ភ្នំពេញៈ ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​និង​ស្វែងយល់​លើ​បទ​បង្ហាញ​ស្ដី​អំពី​វិធានការ​កែលម្អ​ប្រព័ន្ធ​រំដោះ​ទឹក​ភ្លៀង ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ទទួល​បន្ទុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូប។

កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​កាល​ពី​ថ្ងៃទី​១១​ខែ​មករា គឺ​ដើម្បី​ពិនិត្យ​ពិភាក្សា​ស្វែងយល់​ពី​វិធានការ​ និង​វិធី​សាស្រ្ត​ផ្សេងៗ​ក្នុង​ការកែលម្អ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​។

បើតាម​ក្រសួង​សាធារណការ​នេះ​គឺ​ជាគម្រោង​ផែនការ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម ពាក់ព័ន្ធ​ដែល​ធ្លាប់​បាន​កើត​មាន​ឡើង​នាពេល​កន្លង​មក ក្នុង​គោលបំណង​លើក​កម្ពស់​សុខភាព អនាម័យ​ សុខុមាលភាព​សាធារណៈ ​និង​រក្សា​បាន​នូវ​សោភ័ណភាព​ទី​ក្រុង​ផងដែរ​។

អង្គប្រជុំ​បាន​ផ្លាស់ប្ដូរ​មតិ​យោបល់​យ៉ាង​ផុសផុល​លើ​ការងារ​បច្ចេកទេស​ទាក់ទង​នឹង​គម្រោង​សិក្សា​លើ​ការកែលម្អ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ ដើម្បី​ធ្វើ​យ៉ាងណា​ កំណត់​ឱ្យ​បាន​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​ ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​គម្រោង​។

ជាងនេះ​ទៅទៀត​ អង្គប្រជុំ​បាន​ពិភាក្សា​លើ​ការពង្រីក​វិសាលភាព​ការងារ​នេះ​ឱ្យ​បាន​កាន់តែ​ទូលំ​ទូលាយ​ និង​មាន​ភាព​ច្បាស់​លាស់​ ដើម្បី​អាច​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពល​រដ្ឋ​។

នៅក្នុង​កិច្ចប្រជុំ​នេះ​លោក​ស៊ុន ចាន់ថុល​ បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រុម​ការងារ ​ធ្វើ​យ៉ាងណា​ជំរុញ​ពន្លឿន​លើ​ការសិក្សា​ពី​បច្ចេកទេស​នៃ​គម្រោង​ការងារ​កែលម្អ​ប្រព័ន្ធ​រំដោះ​ទឹក​ភ្លៀង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ធ្វើ​បទ​បង្ហាញ​ទៅ​លោក​ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​អនុសាសន៍​បន្ថែម​ សំដៅ​ជំរុញ​ឱ្យ​គម្រោង​នេះ អាច​អនុវត្ត​ទៅ​បាន​ដោយ​ជោគជ័យ​៕​