ភ្នំពេញៈ ក្រសួងព័ត៌មាន បានឆ្លើយតបទៅកាន់អង្គការសង្គមស៊ីវិលមួយចំនួន ដែលស្នើឱ្យមានការពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងខិតខំពន្លឿនសេចក្តីព្រាងច្បាប់នេះជាបន្តបន្ទាប់ ហើយសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣នេះ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់នាថ្ងៃទី១៣ ខែមករានេះថា ក្រសួងព័ត៌មាន នៅតែបន្តធ្វើការរបស់ខ្លួនលើការរៀបចំបញ្ចប់លើខ្លឹមសារ និងនីតិវិធីផ្សេងៗ ដើម្បីស្នើសុំការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះទៅតាមនីតិវិធី។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងដំណើរនៃការរៀបចំច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មកដល់ពេលបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសនៃក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ បានបញ្ចប់នូវការប្រជុំពិគ្រោះយោបល់លើជំពូក ទោសបញ្ញត្តិរួចហើយ ប៉ុន្ដែនៅមានចំណុចសេសសល់តិចតួច ដែលត្រូវស្នើសុំការសម្រេចពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ហើយក្រសួងក៏កំពុងពិនិត្យលើមតិយោបល់មួយចំនួនលើសេចក្តីព្រាងច្បាប់នេះរបស់ភាគីពាក់ព័ន្ធផងដែរ»។
លោកបានបន្តថា ទោះបីជាសេចក្តីព្រាងច្បាប់នេះ មិនទាន់ត្រូវបានអនុម័តក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការចាំបាច់នានាដើម្បីលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវការផ្តល់សេវាសាធារណៈ និងសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតអង្គភាពច្រកចេញចូលតែមួយ នៅតាមក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមអ្នកនាំពាក្យតាមក្រសួង ស្ថាប័ន និងអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន នៅគ្រប់រាជធានី-ខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបាននូវសេវាសាធារណៈកាន់តែងាយស្រួល និងឆាប់រហ័ស ព្រមទាំងអាចឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេច ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
ម្យ៉ាងវិញទៀត លោកបានបន្ថែមថា ដោយសារតែដំណើរការ នៃការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ ក្រសួងបានបើកឱកាសឱ្យមាននូវកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់យ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានទាំងក្រសួង សា្ថប័នសាធារណៈ ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងបណ្តាអង្គការសង្គមស៊ីវិលជាច្រើន ដែលបានចំណាយពេលច្រើនក្នុងការប្រជុំពិភាក្សាគ្នា។ ម្យ៉ាងវិញទៀត ដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសយើងនាពេលកន្លងមក ទើបធ្វើឱ្យដំណើររៀបចំ និងពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ត្រូវបានពន្យារពេលខ្លះដែរ។ ប៉ុន្តែនេះមិនមែនមានន័យថា កម្ពុជាជាប្រទេសក្រោយគេក្នុងតំបន់ដែលមិនមានច្បាប់នេះនោះទេ។
លោកបានអះអាងថា បើច្បាប់នេះត្រូវបានអនុម័តនៅកម្ពុជា នោះកម្ពុជានឹងក្លាយជាប្រទេសទី៥ នៅក្នុងតំបន់អាស៊ាន ដែលនឹងមានច្បាប់នេះ។
ក្រសួងបានបញ្ជាក់ថា៖ «ក្រសួងព័ត៌មាន បាននិងកំពុងខិតខំពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះជាបន្តបន្ទាប់ និងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣នេះ»៕