លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ បានជំរុញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន សហការគ្នា ពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ឱ្យបានឆាប់ ដើម្បីជម្រើសសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូន ឱ្យបានកាន់តែច្រើន។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖« ក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ ត្រូវពន្លឿនលើការសិក្សា គម្រោងផ្លូវរថភ្លើងល្បឿនលឿន ដោយអភិវឌ្ឍលើផ្លូវរថភ្លើងដែលមានស្រាប់ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើង គឺជាមធ្យោបាយមួយដែលមានសក្តានុពលខ្លាំងណាស់ សម្រាប់វិស័យដឹកជញ្ជូន មិនត្រឹមតែសម្រាប់ដឹកអ្នកដំណើរប៉ុណ្ណោះទេ តែការដឹកជញ្ជូនទំនិញចំណេញច្រើន។
លោកបានបញ្ជាក់បន្ថែមថា៖«គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត មាននៅក្នុងគម្រោងមេរបស់ក្រសួងទៅហើយ។ ការជំរុញឱ្យពន្លឿនលើការសិក្សាគម្រោងនេះបន្ថែម ពីរាជរដ្ឋាភិបាល ជាដំណឹងល្អខ្លាំងណាស់ សម្រាប់វិស័យឯកជន»។
លោកបានបន្ថែមថា ការដឹកជញ្ជូនតាមផ្លូវថ្នល់ មានតម្លៃថ្លៃ និងពេលខ្លះមានការយឺតយ៉ាវខ្លះដែរ ដូច្នេះ នៅពេលមានការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនឆាប់រហ័ស នឹងអាចជួយកាត់បន្ថយការចំណាយថ្លៃដើមបានច្រើន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជកម្មដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងដែរថា គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ជាគម្រោងដ៏ល្អ ដែលជំរុញឱ្យប្រព័ន្ធសេដ្ឋកិច្ចនៃការដឹកជញ្ជូនកាន់តែមានភាពល្អប្រសើរ ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃការដឹកជញ្ជូនរវាងផ្លូវដែក និងផ្លូវសមុទ្រ ដោយជំរុញឱ្យមានលំហូរសេដ្ឋកិច្ច និងការវិនិយោគ។
លោកបានបញ្ជាក់ថា៖«យើងអាចនិយាយបានថា វាផ្តល់ភាពងាយស្រួលដល់វិនិយោគិនផ្សេងៗដល់គាត់ ចង់មកវិនិយោគនៅកម្ពុជា ព្រោះចរន្តផ្លូវដែកវាជួយសន្សំសំចៃលើវិស័យដឹកជញ្ជូន»៕