ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ជាក់ជូនសាធារណជនថា ថវិការដ្ឋដែលបុគ្គល ឡាយ សំណាង អតីតមន្រ្តីសង្គមកិច្ចផ្នែកហិរញ្ញវត្ថុ បានកិបកេងប្រមាណ ៤០ ម៉ឺនដុល្លារនោះ គឺមិនពាក់ព័ន្ធជាមួយនឹងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដែលរដ្ឋកំពុងផ្តល់ជូនដល់ជនក្រីក្រនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះថ្ងៃទី១៣ ខែមករា បានឱ្យដឹងថា ពាក់ព័ន្ធបុគ្គល ឡាយ សំណាង អតីតជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ គឺបានកិបកេងយកថវិការដ្ឋឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ដោយយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ថវិការដ្ឋដែលបុគ្គល ឡាយ សំណាង បានកិបកេងយកនេះ មិនមានជាប់ពាក់ព័ន្ធនឹងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលបានកំពុងឧបត្ថម្ភផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងកូវីដ១៩ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់អំឡុងពេលបិទខ្ទប់ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារ រងហានិភ័យដែលរងផលប៉ះពាល់ទឹកជំនន់នោះឡើយ»។
ប្រភពដដែលបានឱ្យដឹងទៀតថា មុនឈានដល់ការឃាត់ខ្លួននេះ ក្រសួងសង្គមកិច្ច បានរៀបចំក្រុមការងារដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះ និងតម្រូវឱ្យបុគ្គល ឡាយ សំណាង សងប្រាក់មកក្រសួងវិញ ប៉ុន្តែបុគ្គលរូបនេះ ព្យាយាមគេចវេះ និងពន្យារពេលដោះស្រាយដោយមិនទទួលខុសត្រូវក្នុងការយកថវិការដ្ឋទាំងអស់នោះមកសងវិញនោះឡើយ។
ពាក់ព័ន្ធករណីនេះ ក្រសួងសង្គមកិច្ច បានចាត់វិធានការខាងវិន័យរដ្ឋបាល និងបានស្នើឱ្យមេធាវីប្រចាំក្រសួងរៀបចំកសាងពាក្យបណ្តឹងដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ពាក់ព័ន្ធកិបកេងថវិការដ្ឋចំនួន ៣៨ម៉ឺនដុល្លារ និងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃបន្ទាប់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ពាក់ព័ន្ធសំណុំរឿងនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានឱ្យដឹងថា តំណាងអយ្យការ បានបើកការស៊ើបសួរពីបទ ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទសម្អាតប្រាក់ ដោយយោងមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕