ភ្នំពេញៈ នាយកដ្ឋានបឋមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការភ្លែនអន្តរជាតិ រួមគ្នាកែលម្អសៀវភៅសិស្សថ្នាក់ឆ្នាំទី១ នៃកម្មវិធីពន្លឿនការសិក្សាទាំង ៤ មុខវិជ្ជាជាលើកដំបូង ដើម្បីផ្តល់ឱកាសដល់កុមារដែលមានអាយុច្រើន ហើយបោបង់ការសិក្សាឱ្យចូលរៀនឡើងវិញ និងចំណេញឆ្នាំសិក្សា។
ការកែលម្អសៀវភៅសិស្សថ្នាក់ឆ្នាំទី១ នៃកម្មវិធីពន្លឿនការសិក្សាទាំង ៤ មុខវិជ្ជា គឺមានភាសាខ្មែរ គណិតវិទ្យាវិទ្យាសាស្ត្រអនុវត្ត និងសិក្សាសង្គម ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១៣ ខែមករា ឆ្នាំ ២០២៣ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ដោយមានអ្នកចូលរួមប្រមាណ ៤០ នាក់ មកពីនាយកដ្ឋានបឋមសិក្សា និងមន្ទីរអប់រំចំនួន ១១ ខេត្ត។
លោក យី គឹមថាន នាយករងនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ មករាថា ការកែលម្អសៀវភៅសិក្សាថ្នាក់ឆ្នាំទី ១ នេះដោយសារតែកម្មវិធីសិក្សាដែលមានកន្លងមកគឺបានធ្វើតាំងពីប្រមាណ ១០ ឆ្នាំមកហើយ ដែលទាមទារឱ្យមានការកែលម្អជាថ្មី ដើម្បីឱ្យស្របតាមបរិបទដែលមានការកែប្រែសៀវភៅសិក្សាគោលទូទៅជាប្រចាំ។
ជាមួយគ្នានេះ លោកបានអះអាងថា ការកែលម្អសៀវភៅសិស្សថ្នាក់ឆ្នាំទី ១ នៃកម្មវិធីពន្លឿនការសិក្សានេះគឺត្រូវធ្វើយ៉ាងណាឱ្យសមស្របទៅតាមកម្មវិធីសិក្សាថ្នាក់ទូទៅនៅទូទាំងប្រទេសផងដែរ ព្រោះកម្មវិធីពន្លឿនការសិក្សានេះ ក៏ជាកម្មវិធីជាតិដែលទាមទារឱ្យសិស្សានុសិស្សដែលរៀនកម្មវិធីនេះទទួលបានចំណេះដឹងដូចសិស្សទូទៅដែរ។
លោកបានបញ្ជាក់ថា៖ «ការកែលម្អសៀវភៅសិស្សថ្នាក់ឆ្នាំទី ១ នៃកម្មវិធីពន្លឿនការសិក្សានេះយើងនឹងធ្វើការពិនិត្យឡើងវិញទៅលើសេចក្តីណែនាំ និងការអនុវត្ត។ នៅពេលដែលធ្វើការកែលម្អហើយ សៀវភៅនេះនឹងដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេស មានន័យថា មិនមែនធ្វើតែនៅក្នុងតំបន់ដែលមានកម្មវិធីរបស់អង្គការភ្លែនទេគឺប្រើប្រាស់នៅតាមតំបន់ណាដែលសម្បូរក្មេងអាយុលើសពីកម្រិតនៃការសិក្សារបស់គាត់ហើយមិនទាន់បានចូលរៀនគឺអាចអនុវត្តកម្មវិធីនេះបាន»។
កាលពីឆ្នាំ ២០១១-២០១២ នាយកដ្ឋានបឋមសិក្សាសហការជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ធ្លាប់បានចងក្រងសៀវភៅថ្នាក់ពន្លឿនការសិក្សាចំនួន ១២ ក្បាល (គ្រូសិស្ស) សម្រាប់ ៣ កម្រិតដោយសិក្សាលើ ៤ មុខវិជ្ជាគឺជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រអនុវត្ត និងសិក្សាសង្គម។
ការចងក្រងសៀវភៅក្នុងពេលនោះ គឺជាការច្របាច់បញ្ចូលគ្នារវាងសៀវភៅសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡាពីការសិក្សា៦ ឆ្នាំនៅថ្នាក់ធម្មតា មកសិក្សា៣ឆ្នាំនៅថ្នាក់ពន្លឿនការសិក្សា ដែលមានន័យថា បញ្ចូលកម្មវិធីសិក្សាថ្នាក់ទី ១ និងថ្នាក់ទី ២ បង្កើតបានជាកម្មវិធីថ្នាក់ឆ្នាំទី១ និងបញ្ចូលកម្មវិធីសិក្សាថ្នាក់ទី ៣ និងថ្នាក់ទី ៤ បង្កើតបានជាកម្មវិធីថ្នាក់ឆ្នាំទី ២ ព្រមទាំងបញ្ចូលកម្មវិធីសិក្សាថ្នាក់ទី ៥ និងថ្នាក់ទី ៦ បង្កើតបានជាកម្មវិធីថ្នាក់ឆ្នាំទី ៣។
លោក ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សាបានថ្លែងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាសង្កេតឃើញថាកុមារមួយចំនួនមានអាយុច្រើនមិនបានចូលរៀន និងរៀនមិនស្របតាមកម្រិតថ្នាក់ដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយសាលាកុមារមេត្រីអប់រំកម្រិតមូលដ្ឋានច្បាប់អប់រំ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ។
លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំកាល ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៣ ស្តីពីការអនុវត្តកម្មវិធីពន្លឿនការសិក្សានៅបឋមសិក្សា ក្នុងគោលបំណងប្រមូលកុមារដែលមានអាយុច្រើន ហើយបោះបង់ការសិក្សាឱ្យចូលរៀនឡើងវិញ។
លោកបញ្ជាក់ថា៖ «កម្មវិធីពន្លឿនការសិក្សានៅបឋមសិក្សានេះនឹងជួយពន្លឿនការសិក្សារបស់កុមារដែលមានអាយុច្រើន រៀនមិនស្របកម្រិតថ្នាក់ឱ្យបានរៀនស្របកម្រិតថ្នាក់វិញ និងរួមចំណែកកាត់បន្ថយអត្រាត្រួតថ្នាក់ បោះបង់ការសិក្សារួមទាំងបង្កើនការចូលរៀនឡើងវិញនិងជួយសម្រួលការរៀនសូត្ររបស់សិស្ស ដើម្បីឱ្យពួកគេមានឱកាសរៀនទាន់កម្មវិធីដូចសិស្សដទៃទៀតនិងអាចបន្តការសិក្សាទៅថ្នាក់បន្ទាប់ទៀតប្រកបដោយគុណភាពពិតប្រាកដ»។
លោក ចាន់ សុភា បានថ្លែងថា នេះជាលើកទី ១ ហើយ ដែលនាយកដ្ឋានបឋមសិក្សាសហការជាមួយអង្គការភ្លែនបានរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់និងកែលម្អលើសៀវភៅកម្មវិធីពន្លឿនការសិក្សាថ្នាក់ឆ្នាំទី ១ សម្រាប់កម្រិតបឋមសិក្សានេះ បន្ទាប់ពីសៀវភៅនេះត្រូវបានបង្កើតឡើងតាំងពី ១០ ឆ្នាំមុន។ លោកថា សៀវភៅថ្មីនេះ មានសារៈសំខាន់ដែលជាជំនួយស្មារតីសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការអនុវត្តសកម្មភាពបង្រៀននិងរៀននៅតាមមូលដ្ឋានរបស់ខ្លួន។
លោកបានបញ្ជាក់បន្ថែមថា៖ «តាមរយ:សិក្ខាសាលាពិគ្រោះយោបល់កែលម្អសៀវភៅកម្មវិធីពន្លឿនការសិក្សាថ្នាក់ឆ្នាំទី១នៅពេលនេះ ខ្ញុំសង្ឃឹមថា អស់លោក លោកស្រីចូលរួមបញ្ចេញមតិយោបល់និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ រួមគ្នាធ្វើឱ្យសៀវភៅកម្មវិធីពន្លឿនការសិក្សាថ្នាក់ឆ្នាំទី ១ នេះមានភាពសុក្រឹតពោរពេញទៅដោយភាពជឿជាក់ដើម្បីយកទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួនបានជោគជ័យ»។
កម្មវិធីពន្លឿនការសិក្សា គឺមានន័យថា ជាការរួមបញ្ចូលគ្នារវាងកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា (ស្តីពីការសិក្សា ៦ ឆ្នាំនៅថ្នាក់ធម្មតា មកសិក្សា ៣ ឆ្នាំនៅថ្នាក់ពន្លឿនការសិក្សា) ដោយបញ្ចូលកម្មវិធីសិក្សាថ្នាក់ទី ១ និងទី ២ បង្កើតបានជាកម្មវិធីថ្នាក់ឆ្នាំទី ១,បញ្ចូលកម្មវិធីសិក្សាថ្នាក់ទី ៣ និងទី ៤ បង្កើតបានជាកម្មវិធីថ្នាក់ឆ្នាំទី ២ និងបញ្ចូលកម្មវិធីសិក្សាថ្នាក់ទី៥ និងទី ៦ បង្កើតបានជាកម្មវិធីថ្នាក់ឆ្នាំទី ៣ នៃកម្មវិធីពន្លឿនការសិក្សាចំពោះម៉ោងសិក្សាអនុវត្តដូចថ្នាក់ធម្មតា៕