ភ្នំពេញៈ អង្គការសមាគមចំនួន ៤ រួមមានលីកាដូ សង់ត្រាល់ អាយឌា និងស៊ី.ស៊ី.អែហ្វ.ស៊ី បានសម្រេចដកបទចម្រៀងអមដោយរូបភាពវីដេអូនៃព្រឹត្តិការណ៍បង្ក្រាបហ្វូងបាតុករ កាលពី ៩ ឆ្នាំមុន លើកំណាត់ផ្លូវវេងស្រេង និងមុខក្រុមហ៊ុនរោងចក្រកាត់ដេរយ៉ាកជីន (Yakjin Cambodia Inc) ដែលមានចំណងជើងថា «ឈាមបាតុករ» ចេញពីគេហទំព័ររបស់ខ្លួនទាំងស្រុងហើយ។
ការដកចេញបទចម្រៀងអមដោយរូបភាពវីដេអូនៃព្រឹត្តិការណ៍បង្ក្រាបហ្វូងបាតុករដ៏ហិង្សានោះ បានធ្វើឡើងបន្ទាប់ពីកម្លាំងការិយាល័យបង្ក្រាបបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅតំណាងនៃអង្គការសមាគមទាំងនេះឱ្យចូលទៅឆ្លើយបំភ្លឺជុំវិញការចែករំលែក និងបង្ហោះ (Share Post) នូវបទចម្រៀងនេះដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអះអាងថា មានចរិតញុះញង់នឹងអាចបង្កអសន្តិសុខសណ្ដាប់ធ្នាប់សង្គម ហើយបានស្នើឱ្យអគ្គស្នងការនគរបាលជាតិ ជួយអន្តរាគមន៍ចាត់វិធានការតាមផ្លូវច្បាប់ ហាមឃាត់ការផ្សព្វផ្សាយនូវបទចម្រៀងនេះជាសាធារណៈតាមគ្រប់រូបភាព។
លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកត្រូវបានអាជ្ញាធរកោះឱ្យចូលបំភ្លឺជុំវិញការបង្ហោះបទចម្រៀងខាងលើនេះ កាលពីរសៀលថ្ងៃទី ៩ មករា។ ក្រោយពីបានត្រឡប់ពីការឆ្លើយបំភ្លឺជូនសមត្ថកិច្ច នាល្ងាចថ្ងៃដដែលនោះ លោកក៏បានកោះប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៃសម្ព័ន្ធអង្គការនេះភ្លាមៗផងដែរ ដើម្បីពិភាក្សាលើសំណើរបស់ខាងសមត្ថកិច្ចដែលស្នើសុំឱ្យលោកដកនូវបទចម្រៀង «ឈាមបាតុករ» នេះចេញពីគេហទំព័រ។
លោកថ្លែងថា៖ «នៅព្រឹកថ្ងៃ ១០ ខែមករា ឆ្នាំ ២០២៣ អង្គការយើងបានសម្រេចឯកភាពគ្នាដកឃ្លីបបទចម្រៀងនោះចេញពីគេហទំព័ររបស់អង្គការលីកាដូយើងតាមសំណើរបស់សមត្ថកិច្ច។ យើងមិនមែនជាអ្នកបង្កការលំបាកដល់សមត្ថកិច្ចនោះទេ។ នៅពេលនេះ អ្វីដែលយើងចង់បានបំផុតនោះ គឺសន្តិភាព និងការបម្រើប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាប័ន្ន»។
លោកឱ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី ៩ ខែមករា ខណៈចូលទៅបំភ្លឺដល់សមត្ថកិច្ចអំពីករណីនោះលោកបានពន្យល់ដល់សមត្ថកិច្ចថា ក្នុងនាមអង្គការសង្គមស៊ីវិល ដែលធ្វើការផ្ដោតសំខាន់លើកិច្ចការការពារសិទ្ធិមនុស្សអង្គការលីកាដូពុំមានសកម្មភាព ឬចេតនាណាមួយ ដែលនាំឱ្យមានការបង្កអសន្តិសុខដល់សង្គម ដូចការលើកឡើងរបស់ក្រសួងវប្បធម៌នោះទេ។
«ខ្ញុំបានបញ្ជាក់ប្រាប់ដល់សមត្ថកិច្ចថា ការបង្ហោះចម្រៀងអមដោយរូបភាពវីដេអូ ដែលមានចំណងជើង ឈាមបាតុករនោះ នៅលើគេហទំព័ររបស់អង្គការលីកាដូ នាពេលថ្មីៗនេះ គឺក្នុងគោលបំណង ដើម្បីរំឭកដល់ជនរងគ្រោះជាកម្មកររោងចក្រកាត់ដេរ ដែលបានស្លាប់រងបួស និងបាត់ខ្លួនក្នុងព្រឹត្តិការណ៍ដ៏ហិង្សានៅលើកំណាត់ផ្លូវវេងស្រេង និងមុខរោងចក្រកាត់ដេរយ៉ាកជីនកាលពី៩ឆ្នាំមុន និងដើម្បីទទូចសុំឱ្យសមត្ថកិច្ចស៊ើបអង្កេតលើករណីនេះដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។ ជាពិសេស គឺដើម្បីទប់ស្កាត់កុំឱ្យមានរឿងអំពើហិង្សាបែបនេះកើតមានឡើងនៅក្នុងសង្គមកម្ពុជាយើងជាបន្តទៀត» លោក អំ សំអាត បានបញ្ជាក់។
លោកបន្តថា ក្រោយពីបានស្ដាប់ការបំភ្លឺរបស់លោករួច ក្រុមសមត្ថកិច្ចបានស្នើឱ្យលោកលុបបទចម្រៀង «ឈាមបាតុករ» អមដោយរូបភាពវីដេអូនោះចេញពីលើគេហទំព័ររបស់អង្គការលីកាដូ ដោយប្រាប់ថា លុប ឬមិនលុប គឺជាសិទ្ធិរបស់អង្គការលីកាដូរបស់លោក។ ប៉ុន្តែនៅក្នុងរយៈពេល ២៤ ម៉ោង បើសមត្ថកិច្ចពិនិត្យឃើញថា នៅមិនទាន់លុបចេញទេ សមត្ថកិច្ចនឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ឬតុលាការ ដើម្បីមានចំណាត់ការតាមនីតិវិធីបន្ត។
ស្រដៀងគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា សមាគមលោក បានលុបឃ្លីបវីដេអូបទចម្រៀង [ឈាមបាតុករ] នោះ ចេញពីគេហទំព័រសមាគមរបស់លោកតាមការស្នើសុំរបស់សមត្ថកិច្ចហើយ បន្ទាប់ពីលោកបានទៅជួបឆ្លើយបំភ្លឺជុំវិញករណីនោះដល់សមត្ថកិច្ច កាលពីរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣។
ចំណែកលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកនឹងទៅចូលបំភ្លឺដល់សមត្ថកិច្ច ប៉ុន្តែមិនទៅក្នុងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នេះទេ ព្រោះនៅពេលនេះ លោកកំពុងជាប់រវល់បំពេញបេសកកម្មការងារនៅឯក្រៅប្រទេស។
លោកថ្លែងថា៖ «ឃ្លីបវីដេអូបទចម្រៀង[ឈាមបាតុករ] នោះ គឺខ្ញុំបាន Share Post ពីគេហទំព័ររបស់អង្គការលីកាដូ និងសង់ត្រាល់ប៉ុណ្ណោះ។ នៅពេលឃ្លីបវីដេអូបទចម្រៀងនោះត្រូវបានលុបចេញពីគេហទំព័ររបស់អង្គការលីកាដូ និងសង់ត្រាល់នោះ គឺវានឹងលុបបាត់ដោយស្វ័យប្រវត្តិពីក្នុង Page របស់សមាគមយើងខ្ញុំ»។
លោក មឿន តុលា ប្រធានអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អង្គការលោកបានលុបឃ្លីបវីដេអូចម្រៀងនោះចេញពី Page របស់ CENTRAL តាំងពីរសៀលថ្ងៃទី ១០ ខែមករា គឺ ២ ម៉ោង ក្រោយពីលោកបានចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ចជុំវិញករណី Share Post នូវឃ្លីបវីដេអូបទចម្រៀងនោះ។
លោកថ្លែងថា វីដេអូនោះ ជាវីដេអូចាស់ ដែលត្រូវបានបង្ហោះផ្សព្វផ្សាយជាសាធារណៈ ក្រោយពីមានព្រឹត្តិការណ៍នោះកើតឡើង គឺ ៩ ឆ្នាំមកហើយ និងពុំមានភាពចលាចលណាមួយកើតឡើងបង្កភាពវឹកវរដល់សង្គមនោះដែរ។ ចំណែកបទចម្រៀងនោះក៏ពុំមានខ្លឹមសារណាមួយអុចអាលញុះញង់បង្កអសន្តិសុខសង្គមនោះដែរ។ ផ្ទុយទៅវិញមានឃ្លា ១ ក្នុងបទចម្រៀងនោះថា «ត្រូវប្រើបញ្ញាដោះស្រាយបញ្ហា» ដែលមានន័យថា គ្រប់ភាគីទាំងអស់ត្រូវរួមគ្នាលុបបំបាត់អំពើហិង្សាក្នុងសង្គមដោយប្រើបញ្ញាដោះស្រាយបញ្ហា។
លោកបញ្ជាក់ថា៖ «យើងបានពន្យល់បកស្រាយប្រាប់ដល់សមត្ថកិច្ចហើយថា ចេតនារបស់យើង គឺដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងដើម្បីជំរុញឱ្យសមត្ថកិច្ចស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ជាពិសេស ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់នូវរាល់អំពើហិង្សាគ្រប់ទម្រង់នៅក្នុងសង្គមរបស់យើង ដោយរួមគ្នាដោះស្រាយបញ្ហា ដោយប្រើបញ្ញា»។
រំឭកដល់ព្រឹត្តិការណ៍លើកំណាត់ផ្លូវវេងស្រេង និងមុខរោងចក្រយ៉ាកជីននាពេលនោះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា វាជាការរៀបចំរបស់ចលនាអង្គការចាត់តាំងមួយ ដើម្បីបំផុសបំផុលឱ្យមានអំពើចលាចលក្នុងការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «មែនទែនទៅនៅក្នុងព្រឹត្តិការណ៍នាឆ្នាំនោះ វាមិនមែនជាការតវ៉ា ឬទាមទារសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ ប៉ុន្តែវាជាចលនារបស់អង្គការចាត់តាំងមួយ ដើម្បីបំផុសបំផុលឱ្យមានអំពើចលាចលក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ វិធានការរបស់សមត្ថកិច្ចរាជរដ្ឋាភិបាលនាពេលនោះ គឺត្រូវបង្ក្រាបក្រុមបាតុករហិង្សា ឬក្រុមចលនានៃអង្គការចាត់តាំងទាំងនោះ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់»។
លោកបន្តថា រាល់ការតាក់តែង និងផ្សព្វផ្សាយបទចម្រៀងទាំងឡាយណា ដែលមានចរិតអុចអាលបញ្ឆេះកំហឹងខុសពីការពិត គឹមិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះទេ។ ដូច្នេះជានីតិវិធី គឺសមត្ថកិច្ចត្រូវអនុវត្តវិធានការរដ្ឋបាលដោយហៅមកសាកសួរ និងធ្វើការអប់រំណែនាំ ហើយបើមិនស្ដាប់ទេ គឺសមត្ថកិច្ចត្រូវអនុវត្តវិធានការច្បាប់ «គឺត្រូវដោះស្រាយតាមផ្លូវតុលាការ» មានន័យថា ត្រូវធ្វើការការពារខ្លួនតាមផ្លូវច្បាប់រៀងៗខ្លួន។
ចំណែកលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រៅពីគ្មានច្បាប់អនុញ្ញាតហើយនោះ បទចម្រៀងដែលអមដោយរូបភាពវីដេអូដ៏ហិង្សានោះ គឺពិតជាបង្ហាញនូវភាពអុចអាលញុះញង់បង្កអសន្តិសុខសណ្ដាប់ធ្នាប់សង្គមយ៉ាងពិតប្រាកដមែន។
លោកថ្លែងថា៖ «យ៉ាងណាក៏ដោយ ករណីនេះ វាមិនស្ថិតក្នុងដែនយុត្តាធិការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ។ ការសម្រេចអនុវត្តវិធានការ ឬនីតិវិធីបែបណានោះ វាគឺជាការសម្រេចរបស់សមត្ថកិច្ចនគរបាលជំនាញព្រោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជម្រាបជូនដំណឹងដល់អគ្គស្នងការនគរបាលជាតិរួចហើយអំពីអរិភាពនៃបទចម្រៀង[ឈាមបាតុករ]នេះ»។
ជុំវិញករណីនេះលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនអាចទាក់ទងស្នើសុំការអធិប្បាយបានទេនាថ្ងៃនេះ។ ចំណែកលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងខ្លីថា ករណីនេះកំពុងស្ថិតក្រោមចំណាត់ការនីតិវិធីរបស់សមត្ថកិច្ចនគរបាលជំនាញ។
កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ ស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតអញ្ជើញនាយកប្រតិបត្តិអង្គការលីកាដូ លោក អំ សំអាត ឱ្យចូលទៅបំភ្លឺនៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៩ មករា។ ចំណែកប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងនាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ត្រូវចូលទៅបំភ្លឺ នៅថ្ងៃទី ១០ ខែមករា ផងដែរ។ ដោយឡែក ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន ត្រូវចូលទៅបំភ្លឺនៅថ្ងៃទី ១១ ខែមករា។
ការកោះអញ្ជើញអ្នកទាំង ៤ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ បានចាត់ទុកការបង្ហោះ ឬចែកចាយវីដេអូនេះ គឺជាការអុចអាល និងញុះញង់ដែលអាចបង្កអសន្តិសុខដល់សង្គម។ លោកស្រីបានដាក់លិខិតទៅកាន់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន សុំឱ្យជួយអន្តរាគមន៍ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលយកបទចម្រៀង «ឈាមបាតុករ» នោះទៅផ្សព្វផ្សាយឡើងវិញលើបណ្ដាញសង្គម។
កាលពីដើមខែមករា ឆ្នាំ ២០២៣ វីដេអូឯកសារ និងវីដេអូចម្រៀងមួយ ដែលមានចំណងជើងថា «ឈាមបាតុករ» ដែលនិពន្ធ និងច្រៀង ដោយលោក គា សុគន្ធ ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកព្រោងព្រាត៕