គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ នៅឃុំ សង្កាត់ ព្រមគ្នានៅទូទាំងប្រទេស ខណៈបញ្ជីទាំងពីរនេះត្រូវបានបិទផ្សាយទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។
យោងតាមតារាងទិន្នន័យរបស់ គ.ជ.ប. បង្ហាញថា ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយមានចំនួន ៩ ៧១០ ៦៤៥នាក់ ក្នុងនោះមានស្រីចំនួន ៥ ១៦១ ៩០៦នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩ការិយាល័យ។ ដោយឡែកប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត មានចំនួនសរុប ២៧១ ១៤២នាក់។
បើតាម គ.ជ.ប គោលដៅនៃការផ្សព្វផ្សាយគឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ដើម្បីឱ្យមានការកែតម្រូវ។
លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប ថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមឃុំ សង្កាត់ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយជោគជ័យ ទោះបីជាមានបញ្ហាគ្រោះធម្មជាតិមួយចំនួន និងស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ក៏ដោយ។ លោកបន្តថា ទោះបីការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវបានបញ្ចប់ ក៏ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២២ មិនទាន់បញ្ចប់នៅឡើយទេ។
លោកថា៖«ការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលនេះ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ»។
លោកបន្ថែមថា បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប បានធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ចំនួន ៣ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់បិទផ្សាយជាសាធារណៈ ដូចជា បិទផ្សាយ ១ច្បាប់ នៅតាមសាលាឃុំ សង្កាត់ បិទផ្សាយ ១ច្បាប់ នៅទីតាំងណាមួយក្នុងឃុំ សង្កាត់ និង និងផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ១ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់។
បើតាម លោក ហ៊ីង ធីឫទ្ធិ ក្រៅពីការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ បញ្ជីបោះឆ្នោតនេះ នឹងត្រូវបង្ហោះផងដែរនៅលើគេហទំព័ររបស់ គ.ជ.ប (voterlist.nec.gov.kh) និង App (NEC KH) សម្រាប់អ្នកដែលអាចប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន។
សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដើម្បីធ្វើឱ្យមានបច្ចុប្បន្នភាព និងទុកចិត្តបានសម្រាប់យកទៅបម្រើឱ្យការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕