ភ្នំពេញៈ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសឱ្យដឹងថា កុមារលេបកាក់ចូលក្នុងបំពង់អាហារអស់រយៈពេល ៣ ខែត្រូវបានសង្រ្គោះឱ្យរួចផុតគ្រោះថ្នាក់ ហើយមូលនិធិបន្តអំពាវនាវ សូមឱ្យបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង។
មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យដឹងថា កុមារាម្នាក់បានលេបកាក់ចូលក្នុងបំពង់អាហារអស់រយៈពេល ៣ខែ ហើយត្រូវបានសង្រ្គោះឱ្យរួចផុតគ្រោះថ្នាក់។ កុមារនេះ មានអាយុ ៣ឆ្នាំ មកពីស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង បានចូលមកសង្រ្គោះបន្ទាន់ បន្ទាប់ពីបានលេបកាក់ចូលក្នុងបំពង់អាហាររយៈពេល ៣ខែ និងដោយឪពុកម្តាយពុំមានលទ្ធភាពធ្វើដំណើរ ទើបគាត់មានការយឺតយ៉ាវក្នុងការមកទទួលការព្យាបាល។
មូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា៖ «កុមាររូបនេះ ត្រូវបានជួយសង្គ្រោះជាបន្ទាន់ដោយក្រុមគ្រូពេទ្យផ្នែកថតឆ្លុះព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដោយជោគជ័យ»។
ជារៀងរាល់ខែ មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំង នៅទូទាំងកម្ពុជា ទទួលពិនិត្យ និងព្យាបាលកុមារជាង ៤ ម៉ឺននាក់ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។ ដូច្នេះ ការចូលរួមបរិច្ចាគពីសំណាក់លោកអ្នកពិតជាមានតម្លៃណាស់ ក្នុងការជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា ដែលជាអនាគតអ្នកបន្តវេនរបស់ប្រទេសជាតិ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូ ដែលរួមមានធនាគារ ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, Cambodian Public និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕