ភ្នំពេញៈ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិនិត្យ ពិភាក្សា និងបានសម្រេចឯកភាព នាថ្ងៃសុក្រថ្ងៃទី១៣ ខែមករានេះ លើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និង ប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ ២០២២-២០៣៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
សេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និង ប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង «គ.ប.ដ.ស.» ឆ្នាំ ២០២២-២០៣៨ ត្រូវបានរៀបចំឡើងជា ៧ផ្នែក និងមានឧបសម្ព័ន្ធចំនួន ៣។
សេចក្តីព្រាងគោលនយោបាយនេះ គឺជាការរៀបចំគោលនយោបាយគ្រប់គ្រង វិស័យដីធ្លី ដែលរួមមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី អនុវិស័យបែងចែកដីធ្លីនិង លំនៅឋាន ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យសំណង់ និងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមយ៉ាងសកម្មពីវិស័យពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការប្រើប្រាស់ដីធ្លីនិងធនធានធម្មជាតិ និងការធ្វើសមាហរណកម្មវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីធ្លី» និងគោលនយោបាយជាតិស្តីពីការរៀបចំដែនដីកម្ពុជា។
សេចក្តីព្រាង គ.ប.ដ.ស. ត្រូវបានរៀបចំឡើងដោយមានចក្ខុវិស័យវែងឆ្ងាយក្នុងការគ្រប់គ្រង និងប្រើប្រាស់ដី ដើម្បីគាំទ្រដល់ការអភិវឌ្ឍរូបវន្ត សេដ្ឋកិច្ច សង្គមកិច្ច ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
គណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «សេចក្តីព្រាង គ.ប.ដ.ស. មានគោលដៅតម្រង់ទិសនិងកំណត់ការគ្រប់គ្រងដីធ្លីនិងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍថ្មី ដោយផ្អែកលើកត្តាភូមិសាស្ត្រនៃតំបន់ឆ្នេរសមុទ្រកម្ពុជា កត្តាធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
សេចក្តីព្រាងគោលនយោបាយនេះ មានវិសាលភាពគ្របដណ្តប់លើដែនដីក្នុងព្រំប្រទល់នៃរដ្ឋបាលខេត្តព្រះសីហនុ និង តំបន់ដែលមាន លក្ខណៈអំណោយផលនិងការប្រកួតប្រជែងខ្ពស់ ដោយផ្តល់អាទិភាពខ្ពស់លើតំបន់ឆ្នេរសមុទ្រកម្ពុជា និងតំបន់តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៤ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សេចក្តីព្រាង គ.ប.ដ.ស. បានដាក់ចេញនូវចក្ខុវិស័យដល់ឆ្នាំ ២០៣៨ «អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើប ប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍ ទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌល កំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភ័ស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅ ល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌និងប្រវត្តិសាស្ត្រជាតិ» និងមានគោលបំណងផ្តល់ក្របខ័ណ្ឌនិងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី, ការអភិវឌ្ឍដែនដីនិង នគរូបនីយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល ព្រមទាំងមានភាពទាក់ទាញនិងឧត្តមានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០, ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕