ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលមាន ១៥ជំពូក និង ៦៥មាត្រា ត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីមានការពិនិត្យ និងពិភាក្សានាថ្ងៃសុក្រ ថ្ងៃទី១៣ ខែមករានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់និង ត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់ពីដំណាក់កាលនៃការអនុវត្ត នយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួននៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលរួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។
ក្នុងបរិបទនេះ វិស័យផ្គត់ផ្គង់ទឹកស្អាត ទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ដែលអាចបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លើកកម្ពស់សុខុមាលភាពសាធារណៈ ព្រមទាំងឆ្លើយតបនឹងតម្រូវការផ្នែកមូលដ្ឋានផលិតកម្ម អាជីវកម្ម និងសេវាកម្មលើគ្រប់វិស័យក្នុងសង្គមជាតិទាំងមូល ស្របតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងប្រកាសគាំទ្រជាផ្លូវការចំពោះពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត កំណត់អំពីក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍន៍ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ក្នុងគោលបំណងដើម្បីធានាគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាព សាធារណៈនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន»។
ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់នេះ ក៏នឹងចូលរួមកសាងទំនុកចិត្តនិងផ្ដល់ភាពកក់ក្ដៅដល់អ្នកវិនិយោគ រួមទាំងការផ្តល់ហិរញ្ញប្បទានគាំទ្រក្នុងវិស័យទឹកស្អាត ព្រមទាំងផ្តល់សិទ្ធិនិងការការពារតាមផ្លូវច្បាប់ដល់ប្រតិបត្តិករដែលកំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។
តាមរយៈសេចក្តីព្រាងច្បាប់នេះ រាជរដ្ឋាភិបាល នឹងមានសក្តានុពលក្នុងការជំរុញការអនុវត្តគោលនយោបាយលើវិស័យទឹកស្អាត ផែនការយុទ្ធសាស្ត្រ ដើម្បីស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត លើកកម្ពស់សុខុមាលភាពសាធារណៈ និងរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ៕