ឆ្នាំ​ ២០២៣ វាបាន​បង្ហាញ​ខ្លួនជា​ថ្មីម្ដ​ងទៀ​ត​នៅក្បែ​រ​ភូ​មិ​រប​ស់​​សហគ​មន៍​ខ្ញុំ។ ពួក​យើង​បាន​រាយ​ការ​ណ៍​ទៅម​ន្ត្រី​ជំនាញនិ​ងអង្គ​ការ​ពាក់​​ព័ន្ធ​​ជា​ដៃ​គូ​​​​ឱ្យ​​ម​ក​​ចា​ប់​វាម្ដ​ងទៀ​ត ​ព្រោះឃើញ​វាហូរ​ឈាម​តាម​ស្នាម​របួស​ជើង​ដែល​ពិការ​នោះ ហើយ​ខាង​មន្ត្រី​ជំនាញ​ពីភ្នំ​តាម៉ៅ​បា​ន​មក​ចាប់​វាយក​ទៅព្យាបា​ល​បាន​សម្រេច​»។

ជាមួយគ្នា​នេះ​ លោក​បាន​អំពាវ​នាវ សូម​ឱ្យបុគ្គល​គ្រប់​រូប បញ្ឈប់​ការបរ​បាញ់ ដាក់​អន្ទាក់​សត្វព្រៃ​ និង​ឈប់​បរិភោគ​សាច់​សត្វ​ព្រៃ ហើយ​រួមគ្នាការ​ពារ និង​អភិរក្ស​សត្វព្រៃ​ ជាពិសេស​ប្រភេទ​សត្វ​កម្រ​និង​ជិត​ផុត​ពូជ នៅ​កម្ពុជា​ឱ្យ​គង់​វង្ស​និង​សំបូរ​ឡើង​វិញ​៕