ភ្នំពេញៈ ក្រសួងមុខងារសាធារណៈស្នើឱ្យរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ធ្វើការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា តាមរយៈរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សនិស្សិត និងមន្ត្រីរាជការ ដោយធានាឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់ផ្អែកលើគោលការណ៍គុណាធិបតេយ្យ ព្រមទាំងយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បេក្ខភាពជាជនពិការភាព និងជាស្ត្រី។
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងតាមរយៈលិខិត ជម្រាបជូនទៅរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ថា៖ «ករណីចាំបាច់អភិបាលរាជធានី ខេត្ត ក្រុង ស្រុកអាចធ្វើសំណើសុំកិច្ចសហការមកក្រសួងមុខងារសាធារណៈ យ៉ាងយូរត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៣ ដើម្បីរៀបចំការប្រឡងប្រជែងជំនួស។ ការរៀបចំប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ត្រូវអនុវត្តតាមបែបបទលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
ក្នុងលិខិតដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ១១ ខែមករានេះ លោក ព្រំ សុខា បានឱ្យដឹងទៀតថា ចំពោះការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា តាមរយៈការប្រឡងប្រជែង (វិញ្ញាសាសរសេរ ឬសម្ភាសផ្ទាល់មាត់) ត្រូវគោរពតាមគោលការណ៍និងលក្ខខណ្ឌដូចជា៖ ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈយ៉ាងតិច ១ សប្តាហ៍ ដើម្បីផ្ញើជូនមកមន្ទីរមុខងារសាធារណៈ និងចម្លងជូនមកក្រសួងមុខងារសាធារណៈ។
បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ព្រមទាំងមានអាយុយ៉ាងតិច ១៨ ឆ្នាំ និងត្រូវបំពេញការងារសម្រាប់រយៈពេលយ៉ាងតិច ៣ ខែ និងយ៉ាងច្រើន ១២ ខែ ក្នុងឆ្នាំនីមួយៗ។ ពេលចូលបម្រើការងារត្រូវបំពេញប្រវត្តិរូប និងរបបស្វ័យប្រកាស ដែលត្រូវបានធានាអះអាង និងបញ្ជាក់ ពីការប្រើប្រាស់ជាក់ស្ដែងពីប្រធានអង្គភាពគ្រប់គ្រងផ្ទាល់។ ជាមួយគ្នានោះ ត្រូវរៀបចំដីកាបញ្ចូលការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាតាមតម្រូវការជាក់ស្ដែងនៅក្នុងរចនាសម្ព័ន្ធ របស់សាមីអង្គភាព ដើម្បីផ្ញើជូនមកមន្ទីរមុខងារសាធារណៈ និងចម្លងជូនមកក្រសួងមុខងារសាធារណៈ។
លោកបញ្ជាក់ថា៖ «ករណីមានបម្រែបម្រួលតួលេខមន្ត្រីជាប់កិច្ចសន្យាខុសពីតារាងឧបសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ ស្តីពីការបែងចែកការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ដែលទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ ត្រូវស្នើសុំ ទិដ្ឋាការទទួលស្គាល់ពីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការផ្លាស់ប្តូរក្នុងប្រព័ន្ធព័ត៌មានវិទ្យា»។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានឱ្យដឹងនៅថ្ងៃទី ១១ ខែមករា ថា ខេត្តឧត្តរមានជ័យនៅមិនទាន់បានរៀបចំការប្រឡងជ្រើសរើសនៅឡើយទេ លិខិតផ្លូវការពីក្រសួងមុខងារសាធារណៈក៏នៅមិនទាន់បានទទួលផងដែរ។ នៅពេលទទួលបានលិខិតផ្លូវការពីក្រសួងក្នុងការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានេះ ខេត្តនឹងពិនិត្យមើលជាក់ស្តែង ហើយនឹងរៀបចំការប្រឡងឱ្យបានត្រឹមត្រូវ និងធានាគុណភាពពិតប្រាកដ។
លោកថ្លែងថា៖ «ជាគោលការណ៍យើងមិនរើសអើងទេ ទាំងស្ត្រី ទាំងជនពិការដែលមកដាក់ពាក្យ។ កន្លងមកសាលាខេត្តយើងបានប្រកាសឱ្យចូលប្រឡងមានបុរស និងស្ត្រីដែលបានជាប់ដោយឡែក បេក្ខភាពជាជនពិការដូចអត់មានក្នុងខេត្តយើង។ ហើយគុណភាពការប្រឡង គឺខ្ញុំធានាអះអាងថា ពិតជាជាប់ដោយសមត្ថភាពពិតប្រាកដ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី ១១ ខែមករានេះ ថា បន្ទាប់ពីបានទទួលលិខិតពីក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្តកំពុងរៀបចំធ្វើផែនការក្នុងការរៀបចំការប្រឡង ដោយមានការសម្របសម្រួលពីមន្ទីរមុខងារសាធារណៈ។ ការជ្រើសរើសមន្ត្រីថ្មីមកបម្រើការនៅតែមានការចាំបាច់ព្រោះបច្ចុប្បន្នចំនួនមន្ត្រីនៅមិនទាន់ឆ្លើយតបទៅនឹងសេចក្តីត្រូវការនៅឡើយ៕