ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានឱ្យដឹងថា ប្រទេសកម្ពុជា និងតួកគីបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មតាមរយៈ ការផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជកម្មគ្រឿងយន្តកសិកម្មគ្រប់ប្រភេទ ពីតួកគី ជាពិសេស ដ្រូន ដែលអាចឃ្លាំមើលព្រៃឈើ និងដែននេសាទបាន។
លោក ឌិត ទីណា បានថ្លែងបែបនេះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ១២ ខែមករា បន្ទាប់ពីលោកបានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោក វ៉ាហ៊ីត គីរីស៊ី (Vahit KIRISCI) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋតួកគី នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នាទីស្តីការក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ប្រទេសកម្ពុជា និងតួកគី មានកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងវិស័យជាច្រើន ក្នុងនោះកសិកម្មក៏ជាវិស័យសក្ដានុពលមួយផងដែរ។ ខណៈដែលតួកគីជាប្រទេសឈានមុខមួយនៅក្នុងវិស័យកសិកម្ម កម្ពុជាបានឯកភាពគ្នាជាគោលការណ៍ជាមួយប្រទេសតួកគីលើកិច្ចសហប្រតិបត្តិការកម្ពុជា និងតួកគីនៅក្នុងវិស័យកសិកម្ម តាមរយៈគោលការណ៍មួយចំនួនដូចជា ផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជកម្មគ្រឿងយន្តកសិកម្ម ការបើកទីផ្សារ និងផ្តល់ការអប់រំផ្នែកកសិកម្មដល់និស្សិតខ្មែរ។
លោកបញ្ជាក់ថា កម្ពុជា និងតួកគី បានឯកភាពគ្នាជាគោលការណ៍មួយចំនួនដូចជា៖ «ការផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជកម្មគ្រឿងយន្តកសិកម្មគ្រប់ប្រភេទ ពីតួកគី ជាពិសេសដ្រូន ដែលអាចឃ្លាំមើល ព្រៃឈើ និងដែននេសាទ។ ការនាំចូលកសិផលខ្មែរដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់ទីផ្សារតួកគី។ ការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាផ្នែកកសិកម្មនៅប្រទេសតួកគីជាដើម»។
តាមរយៈកិច្ចប្រជុំទ្វេភាគីនេះលោក ឌិត ទីណា ជឿជាក់ថា កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងនាំមកនូវការរីកចម្រើនបន្ថែមទៀតដល់វិស័យកសិកម្មកម្ពុជា។
នៅថ្ងៃដដែលនោះ លោក វ៉ាហ៊ីត គីរីស៊ី ក៏បានជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងនៅក្រោយជំនួបនោះថា លោក វ៉ាហ៊ីត បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា ប្រទេសទាំង ២ កម្ពុជា-តួកគី មានសក្ដានុពលច្រើនដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យមានការកើនឡើងដល់ ១ ពាន់លានដុល្លារក្នុង ១ ឆ្នាំ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម ការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ វិស័យវារីវប្បកម្ម និងវិស័យគ្រឿងយន្តកសិកម្មជាដើម។
ជាការឆ្លើយតប លោក ហ៊ុន សែន បានសម្តែងនូវការអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីតួកគីហើយលោកនាយករដ្ឋមន្ត្រីក៏បានផ្ញើសួរសុខទុក្ខ ជូនចំពោះលោកប្រធានាធិបតីវិញផងដែរ។ ជាមួយគ្នានោះ លោក ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូនលោក វ៉ាហ៊ីត ថា គប្បីលើកទឹកចិត្តឱ្យមានអ្នកវិនិយោគតួកគី មកវិនិយោគនៅកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនសម្រាប់កែច្នៃ សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផលកសិកម្មពីកសិករកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារប្រទេសតួកគីផង និងទីផ្សារដទៃទៀតផង។
លោកថា៖ «សម្ដេចបន្តថា កម្ពុជាមានវត្ថុធាតុដើមច្រើន ជាអាទិ៍មានស្វាយចន្ទី មានដំឡូង កៅស៊ូ ស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញ។ ជាមួយគ្នានោះសម្ដេចតេជោ ក៏បញ្ជាក់ថា គប្បីពិចារណា រៀបចំធ្វើឱ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជាការសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំង ២ ទៀតផង»៕