ភ្នំពេញៈ សត្វត្រយងចង្កំកសដែលជាសត្វស្លាបដ៏កម្រនិងជិតផុតពូជនៅលើពិភពលោក ត្រូវបានរកឃើញនៅកម្ពុជាប្រមាណ ៨០០ ក្បាល ស្មើនឹង ៨០ ភាគរយនៃសត្វសរុប ១ ០០០ ក្បាល ខណៈក្រសួងបរិស្ថាន និងដៃគូអភិរក្សធនធានធម្មជាតិបន្តអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការដាក់អន្ទាក់ និងហូបសាច់សត្វព្រៃ។
សេចក្ដីប្រកាសព័ត៌មានរួមរវាងក្រសួងបរិស្ថាន និងអង្គការដៃគូចំនួន ៧ ទៀត ចុះថ្ងៃទី ១១ ខែមករា បានឱ្យដឹងថា សត្វត្រយងចង្កំកសដែលជាសត្វស្លាបដ៏កម្របំផុតលើលោក និងប្រឈមហានិភ័យខ្ពស់នៃការផុតពូជជាសកល ប្រសិនបើកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ក្នុងនោះមានការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។
សេចក្តីប្រកាសបន្តថា៖ «ចំនួនប្រជាសាស្ត្រជាសកលនៃសត្វស្លាបប្រភេទនេះ មានចំនួនប្រហែល ១ ០០០ ក្បាល តែប៉ុណ្ណោះ។ ការធ្វើជំរឿនទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២ បានកត់ត្រាចំនួន ៧៩២ ក្បាល ដែលស្មើនឹង ៨០% នៃពិភពលោក»។
នៅឆ្នាំ ២០២២ ជាឆ្នាំទី៤ ដែលបានបង្ហាញពីទិន្នន័យខ្ពស់បន្តបន្ទាប់គ្នាហើយលទ្ធផលនេះ បានបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅតំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង។ ចំនួនខ្ពស់បំផុតត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃសៀមប៉ាង (៣៧៧ ក្បាល) និងនៅតំបន់ព្រៃលិចទឹកទន្លេមេគង្ គ(៣២៦ ក្បាល)។ ការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលលទ្ធផលពេលនេះបានបង្ហាញពីការកើនឡើងនូវប្រភេទសត្វព្រៃមួយចំនួន ក្នុងនោះក៏មានសត្វត្រយងចង្កំកសផងដែរ។
លោកថា៖ «នេះបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូនិងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ»។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ប្រចាំកម្ពុជា បានសាទរចំពោះកំណើននៃសត្វត្រយងចង្កំកស នៅកម្ពុជា ដែលលទ្ធផលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅលើពិភពលោក។
លោកថា៖ «ក្នុងនាមជាសមាជិកនៃក្រុមការងារអភិរក្សសត្វត្រយងចង្កំកសកម្ពុជា អង្គការ WWF ប្ដេជ្ញាបន្តកិច្ចសហការរួមគ្នាជាមួយអាជ្ញាធរដែលមានការទទួលខុសត្រូវ អង្គការក្រៅរដ្ឋាភិបាលជាដៃគូ រួមនឹងសហគមន៍មូលដ្ឋាន»។
លោក Jonathan Charles Eames OBE ប្រធានក្រុមហ៊ុន Rising Phoenix Co. Ltd. ដែលជាក្រុមហ៊ុនផ្តោតលើការអភិរក្សជម្រកសត្វព្រៃបានថ្លែងថា ស្ថាប័នខ្លួនបានខិតខំយ៉ាងខ្លាំង មិនត្រឹមតែរាប់ចំនួនសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាត់វិធានការដើម្បីការពារទីជម្រកសត្វដ៏ធំបំផុតនៅខាងក្រៅដែនជម្រកសត្វព្រៃសៀមប៉ាង។
លោកថា៖ «ក្រុមការងារយើងបានខិតខំប្រឹងប្រែង និងលះបង់ពេលវេលាក្នុងការការពារធនធានដ៏សំខាន់នេះដោយធ្វើការស្វែងរកនិងតាមដានសម្បុកសត្វត្រយងចង្កំកសដែលបានរកឃើញសម្បុកប្រមាណ ៤៥ សម្បុកក្នុង ១ ឆ្នាំ»។
លោក ប៊ូ វរសក្ស នាយកអង្គការធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា កម្ពុជាគាំទ្រដល់ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសច្រើនជាងគេលើពិភពលោក ហើយលទ្ធផលជំរឿនក្នុងឆ្នាំ២០២២ បានបង្ហាញពីអនាគតដ៏ជោគជ័យ ខណៈភាគីពាក់-ព័ន្ធបាននិងកំពុងរៀបចំអនុវត្តផែនការអភិរក្សសត្វត្រយងចង្កំកសកុំឱ្យផុតពូជ។
ជាមួយនឹងកំណើនសត្វត្រយងចង្កំកសនេះ ក្រសួងបរិស្ថានបន្តអំពាវនាវឱ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ ការហូបសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ ស្របពេលដែលដៃគូពាក់ព័ន្ធ ទាំងអស់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីផ្ដល់ជម្រកសុវត្ថិភាពដល់សត្វព្រៃតាមការអនុវត្តច្បាប់៕