ភ្នំពេញៈ នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ ក្រោមគម្រោង Safe and Fair កាលពីថ្ងៃទី ១១ ខែមករា បានបើកសិក្ខាសាលាបណ្តុះបណ្តាលមន្ត្រីនៅក្រោមឱវាទ និងមន្ត្រីពាក់ព័ន្ធ ស្តីពីស្ថិតិទេសន្តរប្រវេសន៍ការងារអន្តរជាតិ (ILMS) និងការវិភាគទិន្នន័យទេសន្តរប្រវេសន៍ការងារសម្រាប់ក្រសួងការងារ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីស្ថិតិទេសន្តរប្រវេសន៍ការងារ អន្តរជាតិ និងកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធទិន្នន័យទេសន្តរប្រវេសន៍ការងាររបស់កម្ពុជា រួមទាំងការផ្តល់ទិន្នន័យទៅក្នុងប្រព័ន្ធទិន្នន័យ ILMS និងកសាងសមត្ថភាពមន្ត្រីជំនាញ លើការវិភាគទិន្នន័យទេសន្តរប្រវេសន៍ការងារ។
សិក្ខាសាលានេះ មានការចូលរួមពីមន្ត្រីជំនាញទទួលបន្ទុកការងារស្ថិតិពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារ ពីអគ្គនាយកដ្ឋានការងារ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិស្ថិតិ សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា និងសមាគមទីភ្នាក់ងាហត្ថពលកម្មកម្ពុជា៕