​រដ្ឋបាល​ខេត្តតាកែវ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣ បានចេញ​សេចក្ដី​បំភ្លឺថា ករណី​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ មាន​ក្នុងពេលដែល​សមត្ថកិច្ច​ចុះ​រុះរើ​សំណង់​ខុសច្បាប់​នៅ​ជើងភ្នំ​ដំរី​រមៀល គឺ​ដោយសារ​ជំងឺ​គាំងបេះដូង​។ ការបំភ្លឺ​របស់​រដ្ឋបាល​ខេត្ត​នេះ គឺ​ក្រោយ​ពេលដែល មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​មួយចំនួន ជាពិសេស​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហង្ស សំណាង Hang Somnang ដែល​បាន​ផ្សាយ​ថា​“​គួរឱ្យ​សង្វេគ​ណាស់ ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​នៅពេល​សមត្ថកិច្ច និង​លោក​អភិបាលរង​ខេត្តតាកែវ ចុះ​រុះរើ​ដីចម្ការ​របស់គាត់ ដែលនាំឱ្យ​មានការ​យល់​ច្រឡំ​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ចំពោះ​ករណីនេះ​រដ្ឋបាល​ខេត្តតាកែវ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ កម្លាំងចម្រុះ​របស់​រដ្ឋ​បាល​ខេត្តតាកែវ ដោយមាន​ការសម្របសម្រួល​ពី​ព្រះ រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​រុះរើ សំណង់​ខុសច្បាប់​នៅជាប់​ជើងភ្នំ​ដំរី​រមៀល ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​ជួល​ប្រភេទ​គ្រឿងចក្រ ម៉ិច​ស្កា​វា​ទ័​រ ចំនួន ១​គ្រឿង ដោយមាន​ម្ចាស់​ឈ្មោះ សំ វីរៈ និង​ជនរងគ្រោះ​ឈ្មោះ សំ សុខ ជា​កម្មករ ដំណើរការ​នៃ​ការរុះរើ​សំណង់​ខុសច្បាប់​ទាំងនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​ដោយមាន​ការចូល​រួមសហកា​រ​ពី​អ្នកកាន់កាប់​មួយចំនួន​ផងដែរ​។​

​បន្ទាប់ពី​បញ្ចប់​ការរុះរើ​នៅ​ទីតាំង​ខាងលើ កម្លាំងចម្រុះ​បាន​ដក​ចេញពី​ទីតាំង​ខាងលើ ដើម្បី​បន្ត​រុះរើ​ទៅ​ទីតាំង​ផ្សេងទៀត​ដោយ​ជនរងគ្រោះ និង​ម្ចាស់​គ្រឿងចក្រ​ចេញទៅ​តាម​ក្រោយ​។ នៅវេលា​ម៉ោង ១៤៖០០​នាទី ក៏​ទទួលដំណឹង​ថា ជនរងគ្រោះ​មាន​អាការ​វិលមុខ មិន​ស្រួល​ខ្លាំង​ហើយក៏​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​បើទោះបីជា​មានការ​ព្យាយាម​ជួយសង្គ្រោះ​ពី​ម្ចាស់​គ្រឿងចក្រ និង​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ក៏ដោយ​។ ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម អាជ្ញា​ធរមាន​សមត្ថកិច្ច និង​គ្រូពេទ្យ​ជំនាញ បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ពិនិត្យ​សាកសព ដោយ​គ្រូពេទ្យ​ជំនាញ​អះអាងថា ជនរងគ្រោះ​បាន​ស្លាប់ ដោយ​ជំងឺ​គាំងបេះដូង​។

​ក្រោយមក​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​សមត្ថកិច្ច​ក៏បាន​ជូនដំណឹង​ទៅ​ក្រុមគ្រួសារ​សព និង​បាន​ទាក់ទង​ទៅ​រថយន្ត​ពេទ្យ​ដើម្បី​ដឹក​សាកសព​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​ជនរងគ្រោះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ប៉ុន្តែ​ដោយសារ​ពី​មន្ទីរពេទ្យបង្អែក​ទៅ​កន្លែងកើតហេតុ​មាន​ចម្ងាយ​ឆ្ងាយ ដែល​ធ្វើឱ្យ​រថយន្ត​ពេទ្យ​ចំណាយ​រយៈពេល​យូរ ទើប​សាច់ញាតិ​ជនរងគ្រោះ​បាន​ចាត់ចែង​ដឹក​សាកសព​តាម​ម៉ូតូ​ដោយ​ខ្លួនឯង​ទៅ​គេហដ្ឋាន​ដើម្បី​ធ្វើបុណ្យ​មុន ពេល​រថយន្ត​ពេទ្យ​ទៅដល់​។​

​រដ្ឋបាល​ខេត្តតាកែវ បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ សំ សុខ ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កោះ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ហើយ​ពុំមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការកាន់កាប់​ឬ​សាងសង់​សំណង់​ខុសច្បាប់​នៅ​លើដី​របស់​រដ្ឋ​នោះទេ​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន ក៏​ដូច​អ្នកប្រើប្រាស់​បណ្តាញ​សង្គម សូម​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​មូលដ្ឋាន​ច្បាស់លាស់ ចៀសវាង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ពុំមាន​ប្រភព​គ្រប់​ជ្រុងជ្រោយ ដែលនាំឱ្យ​មានការ​ភ័ន្តច្រឡំ​៕